សំណង់​រឹង​មាំ​រំលោភ​ចូល​ក្នុង​សមុទ្រ​មាន​៣​កន្លែង​នៅ​តែ​បន្ត​ការ​សាង​សង់​ដោយ​រំលោភ​ច្បាប់​នៅ​ខេត្ត​កោះ​កុង

ខេត្ត​កោះ​កុង​ ៖ ក្នុង​អឡុង​ពេលច្រើន​ខែ​មក​ហើយ​នៅ​ចុង​ឆ្នាំ​២០១៥នេះ មជ្ឈ​ដ្ឋាន​ប្រជា​ពលរដ្ឋ​ និង​មន្ត្រី​រាជ​ការ​ជា​ច្រើន​បាន​មើល​ឃើញ និង​ធ្វើ​ការ​រិះ​គន់​ត្រង់ៗថា ហេតុ​អ្វីក៏​សំណង់​រឹង​មាំ​​ដូច​ជា​ផ្ទះ​វីឡា​ ផែ​ថ្ម លយ​ចូល​ទៅ​ក្នុង​សមុទ្រ​​ចេះ​តែ​បន្ត​ការ​សាង​សង់​បាន​រហូត​។

ជាក់​ស្តែង​សំណង់​ផ្ទះ​វី​ឡា​មួយ​កំពស់​៣​ជាន់​ស្ថិត​ក្នុង​ភូមិ​២ សង្កាត់​ដង​ទង់ ក្រុង​ខេមរ​ភូមិន្ទ​ ខេត្ត​កោះ​កុង​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា ម្ចាស់​ឈ្មោះ​ដួង ប៊ុន​ធឿន​ ត្រូវ​បាន​សាង​សង់​ដោយ​ពុំ​មាន​ច្បាប់​នៅ​លើ​ដី​មាត់​ឆ្នេរ និង​ចាក់​កំពង់​ផែ​លយ​ចូល​ទៅ​ក្នុង​សមុទ្រ​រាប់​សិប​ម៉ែត្រ​​ទៀត​រហូត​ដល់​ពេល​នេះ​​ការ​សាង​សង់​ក៏​កំពុង​បន្ត​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ​។

លោក​ហាក់ បូរ៉ា នាយ​ការិយា​ល័យ​ភូមិ​បាល​ក្រុង​ខេមរ​ភូមិន្ទ​បាន​ប្រាប់​កោះសន្តិ​ភាព​តាម​ទូរ​ស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ ថា សំណង់​ខាង​លើ​នេះ​ លោក​បាន​ចេញ​លិខិត​ហាម​ឃាត់​ចំនួន​២​លើក​រួច​មក​ហើយ​ឱ្យ​ផ្អាក​ការ​សាង​សង់​ ប៉ុន្តែ​ម្ចាស់​ផ្ទះ​ពិត​ជា​មាន​ការ​រឹង​រូស​ខ្លាំង​ណាស់​ ហើយ​បាន​ធ្វើ​សកម្ម​ភាព​ផ្គើន​នឹង​បំរាម​នេះ​ទៀត​ផង មិន​តែ​ប៉ុណ្ណោះ​លោក​ហាក់ បូរ៉ា ក៏​បាន​រាយការណ៍​ជូន​លោក​ប្រធាន​មន្ទីរ​រៀប​ចំ​ដែន​ដី​នគរូប​នីយ​កម្ម​ សំណង់​ខេត្ត​ហើយ​ដែរ ប៉ុន្តែ​មិន​ដឹង​ថា លោ​ក​ប្រធាន​មន្ទីរ​ចាត់​ការ​បែប​ណា​ទេ បើ​សំណង់​ខាងលើ​ចេះ​តែ​បន្ត​ឥត​ឈប់​សោះ៕