បាក់​ដី​ក្នុង​អណ្តូងរ៉ែ​ថ្លើមថ្ម​មួយ​នៅ​ភូមា​ស្លាប់​ជាង​90​នាក់

កាសែត​ផ្លូវការ​ភូមា GLOBALNEW LIGHT OF MYANMAR រាយការណ៍​ថា មនុស្ស​យ៉ាងតិច​៩០​នាក់​ស្លាប់​កាលពី​ចុង​ស​ប្តា​ហ៍​កន្លង​មកនេះ ដោយសារ​ការ​បាក់​ដី​ក្នុង​អណ្តូងរ៉ែ​ថ្លើមថ្ម​មួយ​នៅ​ភូមា ។ នេះ​ជា​តុល្យការ​ផ្លូវការ​ចេញផ្សាយ​នា​ថ្ងៃ​ទី​២២ វិច្ឆិកា ។ ក្រៅពី​អ្នក​ស្លាប់​មនុស្ស​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន ។

សាកសព​មនុស្ស​យ៉ាងតិច​៣០​នាក់​ត្រូវ​បាន​នាំ​យក​ចេញពី​ទីតាំង​រង​ការ​ប៉ះពាល់​ដោយសារ​ការ​បាក់​ដី​នេះ​ក្នុង​តំបន់ HPAKANT ជា​កន្លែង​យក​ថ្លើមថ្ម​ធំ​មួយ ។ ដី និង​ថ្ម​បាន​សង្កត់​លើ​ខ្ទម​ស្នាក់​នៅ​ជា​ច្រើន ។ គ្រោះថ្នាក់​នេះ​កើត​មាន​កាលពី​រសៀល​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​តំបន់​ដាច់​ស្រយាល​ស្ថិត​នៅ​ជាប់​ព្រំដែន​ជាមួយ​ចិន ។ ដី និង​ថ្ម​បាន​បាក់​សង្កត់​លើ​ខ្ទម​ជា​ច្រើន​សិប ដែល​មនុស្ស​កំពុង​ដេក​លក់ ។ មនុស្ស​ទាំងនេះ​ប្រកប​អាជីវកម្ម​រុករក​ថ្លើមថ្ម ៕