​ក្រុម​ចោរ​​ដែល​ប្លន់ម្ចាស់​​ផ្ទះ​លក់​ថ្នាំ​ពេទ្យ​​ក្រុង​ស្វាយ​រៀង ​​​ប៉ូលិសស្រាវជ្រាវ​ចាប់​បាន​ម្នាក់ហើយ​

ខេត្តស្វាយរៀង​ ៖ ​​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់​ដែល​ជិះ​រថយន្ត​កាម​រី​ចូល​ប្លន់​ផ្ទះ​លក់​ថ្នាំពេទ្យហើយ​​បាញ់​ឲ្យ​រង​របួស​២​នាក់​ឪពុក​និង​​កូន​កាលពីរ​វេលា​ម៉ោង​៦​និង​៥​នាទី​យប់​ថ្ងៃ​ទី​២១​ វិច្ឆិកា​ ២០១៥​ នៅ​​ភូមិ​ចុង​ព្រែក ​សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង នោះ​ ​​បែកធ្លាយ​ថា​ជា​​គំនុំ​​រឿង​​ដីធ្លី​នៅ​ក្រុង​បា​វិតទៅ​វិញ ។ ​

ដោយ​ភាគី​ម្ខាងបាន​​ជួល​ខ្មាន់កាំភ្លើង​ ហើយ​​យក​រថយន្ត​បងប្រុស​ដឹក​ក្រុម​​នេះ​មក​បាញ់​ផ្ទាល់​តែ​ម្តង ​ក៏​ប៉ុន្តែ​មិន​បាន​សម្រេច​ដោយ​ជន​រង​គ្រោះ​ចេះ​ក្បាច់​គុណ​តៃ​ខ្វាន់​ដូ​ខ្សែ​ក្រ​វាត់​៣​ដាន់ ​បាន​តបត​ចាប់​​​​កាំភ្លើង ​តែ​ត្រូវ​​ជន​ល្មើស​​ម្នាក់​ទៀត​​​បាញ់​ទៅ​លើ​ជន​រង​គ្រោះ​​​ និង​​​ត្រូវ​កូនប្រុស​ខាងក្រោយ​ស្រែកយំ​ទើប​ជន​រង​គោះ​លែង​ចោរ ​រួចរ​ត់ទៅ​យក​កូន​រត់​ចូល​ក្នុងផ្ទះ​បិទ​ទ្វារ ​រីឯ​ក្រុម​ខ្មាន់កាំភ្លើង​​ភ័យ​ស្លន់ស្លោ​ក៏​នាំ​គ្នា​រត់​ចូល​រថយន្ត​បើក​គេចខ្លួន​ចោល​គ្នា​ម្នាក់​​ ​។

រហូត​មក​ដល់​​​​រសៀល​ថ្ងៃទី​២២ វិច្ឆិកា នេះ​ ​សមត្ថកិច្ច​បាន​និង​កំពុង​ឆែកឆេរ​លំនៅ​ឋាន​មួយ​កន្លែង​​​ និង​ហៅ​ម្ចាស់ផ្ទះ​សាកសួរ​​ ព្រម​ទាំង​​​​​ចាប់​​ជន​សង្ស័យ​ក្រុម​ចោរ​ប្លន់​​ម្នាក់ ឈ្មោះ សំ ស៊ីនី អាយុ​៣១ឆ្នាំ ​រស់នៅ​ភូមិ​ច្រក​លាវ សង្កាត់​បាវិត ក្រុង​បាវិត ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​រឿង​ប្លន់​​ផ្ទះ​លក់​​ថ្នាំ​ពេទ្យ​ខាង​លើ ​និង​រក​ឃើញ​រថយន្ត​ដែល​ក្រុម​ឃាត​ករ​ជិះ​ធ្វើ​សកម្មភាព​យក​ទៅ​លាក់​ទុ​កនៅ​​ផ្ទះ​បង ហើយ​​រត់គេច​ខ្លួន​​ ​។ ​

​គួរ​រំលឹក​​ថា រឿង​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​៣​នាក់​បាញ់​ឲ្យ​រង​របួស​​​ឪពុក​និង​កូន​ធ្វើ​ឲ្យ​ផ្អើល​ក្រុង​ស្វាយ​រៀង​ ​សំណាងល្អ​ប្លន់​មិន​បាន​អ្វី​ទេ​ ត្រូវ​សមត្ថកិច្ច​មក​អន្តរាគមន៍​ព័ទ្ធ​ទាន់​ពេល​ចាប់​បាន​ក្រុម​ចោរ​​ប្លន់​​ម្នាក់​ ​កាលពីរ​វេលា​ម៉ោង​៦​និង​៥​នាទី​យប់​ថ្ងៃ​ទី​២១ ​វិច្ឆិកា ​២០១៥​ នៅផ្ទះ​លោក​វេជ្ជបណ្ឌិត ​ឈួ​រ សុ​ម៉ា​លី ​ភេទ​ប្រុស​ អាយុ​៤៧​ឆ្នាំ​ លក់​ថ្នាំ​ពេទ្យ​នៅ​ភូមិ​ចុង​ព្រែក​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង​ រង​របួស​ស្មា​ខាងឆ្វេង និង​កូនប្រុស​ឈ្មោះ​ សុ​ម៉ា​លី រតនៈ​ អាយុ​៦​ឆ្នាំ របួស​កែងជើង​ខាងស្តាំ​ ​ចំណែក​ប្រពន្ធ​ឈ្មោះ​ អ៊ឹម​ ហា​យ​សៀវ​ មុខរបរ​គួក​ជេ​ដី​ ។ ចំណែក​ ក្រុម​ចោរ​​ប្លន់​ប្រដាប់​អាវុធ​ជិះ​រថយន្ត​ម៉ាក​កាម​រី​ឆ្លាម​ ព​ណ៌​ខ្មៅ​ មាន​គ្នា៣​នាក់​ ប្រើល្បិច​​​​ទិញ​ថ្នាំពេទ្យ​ម្តង​ទិញ​ឲ្យ​មនុស្ស​ចាស់​ម្តង​ផ្សំ​ឲ្យ​កូនក្មេង​ ​ខណៈ​នោះ​ស្រាប់​​មាន​ម្នាក់​ទាញ​កាំភ្លើងខ្លី​ភ្ជង់​​ប្លន់​​តែ​ម្តង​ ៕​