ចាប់ខ្លួន​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ម្នាក់ ​ប្រចណ្ឌ​ស្រី​ស្នេហ៍​ចាក់សោ​បង្ខាំង​ទុក​ក្នុង​បន្ទប់​ជួល

រាជធានី​ភ្នំពេញ ​៖ ​បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៤ ​និង​៥០​នាទី​ល្ងាច ​ថ្ងៃ​ទី​២១ ​​វិច្ឆិ​កា​ ​២០១៥ ​ពី​បទ​ប្រើ​ហិ​ង្សា​​​​ទៅ​លើ​ស្រី​ស្នេហ៍ និង​ចាក់សោ​បង្ខាំង​នៅ​ក្នុង​បន្ទប់​ជួល​។

​ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊​ន សុ​គុណ​ ភេទ​ប្រុស ​អាយុ​២៨​ឆ្នាំ មុខរបរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ DL មាន​លំនៅ​ផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ​​​លេខ​៣៧៨ ផ្លូវកា​៥ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។ ​ចំណែក​ស្ត្រី​​រងគ្រោះ​​ឈ្មោះ ជឹ​ម ល​ក្ខិ​ណា​ ភេទ​ស្រី អាយុ​២១​ឆ្នាំ មុខរបរ​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣​ បាន​រង​របួស​ស្នាម ហើម ​និង​ជាំមុខ​។

​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​បុរស​រូប​នោះ​ប្រើ​ហិ​ង្សា និង​ចាក់សោ​បង្ខាំង​សង្សារ​ដោយសារ​តែ​ប្រចណ្ឌ​។

​តាម​ព័ត៌មាន​ឱ្យដឹងថា ​ជនសង្ស័យ និង​ស្ត្រី​រូប​នោះ​​បាន​ស្រលាញ់​គ្នារយៈ​ពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ និង​បាន​នាំ​គ្នា​ទៅ​ជួល​​បន្ទប់​លេខ​១២​ ផ្ទះ​លេខ​៣៧៨ ផ្លូវ​k៥ ​ក្រុម​ទី​៨​ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

នៅ​ថ្ងៃ​កើតហេតុ​​វេលា​ម៉ោង​ប្រមាណ​៨​ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ ​​វិច្ឆិ​​កា ជន​សង្ស័យបាន​​ចោទ​សង្សារ​របស់​ខ្លួនថា ​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ថ្មី ក៏មាន​ទំនាស់​ ហើយ​ឈាន​ទៅ​ប្រើ​ហិង្សា បង្ក​របួស​ស្នាម​ និង​ចាក់សោ​បង្ខាំង​សង្សារ​ទុក​ទៅ​ក្នុងផ្ទះ​រួច​គេចខ្លួន​បាត់​។

​នៅ​ព្រឹក​នោះ​បង្ក​ឱ្យមានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​​​ចុះ​ទៅ​បើក​សោរំដោះ​ស្ត្រី​ជាស​ង្សា​រមក​សាកសួរ​។ ​លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​ និង​៥០​នាទី​ល្ងាច​ បុរស​ជាស​ង្សារ​ត្រឡប់​មក​ផ្ទះ​វិញ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​​​តែ​ម្តង​។​ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕​