ជាប់​គុក ២១ ខែ​ ព្រោះ​ចង់​ប្រឆាំង​​ជាមួយ​នឹង ISIS


ជាប់​គុក ២១ ខែ​ ព្រោះ​ចង់​ប្រឆាំង​​ជាមួយ​នឹង ISIS

ក្មេង​ស្រី​អាយុ ១៨ ឆ្នាំ​ម្នាក់​ដែល​មក​ពី​ប្រទេស​អង់គ្លេស ​បាន​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​ខ្លួន​ជាមួយ​ក្រុម​ប្រឆាំង​នឹង ISIS ត្រូវ​បាន​កាត់​ក្ដី​ឲ្យ​ជាប់​គុក​ចំនួន ២១ ខែ។

 

ជាប់​គុក ២១ ខែ​ ព្រោះ​ចង់​ប្រឆាំង​​ជាមួយ​នឹង ISIS
 

Silhan Ozcelik អាយុ ១៨ ឆ្នាំ ត្រូវ​បាន​គេ​ដាក់​ទោស​ក្រោយ​ពេល​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​រួម​ជា​សកម្មជន​របស់​​​គណបក្ស​ពលករ​ឃឺដ PKK។ PKK គឺ​ជា​ក្រុម​ប្រឆាំង​ជាមួយ​នឹង ISIS ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​ប្រាម។ នាង​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា​ ​មាន​បំណង​ចង់​​ធ្វើ​ភេរវកម្ម។

 

តុលាការ​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រត់​ចេញ​ពី​ផ្ទះ នារី​រូប​នេះ​បាន​ទុក​សំបុត្រ​ក៏​ដូច​ជា​វីដេអូ​មួយ​ឲ្យ​គ្រួសារ​របស់​ខ្លួន​ប្រាប់​ថា ​ខ្លួន​នឹង​ធ្វើ​ជា​សកម្មជន​របស់​គណបក្ស​ពលករ​របស់​ជនជាតិ​ឃឺដ។ នៅ​ក្នុង​សំបុត្រ​នារី​វ័យ​ក្មេង​ម្នាក់​នេះ​បាន​សរសេរ​ថា “នេះ​គឺ​ជា​ការ​ជ្រើស​រើស​ដ៏​ត្រឹម​ត្រូវ ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ដែល​បាន​ក្លាយ​ជា​អ្នក​ការពារ​ជាតិ​ម្នាក់”។

 

យ៉ាងណាមិញ​ក្នុង​ការ​តវ៉ា​​របស់​ខ្លួន Silhan បាន​ប្រកែក​ថា​ ខ្លួន​មិន​បាន​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​ចូល​ធ្វើ​ជា​សកម្មជន​អ្វី​នោះ​ទេ គឺ​នាង​រត់​តាម​បុរស​ម្នាក់​ដែល​នាង​ស្រលាញ់​រស់​នៅ​ទី​ក្រុង Brussels (បែលហ្សិក) ទៅ​វិញ។ប្រាប់​ពី​ការ​ភូត​កុហក​នេះ ក្មេង​ស្រី​វ័យ ១៨ ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា “នៅ​ក្នុង​សង្គម​របស់​ជនជាតិ​ឃឺដ បើ​សិន​ជា​អ្នក​ប្រាប់​ថា ​អ្នក​ណា​ចូល​ខ្លួន​ធ្វើ​ជា​សកម្មជន​ គេ​នឹង​មើល​អ្នក​ក្នុង​កែវ​ភ្នែក​កោត​សរសើរ។ ផ្ទុយ​មក​វិញ​បើ​អ្នក​ប្រាប់​ថា ​ខ្លួន​រត់​ចេញ​ពី​ផ្ទះ​ដើម្បី​ទៅ​តាម​ប្រុស​ម្នាក់​នោះ​គឺ​រឿង​អាម៉ាស់​ជា​ទី​បំផុត”។

 

បន្ទាប់​ពី​ធ្វើការ​​កាត់​ក្ដី​អស់​រយៈ​ពេល​ជិត​កន្លះ​ថ្ងៃ លោក​ចៅក្រម John Bevan QC បាន​សម្រេច​ឲ្យ Ozcelik ជាប់​គុក​រយៈ​ពេល ២១ ខែ និង​បាន​និយាយ​ថា “នាង​ពិត​ជា​ល្ងង់ ​ហើយ​នឹង​គ្មាន​ភាព​ស្មោះ​ត្រង់​ទាល់​តែ​សោះ។ នាង​បាន​បោក​ប្រាស់​គ្រួសារ​និង​មនុស្ស​ទាំង​អស់​នៅ​ទី​នេះ”។នៅ​ពេល​ត្រូវ​បាន​សួរ​ពី​កំហុស​របស់​ខ្លួន Ozcelik បាន​និយាយ​ទាំង​សោក​ស្ដាយ​ថា “ខ្ញុំ​ស្ដាយ​ក្រោយ​ចំពោះ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​គ្រប់​យ៉ាង វា​បាន​បង្ក​បញ្ហា​ឲ្យ​គ្រួសារ​របស់​ខ្ញុំ និង​មនុស្ស​ជា​ច្រើន​ទៀត”៕

 

ចុចអាន៖ថ្នាក់​រៀន​មួយ​នៅ​ជប៉ុន​មាន​តុ​ហោះ​ ធ្វើ​ឱ្យ​គ្រប់​គ្នា​ភ្ញាក់​ផ្អើល​ខ្លាំង​

 

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖standard