វាយប្រហារ​ភេរវកម្ម​ក្នុង​សណ្ឋាគារ​មួយ​នៃ​រដ្ឋធានី​ម៉ា​លី​ស្លាប់​​១៩​នាក់

បន្ទាប់​ពី​ការ​ចាប់​ចំណាប់ខ្មាំង​ក្នុង​សណ្ឋាគារ​មួយ​នៃ​រដ្ឋធានី​បា​ម៉ា​កូ​ប្រធានាធិបតី​ម៉ា​លី អំពាវនាវ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ភេរវកម្ម ខណៈ​ប្រទេស​លោក​ទទួល​រង​ចាប់តាំងពី​ជិត​៤​ឆ្នាំ​មក​ហើយ នូវ​ការ​វាយប្រហារ​របស់​ពួក​ជី​ហា​ដ ។

យោង​តាម​ប្រភព​សន្តិសុខ​ម៉ា​លី​ថា ជនសង្ស័យ​៣​នាក់​ទាក់ទិន​នឹង​ការ​វាយប្រហារ​នេះ​ដែរ​កំពុង​តាម​រក​យ៉ាង​សកម្ម ។ ចាប់តាំងពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា មក ការ​ប្រកាស​អាសន្ន​នៅ​តែ​ជា​ធរមាន​សម្រាប់​រយៈពេល​១០​ថ្ងៃ​ក្នុង​ទូ​ទាំង​ប្រទេស​រួច​ចាប់ពី​ថ្ងៃ​ទី​២៣ វិច្ឆិកា ទៅ​មានការ​កាន់ទុក្ខ​ជាតិ​រយៈពេល​៣​ថ្ងៃជា​ការ​គោរព​វិញ្ញាណក្ខន្ធ​ជន​រង​គ្រោះ​ដោយសារ​ការ​វាយប្រហារ​នេះ​ប្រឆាំង​សណ្ឋាគារ RADISSON BLU ក្រុង​បា​ម៉ា​កូ ។ ការ​វាយលុក​ចូល​សណ្ឋាគារ​នេះ​ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​ជី​ហា​ដ AL-MOURABITOUNE ដឹកនាំ​ដោយ​ជនជាតិ​អាល់​ហ្សេ​រី​ឈ្មោះ MOKHTAR BELMOKHTAR ដែល​និយាយ​ថា ធ្វើ​សកម្មភាព​ជាមួយ​ការ​ចូលរួម​របស់​អាល់​កៃ​ដា​នៅ​តំបន់ MAGHREB អ៊ិ​ស្លា​ម (AQMI) ។ ការ​វាយប្រហារ​នេះ​ជាមួយ​ការ​ចាប់​ចំណាប់ខ្មាំង​កើត​មាន​១​ស​ប្តា​ហ៍​បន្ទាប់​ពី​ការ​វាយប្រហារ​ភេរវកម្ម​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៣០​នាក់​នៅ​ក្រុងប៉ារីស ប្រកាស​ទទួលខុសត្រូវ​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ប្រទេស​បារាំង​ចូលរួម​ធ្វើ​អន្តរាគមន៍​យោធា​នៅ​ប្រទេស​ម៉ា​លី ចាប់តាំងពី​ខែមករា ឆ្នាំ​២០១៣ ហើយ​បន្ទាប់​មក​នាំ​ឱ្យ​មាន​អន្តរាគមន៍​យោធា​របស់​អន្តរជាតិ​ចូលរួម​ដោយ​ប្រទេស​ជា​ច្រើន​ក្រោម​អាណត្តិ​របស់ អ​.​ស​.​ប ប្រឆាំង​ក្រុម​ជី​ហា​ដ ។

កាលពី​យប់​ថ្ងៃ​ទី​២០ វិច្ឆិកា ប្រធានាធិបតី​លោក IBRAHIM BOUBACAR KEITA ប្រកាស​ថា ការ​វាយប្រហារ​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១៩​នាក់ របួស​៧​នាក់ ហើយ​អ្នក​វាយប្រហារ​២​នាក់​ត្រូវ​សម្លាប់ ។ ក្នុង​ចំណោម​អ្នក​ស្លាប់មាន​ភ្ញៀវ​ស្នាក់​ក្នុង​សណ្ឋាគារ​១៨​នាក់ ភេរវ​ករ​២​នាក់ និង​តម្រួត​ម៉ា​លី​ម្នាក់ ។ ជនបរទេស​១៤​នាក់​ក្នុង​ចំណោម​អ្នក​ស្លាប់​ពេល​នេះ​កំណត់​ដឹង​អត្តសញ្ញាណ​គឺ​ជនជាតិ​រុ​ស្ស៊ី​៦​នាក់ ចិន​៣​នាក់ បែ​ល​ហ្ស៊ិ​ក​២​នាក់ អា​មេ​រិ​ក​ម្នាក់ សេ​នេ​ហ្គា​ល់​ម្នាក់ និង​អ៊ី​ស្រា​អែ​ល​ម្នាក់ ៕