នារី​អត្តឃាត​៤​នាក់​វាយប្រហារ​នៅ​កា​មី​រូ​ន​ស្លាប់​៩​នាក់

នារី​អត្តឃាត​៤​នាក់​បាន​ធ្វើ​ឱ្យ​គ្រឿងផ្ទុះ​ដាក់​ជាប់​ខ្លួន​ពួក​គេ​ផ្ទុះ​កាលពី​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ​តំបន់​ជាយក្រុង FOTOKOL ចុង​ខាងជើង​ប្រទេស​កា​មី​រូ​ន​ដែល​មាន​សកម្មភាព​ខ្លាំង​របស់​ពួក​អ៊ិ​ស្លា​ម​និយម​ជ្រុល​បូ​កូ​ហា​រ៉ា​ម បណ្តាល​ឱ្យ​ជន​ស៊ី​វិល​ស្លាប់​៥​នាក់ សរុប​៩​នាក់​រួម​ទាំង​ពួក​នារី​អត្តឃាត ។

នារី​អត្តឃាត​ទី​មួយ​បាន​បំផ្ទុះ​គ្រាប់បែក​ក្នុងផ្ទះ​របស់​ប្រធាន​ភូមិ LEYMARIE ជា​ភូមិតូច​មួយ​របស់​កា​មេ​រូ​ន​ស្ថិត​នៅ​ជាយក្រុង FOTOKOL ជិត​ព្រំដែន​ជាមួយ​នី​ហ្សេ​រី​យ៉ា ដោយ​សម្លាប់​បុរស​ម្នាក់​នៅ​នឹង​កន្លែង​រួម​ជា​មួយ​សមាជិកគ្រួសារ​គេ​៤​នាក់ ។ ប៉ុន្មាន​នាទី​ក្រោយមក​នារី​អត្តឃាត​៣​នាក់​ទៀត​បាន​បំផ្ទុះ​គ្រាប់បែក​នៅ​ក្បែរ​កន្លែង​វាយប្រហារ​លើក​ដំបូង ក៏​ប៉ុន្តែ​ពុំ​បណ្តាល​ឱ្យ​មាន​ជន​រង​គ្រោះ​ឡើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​សន្តិសុខ​កា​មេ​រូ​ន​ថា នារី​អត្តឃាត​ទាំង​៤​នាក់​នេះ​សុទ្ធតែ​ជា​យុវនារី​មាន​អាយុប្រមាណ​ជា​១៥​ឆ្នាំ ។ ការ​ផ្ទុះ​លើក​ទី​មួយ​ក៏​បណ្តាល​ឱ្យ​មនុស្ស​យ៉ាងតិច​១០​នាក់​រង​របួស​ផង​ដែរ ។

អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា កងទ័ព​ត្រូវ​បាន​ដាក់​ពង្រាយ​ភ្លាម​ៗ​ក្នុង​តំបន់ ។ គេ​គិត​ថា ក្រុម​បូ​កូ​ហា​រ៉ា​ម​កំពុង​តែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ដោយសារ​វិធានការ​សន្តិសុខ​ម៉ឺងម៉ាត់​នានា ដោយ​ប្រើ​ពួក​ជន​អត្តឃាត​វាយប្រហារ​ដូច​ជា​សំដៅលើ​បណ្តា​សាលារៀន ផ្សារ ព្រះ​វិហារ​អ៊ិ​ស្លា​ម និង​ហាង​នានា ៕