កងកម្លាំងប្រដាប់អាវុធ ចេញ​ឈរជើង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ជូន​គណៈប្រតិភូ​នាយករដ្ឋមន្ត្រី​រុស្ស៊ី​

ភ្នំពេញ: ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ នេះ កម្លាំង​នគរបាល​ចម្រុះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប រួមទាំង​កម្លាំង​នគរបាល​អធិការដ្ឋាន​ក្រុង​សៀមរាប បានចេញ​ការពារ​រក្សា​សន្តិសុខ​សុវត្ថិភាព ជូន​គណៈប្រតិភូ​នាយក រដ្ឋមន្ត្រី​នៃ​ប្រទេស​រុ​ស្ស៉ី រួមទាំង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត ដែល​អញ្ជើញ​មក​ទស្សនកិច្ច ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើតាម​គេហទំព័រ​របស់​នគរ​បាល​ជាតិ​។​

​តាម​កម្មវិធី នាយករដ្ឋមន្ត្រី​រុស្ស៊ី លោក Dmitry Medvedev នឹង​ចុះចត​នៅ​ខេត្តសៀមរាប នា​ម៉ោង ៨ យប់ ថ្ងៃទី​២២​វិច្ឆិកា​នេះ​។ លោកនាយក​រដ្ឋមន្ត្រី​រុស្ស៊ី នឹង​ទៅ​ទស្សនា​ប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និង​ប្រាសាទតាព្រហ្ម នា​ព្រឹក​ថ្ងៃទី​២៣​វិច្ឆិកា​។ នៅ​រសៀល​ថ្ងៃទី​២៣​វិច្ឆិកា លោក​នឹង​ចាក​ចេញពី​ខេត្តសៀមរាប តាម​យន្តហោះ មកកាន់​រាជធានី​ភ្នំពេញ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ បានប្រកាសថា កម្ពុជា​បាន​ប្រើប្រាស់​កងកម្លាំងប្រដាប់អាវុធ រួមមាន ប៉ូលិស ទាហាន និង​ប៉េអឹម សរុប​ជាង ១ ម៉ឺន​នាក់ ដើម្បី​ដាក់ពង្រាយ​តាម​គោលដៅ នៅ​ខេត្តសៀមរាប និង​នៅ​រាជធានី​ភ្នំពេញ ដើម្បី​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​គណៈប្រតិភូ​នាយករដ្ឋមន្ត្រី​រុស្ស៊ី ដែល​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤​វិច្ឆិកា​៕​