យីឌុប​ដឹក​ស្រូវ​បើក​បុក​រះ​ម៉ូតូ និង​រថយន្ត​ដឹក​កម្មករ​៣​គ្រឿងក្រឡាប់​ ស្លាប់​ម្នាក់ របួស​ធ្ងន់​-ស្រាល​៥នាក់

ខេត្តកំពង់ស្ពឺ ៖ ​រថយន្ត​ដឹកស្រូវ​មួយ​គ្រឿង​បាន​បុក​ម៉ូតូ​សេ​១២៥​ចំ​ពីមុខ​ពេញទំហឹង​អូស​ជិត​៥០​ម៉ែត្របណ្តាលឱ្យ​ប្តី​ស្លាប់​ភ្លាម​ៗ​ ចំណែក​ប្រ​ព​ន្ធ​រង​របួសធ្ងន់​ ខ​ណៈជូន​ប្រ​ព​ន្ធទៅ​ធ្វើការ​រោងចក្រ​ ហើយ​រថយន្ត​បង្ក​នោះ​មិន​បាន​ឈប់​ទេ គឺ​បានបន្ថែម​ល្បឿន​ទៅ​បុក​រថយន្ត​៣​គ្រឿង​ទៀតធ្វើ​​ឱ្យ​រថយន្ត​បង្ក​នោះ​ក្រឡាប់​ធ្លាក់​បាវ​ស្រូវ​ពេញ​ផ្លូវ និង​បណ្តាល​ឱ្យ​មនុស្ស​៤នាក់​ទៀត​រង​របួស​ធ្ងន់-ស្រាល។

ក្រោយ​បង្កហេតុ​រួចអ្នកបើកបរ​ត្រូវ​នគរបាល​ចរាចរណ៍​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ដែរ​។

ហេតុ​ការ​ណ៍គ្រោះថ្នាក់​ចរាចរ​ណ៍នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ព្រឹក​ ថ្ងៃ​ទី​២១ វិច្ឆិកា ២០១៥ ​ស្ថិត​នៅ​តាម​ផ្លូវជាតិ​លេខ​៤១​ ចន្លោះ​គីឡូ​លេខ​៣១-៣២ ចំណុច​ក្នុងភូមិ​បឹង​ព័ទ្ធ ឃុំ​ស្តុក ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​យី​ឌុ​ប​ដឹកស្រូវ​មួយ​គ្រឿង​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង លុះ​មក​ចំណុច​កើតហេតុបាន​​ជ្រុល​ទៅ​បុក​ម៉ូតូឌ្រីម​សេ​១២៥​មួយ​គ្រឿង​ជិះ​ដោយ​បុរស​ស្ត្រី​២​នាក់​ពេញ​មួយ​ទំហឹង និង​អូស​ចម្ងាយ​ជិត​៥០​ម៉ែត្រ បណ្តាល​ឱ្យ​ជន​រង​គ្រោះជា​ប្តី​ស្លាប់​នៅ​នឹង​កន្លែង ​ចំណែក​ប្រ​ព​ន្ធ​រង​របួសធ្ងន់​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ​​។

ប្រភព​បន្ត​ថា ​ក្រោយ​បង្ក​ហេតុ​រួច​ រថយន្ត​ដឹកស្រូវ​នោះ​មិន​ព្រម​ឈប់​ដោះស្រាយ​ទេ បាន​បន្ថែម​ល្បឿន​ប្រុង​គេចខ្លួន តែ​បាន​ជ្រុល​ទៅ​បុក​រថយន្ត​កូរ៉េ​៣​គ្រឿង​ទៀតជាបន្តបន្ទាប់​ដែល​កំពុង​ឈប់​ចាំ​ដឹក​កម្មករ បណ្តាល​ឱ្យ​ក្រឡាប់ចាក់​ស្រូវ​រាយ​ប៉ាយ​ពេញ​ផ្លូវ​ ទីបំផុត​អ្នក​បើករថយន្ត​បង្ក​ត្រូវ​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់ឱ្យ​សមត្ថកិច្ច​​​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ម៉​ម សម អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ទួល​ខ្មៀ​ស ឃុំ​ផុង ស្រុក​បរ​សេដ្ឋ ជិះ​ម៉ូតូ​ធុន​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​1AV-1430 ​ចំណែកឯ​ជន​បង្ក​ឈ្មោះ​រឿង តារា អាយុ​៤៤​ឆ្នាំ ជា​អ្នក​បើករថយន្ត​ដឹកស្រូវ​ ពាក់​ស្លាក​លេខ​តាកែវ 3A-2120៕

ព័ត៌​មាន​លម្អិត​នឹង​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះ​សន្តិ​ភាព