មន្ត្រី​ប៉ុស្ដិ៍​លេខ​៥​ខកចិត្ត​ដែល​កីឡាករ​កម្ពុជា​ការពារ​ពាន​ជើងឯក​មិន​បាន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ដ៏​កក្រើក​កាលពី​ថ្ងៃ​សៅរ៍​ទី​២១ វិច្ឆិកា កីឡាករ​ថៃ Weerachai Menayuthin បាន​បំបែក​កំណត់​ត្រា​ដណ្ដើម​បាន​ពាន​ជើងឯក​ដូច​ការ​គ្រោងទុក ក្នុង​ថ្ងៃ​ប្រកួត​បញ្ចប់​កាលពី​ថ្ងៃ​សៅរ៍ ទី​២១ វិច្ឆិកា ម្សិលម្ង៉ៃ ។ លទ្ធផល​នោះ ហាក់​ធ្វើ​ឲ្យ​មន្ត្រី​ទូរទស្សន៍​ប៉ុស្ដិ៍​លេខ​៥​ខកចិត្ត​ផង​ដែរ ក្នុង​ពេល​ដែល​ចំណាត់ថ្នាក់​ជើងឯក គឺ​មិនមែន​ជា​កីឡាករ​កម្ពុជា​ដែល​ខ្លួន​ចង់បាន ។

លោក​សេង ក​ដិ​កា អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ប៉ុស្ដិ៍​លេខ​៥​បាន​អះអាង​ថា ព្រឹត្តិការណ៍​ដណ្ដើម​ពាន​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥ គីឡូក្រាម​ដែល​ទើប​បញ្ចប់ លោក​ចង់​ឃើញ​កីឡាករ​កម្ពុជា​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​មានឈ្មោះ​ចូល​ប្រកួត​គឺជា​អ្នក​កាន់​ពាន​ច្រើន​ជាង ដោយសារ​តែ​ប៉ុស្តិ៍​លេខ​៥​មាន​គម្រោង​ជា​ច្រើន​ប្រសិនបើ​ជ័យជម្នះ​ចុង​ក្រោយ គឺជា​កីឡាករ​កម្ពុជា ។ លោក​ថា ៖«​ប៉ុស្ដិ៍​លេខ​៥​រៀប​កីឡាករ​កម្ពុជា​ដល់​ទៅ​៦​នាក់ ហើយ​ដាក់​កីឡាករ​ថៃ​តែ​ម្នាក់​គឺ​សង្ឃឹមថា បើ​កម្ពុជា​ឈ្នះ គឺ​ប៉ុស្ដិ៍​លេខ​៥​នឹង​បញ្ជូន​ជើងឯក​របស់​ខ្លួន​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​កីឡាករ​ថៃ ហើយ​ផ្សាយ​បន្ត​ផ្ទាល់​ដោយ​ប៉ុស្ដិ៍​ថៃ​មួយ​ដែល​បាន​ព្រមព្រៀង​ពី​បញ្ហា​នេះ ប៉ុន្តែ​ដល់​ពេល​ម្ចាស់​ពាន​គឺជា​កីឡាករ​ថៃ​អ​ញ្ចឹ​ង​អត់​ដឹង​ថា​មានកម្ម​វិធី​ហ្នឹង​ឬ​ក៏​អត់​ទេ​!»​។

លោក​ថា ការ​ដាក់​បេក្ខភាព​កីឡាករ​ថៃ​ម្នាក់ និង​កីឡាករ​អង់គ្លេស​ម្នាក់​ឲ្យ​ប្រកួត​លាយឡំ​នៅ​ក្នុង​ព្រឹត្តិការណ៍​ដណ្ដើម​ពាន​នេះ គឺ​ចង់​ឲ្យ​មានការ​ចាប់អារម្មណ៍​ជាង​ការ​ប្រកួត​ដណ្ដើម​ជើងឯក​កន្លង​មក និង​ចង់​ឲ្យ​កីឡាករ​កម្ពុជា​ដែល​លោក​រំពឹង​តាំងពី​មុន​ថា​នឹង​មាន​ម្នាក់​ឈ្នះ​ពាន ទទួល​បាន​កិត្តិយស កុំ​ឲ្យ​មានការ​ចំអន់​ថា​ឈ្នះ​តែ​គ្នា​ឯង​មិន​មាន​អ្វី​ប្លែក​។ ប៉ុន្តែ​ធាតុ​ពិត​លោក​ចង់​ឃើញ​កីឡាករ​កម្ពុជា​ឯណោះ​ទេ​ក្លាយជា​អ្នក​កាន់​ពាន​ជើងឯក​នៅ​វគ្គ​ចុង​ក្រោយ ។ យ៉ាងណា​ក៏​ដោយ លោក​ថា​មិន​មាន​អ្វី​ទោមនស្ស​នោះ​ទេ​ចំពោះ​ជ័យជម្នះ​របស់​កីឡាករ​ថៃ Weerachai Menayuthin ដែល​ក្លាយជា​បេក្ខភាព​ចុង​ក្រោយ​ក្នុង​នាម​ជា​អ្នក​កាន់​ពាន​វគ្គ​ដំបូង​របស់​ក្រុមហ៊ុន​ស៊ីម៉ង់ត៍​អូដ្ឋ​ដែល​ទើបនឹង​បញ្ចប់​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ខ្ញុំ​ស្ដាយ​ដែល​ការ​ប្រកួត​ហ្នឹង កម្ពុជា​យើង​អត់​បាន​កាន់​ពាន ព្រោះ​បើ​កីឡាករ​យើង​ឈ្នះ គឺ​គាត់​នឹង​កាន់តែ​ល្បី​ជាង​ហ្នឹង ដោយសារ​ប៉ុស្ដិ៍​លេខ​៥​បាន​គិត​រួច​ហើយ​ថា​ឲ្យ​តែ​ខ្មែរ​យើង​ឈ្នះ​គឺ​នឹង​បញ្ជូន​ឲ្យ​ទៅ​ប្រកួត​នៅ​ថៃ ក្នុង​នាម​ជា​ជើងឯក​របស់​ប៉ុស្ដិ៍​លេខ​៥​ភ្លាម ដោយសារ​ប៉ុស្ដិ៍​ថៃ​មួយ​គាត់​បាន​សហការ​ជាមួយ​យើង​អស់ហើយ​សម្រាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​បើ​យើង​មាន​កីឡាករ​កម្ពុជា​បញ្ជូន​ទៅ​មែន​!»​។ យ៉ាងណា​ក៏​ដោយ​លោក​ថា កីឡាករ​កម្ពុជា​នឹង​មានឱកាស​បាន​ក្លាយជា​ម្ចាស់​ពាន​ក្នុង​ការ​ប្រកួត​របស់​ស៊ីម៉ង់ត៍​អូដ្ឋ​នេះ​នា​ពេល​បន្តបន្ទាប់ ដោយសារ​តែ​ក្រោយ​បញ្ចប់​ការ​ប្រកួត​ជើងឯក​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នេះ​ទៅ គឺ​ប៉ុស្ដិ៍​លេខ​៥​នឹង​បើក​ការ​ប្រកួត​ដណ្ដើម​ពាន​ជើងឯក​របស់​ស៊ីម៉ង់ត៍​អូដ្ឋ​ក្នុង​ប្រភេទ​ទម្ងន់​ផ្សេង​ទៀត​ដោយ​មាន​កីឡាករ​បរទេស​២​រូប និង​កីឡាករ​កម្ពុជា​៦​រូប​ប្រកួត​គ្នា​តាម​លំនាំ​តែ​មួយ ។

លោក​មាន​ប្រសាសន៍​ថា​៖ «​វគ្គ​ហ្នឹង​ថៃ​យក​ពាន ប៉ុន្តែ​ខ្ញុំ​ជឿ​ថា​វគ្គ​ថ្មី គឺ​កីឡាករ​កម្ពុជា​នឹង​ប្រឹង​យក​ពាន​វិញ​ម្ដង ហើយ​បើ​ខ្មែរ​យើង​ឈ្នះ​គឺ​ប៉ុស្ដិ៍​លេខ​៥​នឹង​ជំរុញ​ឲ្យ​គាត់​ល្បីឈ្មោះ​តែ​ម្ដង តាម​រយៈ​កិច្ចសហការ​ជាមួយ​សហព័ន្ធ​ថៃ និង​ប៉ុស្ដិ៍​ទូរទស្សន៍​ថៃ​ហ្នឹង ប៉ុន្តែ​អ្វី​ៗ​នៅ​អត់​ទាន់​ដឹង​នោះ​ទេ ព្រោះ​តាម​ឮ​កីឡាករ​ថៃ​ដែល​មក​ប្រកួត​វគ្គ​ថ្មី ក៏​ល្អ​មិន​ចាញ់​អា​ថៃ​ហ្នឹង (Weerachai Me nayuthin)​ដែរ​!» ។

គួរ​បញ្ជាក់​ថា ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង​កីឡាករ វ៉ា​ន់ ចាន់​វ៉េ​ត និង​កីឡាករ​ថៃ Weerachai Menayuthin គឺ​កីឡាករ​ថៃ​បាន​ឈ្នះ​ពិន្ទុ​ដូច​ការ​ប៉ាន់ស្មាន​ទុក ។ ការ​ប្រកួត​ដ៏​ស្វិតស្វាញ​នោះ កីឡាករ​ថៃ​បាន​បង្ហាញ​កណ្ដាប់ដៃ និង​រន្ទះ​ជើង​ខ្លាំង​លើសលប់ វាយ​ឲ្យ វ៉ា​ន់ ចាន់​វ៉េ​ត រាប់​២​ដង​ក្នុង​ទឹក​ទី​២ និង​ម្ដង​នៅ​ទឹក​ទី​៣ ហើយ​ក្នុង​ទឹក​ទី​៤ និង​ទី​៥ កីឡាករ​កម្ពុជា​គឺ​ក្លាយជា​បាវ​សាក់​តែ​ម្ដង ព្រោះតែ​ភាព​ខ្លាំងក្លា​របស់​ថៃ ។ កីឡាករ Weerachai Menayuthin ទទួល​បាន​ទឹកប្រាក់​២.៥០០​ដុល្លារ និង​ពាន​ជើងឯក​មួយ ខណៈ​ដែល វ៉ា​ន់ ចាន់​វ៉េ​ត ចំណាត់ថ្នាក់​លេខ​២ ទទួល​បាន​ទឹកប្រាក់​១.០០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ ។ កីឡាករ ឈាន ហុង ទទួល​បាន​ចំណាត់ថ្នាក់​លេខ​៣​ដោយ​ស្វ័យប្រវត្តិ ដោយសារ​តែ​ជើង​ខ្លាំង ថៃ ប៊ុ​ន​ហាន បាក់ដៃ​បោះបង់​ការ​ប្រកួត ។ ចំណាត់ថ្នាក់​លេខ​៣ ទទួល​បាន​៥០០​ដុល្លារ និង​ពាន​កិត្តិយស​មួយ ហើយ​ចំណាត់ថ្នាក់​លេខ​៤​បាន​៣០០​ដុល្លារ និង​ពាន​មួយ​ដូច​គ្នា ។ លោក សេង ក​ដិ​កា បញ្ជាក់​ថា ប៉ុស្ដិ៍​លេខ​៥​មិន​មាន​គម្រោង​រៀបចំ​ការ​ប្រកួត​រវាង​កីឡាករ Weerachai Menayuthin ដែល​ជា​ម្ចាស់​ជើងឯក និង​កីឡាករ​បរទេស​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ ក្នុង​ពេល​សមាសភាព​ជើងឯក​មិនមែន​ជា​កីឡាករ​កម្ពុជា​តាម​ការ​គ្រោងទុក​បែប​នេះ ៕