ក្រុង​ព្រុ​ច​សែ​ល​ប្រកាស​អាសន្ន​ពេញបន្ទុក​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​ក្រុងប៉ារីស

ទីក្រុង​ព្រុ​ច​សែ​ល​មាន​ទីស្នាក់ការ​អូតង់ និង​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ទី​២១ វិច្ឆិកា ឆ្លងកាត់​ការ​ប្រកាស​អាសន្ន​ភេរវកម្ម​ពេញបន្ទុក​ជាមួយ​ការ​បិទ​មេត្រូ និង​ហាង​នានា ហើយ​កងកម្លាំង​ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាងច្រើន​ខ្លាច​ផ្ទុះ​ការ​វាយប្រហារ​ភេរវកម្ម​ដូច​នៅ​ក្រុងប៉ារីស ខណៈ​ជនសង្ស័យ​គន្លឹះ​ម្នាក់​នៅ​តែ​តាម​រក​ពុំ​ទាន់​ឃើញ។

ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​ខ្លាំង​មួយ រដ្ឋាភិបាល​បែ​ល​ហ្ស៊ិ​ក​កាលពី​យប់​ថ្ងៃ​ទី​២០ មក​២១ វិច្ឆិកា បាន​ដំឡើង​ការ​ប្រកាស​អាសន្ន​ភេរវកម្ម​ដល់​កម្រិត​ទី​៤ សម្រាប់​តំបន់​ក្រុង​ព្រុ​ច​សែ​ល ព្រ​លាន​យន្តហោះ​ទីក្រុង​នេះ និង​សង្កាត់ VILVORDE ជា​កន្លែង​ដែល​មាន​យុវជន​ជា​ច្រើន​នាក់​ប្រកាន់​យកគំនិត​រ៉ា​ឌី​កាល់​និយម ។

នាយក​រដ្ឋមន្ត្រី​បែ​ល​ហ្ស៊ិ​ក លោក CHARLES MECHEL គូសបញ្ជាក់​ក្នុង​ទឹកមុខ​មាំ​ថា ការ​សម្រេចចិត្ត​នេះ​ត្រូវ​បាន​ប្រកាន់​យក​មក​ពី​គ្រោះថ្នាក់​នៃ​ការ​វាយប្រហារ​ភេរវកម្ម​ដូច​ការ​វាយប្រហារ​នៅ​ក្រុងប៉ារីស ជាមួយ​គោលដៅ​សំខាន់​វាយប្រហារ​តាម​បណ្តា​វិ​ថី​ពាណិជ្ជកម្ម លើ​បាតុកម្ម កន្លែង​មាន​មនុស្ស​ច្រើន​កុះករ ព្រមទាំង​ផ្នែក​ដឹក​ជញ្ជូន ។ វិធានការ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​បំផុត​គឺ​ការ​បិទ​រាល់​ស្ថានីយ​មេត្រូ​យ៉ាងតិច​រហូត​ដល់​រសៀល​ថ្ងៃ​ទី​២២ វិច្ឆិកា មុន​ការ​វាយតម្លៃ​ជា​ថ្មី​លើ​សភាពការណ៍​របស់​អាជ្ញាធរ ។ បណ្តា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម រោង​ភាពយន្ត សារមន្ទីរ​ភាគច្រើន​ត្រូវ​បិទ​នា​ថ្ងៃ​ទី​២១ វិច្ឆិកា ។ ផ្សារ ការ​ប្រកួត​កីឡា​ក៏​បិទ​ដែរ នាំ​ឱ្យ​ក្រុង​ព្រុ​ច​សែ​ល​ក្លាយជា​ទីក្រុង​ស្ងាត់ជ្រងំ​មួយ ។ ការ​ប្រគំ​តន្ត្រី​របស់ JOHNNY HALLADAY ក៏​លុប​ចោល​ដែរ​នា​យប់​ថ្ងៃ​ទី​២១ វិច្ឆិកា ក្នុង​ក្រុង​ព្រុ​ច​សែ​ល ដែល​មានការ​ដាក់​ពង្រាយ​កងកម្លាំង​ប៉ូលិស និង​ទាហាន​យ៉ាងច្រើន ៕