រុ​ស្ស៊ី​វាយប្រហារ​ខ្លាំងក្លា​បំផុត​នៅ​ស៊ី​រី ខណៈ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​មួយ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម

ប្រទេស​រុ​ស្ស៊ី​បាន​ទម្លាក់​គ្រាប់បែក​យ៉ាង​ខ្លាំងក្លា​បំផុត​លើ​បណ្តា​ទីតាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​កណ្តាល និង​ភាគ​ខាងកើត​ស៊ី​រី បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជា​ច្រើន​សិប​នាក់ ខណៈ អ​.​ស​.​ប អនុម័ត​ដំណោះស្រាយ​មួយ​ដែល​អនុញ្ញាត​ឱ្យ​ប្រើ​រាល់​វិធានការ​ដែល​ចាំបាច់​ដើម្បី​ប្រឆាំង​អង្គការ​ជី​ហា​ដ ។

លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍​ម៉ា​ន់ នាយក​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​គូសបញ្ជាក់​ថា ការ​វាយប្រហារ​តាម​អាកាស​ជាង​៨០​លើក ភាគច្រើន​របស់​រុ​ស្ស៊ី​សំដៅលើ​បណ្តា​ទីតាំង​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​នៅ​ភាគ​ខាងកើត​ខេត្ត​ហូ​ម ជួយ​ដល់​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​ស៊ី​រី ដែល​ប៉ុនប៉ង​រំដោះ​តំបន់​នេះ​ពី​កណ្តាប់ដៃ​ពួក​ជី​ហា​ដ ។

ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី និង​ស៊ី​រី​សំដៅ​ជា​ពិសេស​តំបន់ PALMYRE និង​ភូមិ​ម៉ា​ហ៊ី​ន ។ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នានា​នៅ​លើ​ដី​ក៏​កើត​មាន​ផង​ដែរ ក្នុង​តំបន់​ជា​ច្រើន​នៅ​ម៉ា​ហ៊ី​ន និង​តំបន់​ជុំវិញ​រវាង​កងទ័ព​ស៊ី​រី និង​ពួក​ជី​ហា​ដ ។

ម្យ៉ាងវិញទៀត នៅ​ភាគ​ខាងកើត​ប្រទេស​ការ​វាយប្រហារ​តាម​អាកាស​របស់​រុ​ស្ស៊ី និង​ស៊ី​រី​នៅ​បន្ត​នា​ថ្ងៃ​ទី​២១ វិច្ឆិកា នៅ DEIR EZZOR បន្ទាប់​ពី​ការ​វាយប្រហារ​តាម​អាកាស​យ៉ាង​ខ្លាំងក្លា​បំផុត​ក្នុង​ខេត្ត​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ចាប់ផ្តើម​ជម្លោះ​នៅ​ស៊ី​រី​ពី​ខែមីនា ឆ្នាំ​២០១១ មក ។

លោក​អាប់​ដែល រ៉ា​ហ៍​ម៉ា​ន និយាយ​ថា មនុស្ស​យ៉ាងតិច​៣៦​នាក់ ក្នុង​នោះ​មាន​កុមារ​១០​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​មនុស្ស​ច្រើន​សិប​នាក់​រង​របួស ក្នុង​ការ​វាយប្រហារ​តាម​អាកាស​ជាង​៧០​លើក កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា ដោយ​កង​យន្តហោះ​រុ​ស្ស៊ី និង​ស៊ី​រី ប្រឆាំង​បណ្តា​មូលដ្ឋាន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​នេះ ។

ខេត្ត DEIR EZZOR ដែល​មាន​ទីតាំង​ប្រេងកាត​ច្រើន​កាន់កាប់​ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​ក៏​ត្រួតត្រា​ផង​ដែរ​មួយ​ផ្នែក​ធំ​នៃ​ទីប្រជុំជន​ខេត្ត​មានឈ្មោះ​ដូច​គ្នា​នេះ លើកលែងតែ​ព្រ​លាន​យន្តហោះ​យោធា និង​សង្កាត់​ទាំងឡាយ​នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ​នេះ​ដែល​ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​កងទ័ព​ស៊ី​រី ។

យោង​តាម OSDH ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​បន្ត​ទៀត​នា​ថ្ងៃ​ទី​២១ វិច្ឆិកា រវាង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម និង​កងទ័ព​រដ្ឋាភិបាល​នៅ​ជុំវិញ​ព្រ​លាន​យន្តហោះ​នោះ បន្ទាប់​ពី​ការ​ប៉ះទង្គិច​គ្នា​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៣០​នាក់ ក្នុង​នោះ​មាន​ពួក​ជី​ហា​ដ​២២​នាក់ ។

ជា​សម្ព័ន្ធមិត្ត​របស់​របប​ស៊ី​រី រុ​ស្ស៊ី​បាន​បង្កើន​ការ​ទម្លាក់​គ្រាប់បែក​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ដោយ​ប្រធានាធិបតី​លោក​វ្ល៉ា​ឌី​មៀរ ពូ​ទី​ន សន្យា​តបត​ចំពោះ​ការ​វាយប្រហារ​ភេរវកម្ម​នាំ​ឱ្យ​ធ្លាក់​យន្តហោះ​រុ​ស្ស៊ី​មួយ​គ្រឿង​នៅ​តំបន់​ស៊ី​ណៃ​អុ​ី​អេ​ហ្ស៊ី​ប​ជា​ស្នាដៃ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​មក ។

ក្រៅពី​ការ​វាយប្រហារ​តាម​អាកាស បណ្តា​នាវាចម្បាំង​រុ​ស្ស៊ី​នៅ​សមុទ្រ​កា​ស្ពី​យែ​ន​បាន​បាញ់​មី​ស៊ី​ល​បណ្តែត​១៨​គ្រាប់​ទៀត​លើ​បណ្តា​គោលដៅ​របស់​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ក្នុង​ខេត្ត​រ៉ា​កា អ៊ីដ​លី​ប និង​អា​ឡែ​ប ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​បណ្តា​មី​ស៊ី​ល​បណ្តែត​ត្រូវ​បាន​រុ​ស្ស៊ី​បាញ់​ចេញពី​សមុទ្រ​កា​ស្ពី​យែ​ន​ក្នុង​ចម្ងាយ​ដល់​ជាង​១.០០០​គីឡូម៉ែត្រ ។

ចាប់តាំងពី​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប្រកាស​ទទួល​ខុស​ត្រូវ​លើ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​ប្រឆាំង​យន្តហោះ​រុ​ស្ស៊ី​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២២៤​នាក់ កាលពី​ថ្ងៃ​ទី​៣១ តុលា និង​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ក្រុងប៉ារីស​ស្លាប់​១៣០​នាក់ កាលពី​ថ្ងៃ​ទី​១៣ វិច្ឆិកា សហគមន៍​អន្តរជាតិ​បាន​សម្រេចចិត្ត​ប្រឆាំង​ក្រុម​នេះ ។

នៅ​ក្រុង​ញូ​វ​យ៉​ក​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​កាលពី​ថ្ងៃ​ទី​២០ វិច្ឆិកា នូវ​ដំណោះស្រាយ​មួយ​ស្នើ​ឡើង​ដោយ​បារាំង ដោយ​អំពាវនាវ​ដល់​បណ្តា​រដ្ឋ​ជា​សមាជិក​ឱ្យ​ចាត់​រាល់​វិធានការ​ចាំបាច់ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​លើ​ដែនដី​ត្រួតត្រា​ដោយ​ក្រុម​នេះ​នៅ​ស៊ី​រី និង​នៅ​អ៊ីរ៉ា​ក់ ៕