អូបាម៉ាសុំធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ​មេដឹកនាំអាស៊ាន​ទាំង១០ ឆ្នាំក្រោយមុនផុតអាណត្តិ

 លោក ប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា បាន​ប្រកាសថា លោកមានផែនការ​អញ្ជើញ​បណ្តា​មេដឹកនាំអាស៊ានទាំង១០ ទៅចូលរួមកិច្ចប្រជុំមួយដែលធ្វើឡើងនៅសហរដ្ឋអាមេរិកឆ្នាំក្រោយ ដើម្បីរឹតបន្តឹងចំណងមិត្តភាព​និងកិច្ចសហប្រ​តិបត្តិការ​រវាង​អាមេរិកនិង​ប្លុកអាស៊ានឲ្យ​កាន់តែរឹងមាំ។ហើយលោកថា ទំនាក់ទំនង​ល្អនេះជួយដល់សន្តិសុខអាមេរិកថែមទៀត។ លោកថា ​បញ្ហា​អស្ថិរភាព​ និងជម្លោះ​មជ្ឈិមបូព៌ាមិនបាន​បង្អាក់​គោលនយោបាយ​​ផ្តោលលើតំបន់អាស៊ាន​របស់​សហរដ្ឋអាមេរិកឡើយ។ 

ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ច្រើន​បន្តបន្ទាប់គ្នា លោក បារ៉ាក់ អូបាម៉ា បានថ្លែងក្នុង​សន្និសីទសារព័ត៌មានក្នុងទីក្រុងកូឡាឡាំពួ ថា លោក​បានអញ្ជើញរាល់មេដឹកនាំបណ្តាប្រទេសអាស៊ាន​ទាំង១០ ទៅកាន់សហរដ្ឋអាមេរិក​ឆ្នាំក្រោយនេះ ដើម្បីជំរុញ​ការរឹតបន្តឹងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាង​តំបន់អាស៊ាននិងអាមេរិកផ្ទាល់។ លោក​ថា ទំនាក់ទំនង​ប្រសើររវាងអាស៊ាន និង​អាមេរិកពិតជាមានសារសំខាន់សម្រាប់​សន្តិសុខរបស់សហរដ្ឋអាមេរិកផ្ទាល់។

ការអញ្ជើញ​មេដឹកនាំ​អាស៊ានទៅកាន់សហរដ្ឋអាមេរិកនេះ ជាយុទ្ធសាស្ត្រមួយក្នុង​គោលនយោបាយផ្តោតលើ​ការកសាងឥទ្ធិពលរបស់អាមេរិកឡើងវិញនៅតំបន់អាស៊ី ហើយ​កិច្ចប្រជុំ​ដែលលោក បារ៉ាក់ អូបាម៉ា ស្នើឡើងនេះនឹង​ត្រូវធ្វើឡើង​ត្រឹមប៉ុន្មានខែប៉ុណ្ណោះ​មុនលោក​ចាក​ចេញ​ពីតំណែង។

ដោយឡែក​លោក អូបាម៉ា សម្រេចអញ្ជើញមេដឹកនាំអាស៊ាននិងធ្វើជាប្រធានកិច្ចប្រជុំ​មេដឹកនាំទាំង១០នៅអាមេរិកខាងមុខនេះ កើតឡើងស្របពេលដែលមាន​ការលើកឡើង​ថា បញ្ហាអស្ថិរភាពនិងជម្លោះប្រដាប់អាវុធ​ជាពិសេស​ការកើនឡើងនៃចលនា​ភេរវកម្ម បាន​បង្អាក់​នយោបាយ​សាងឥទ្ធិរបស់អាមេរិកនៅអាស៊ី។ ដែលនេះវាតម្រូវឲ្យអាមេរិកត្រូវត្រលប់​ទៅ​ផ្តោតលើ​ការដោះស្រាយបញ្ហា​នៅ​តំបន់មជ្ឈិមបូព៌ាវិញម្តង។ ប៉ុន្តែប្រធានាធិបតីអាមេរិក លោក អូបាម៉ា បានសង្កត់ធ្ងន់ហើយថា បញ្ហានៅមជ្ឈិមបូពា៌ មិនមានប៉ះពាល់នយោបាយ​អាមេរិកចំពោះតំបន់អាស៊ីអាគ្នេយ៍ឡើយ។


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​