អាស៊ាន លើក​ពេល​ចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់


មេដឹកនាំ​អាស៊ាន ប្រកាស​ពន្យារពេល​ក្នុងការ​ចរចា​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិ្ច​គ្រប់​ជ្រុងជ្រោយ(RECP) ដែល​កិច្ចព្រមព្រៀង​មួយ​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន។ សេចក្តីប្រកាស​នេះ ធ្វើឡើង​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ជាមួយនឹង​ដៃ​គ​គូសន្ទនា​របស់ខ្លួន​នៅក្នុង​ក្រុង​កូ​ឡា​ឡាំ​ពួរ​ដែល​ម៉ាឡេស៊ី​ធ្វើជា​ប្រធាន។

នៅ​ថ្ងៃអាទិត្យ​ទី២២នេះ លោក ណា​ជីប រ៉ា​ហ្សា​ក់ នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​ជា​ប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​ឆ្នាំ២០១៥ បានប្រកាស​លើក​ពេល​ក្នុង​ចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម RECP ជាមួយនឹង​គូ សន្ទនា​របស់​អាស៊ាន​ទៅ​ឆ្នាំ២០១៦វិញ។ ការលើក​ពេលនេះ ដោយសារតែ​បញ្ហា​ជាច្រើន​ដែល​រដ្ឋ​អាស៊ាន និង ដៃគូ​សន្ទនា​របស់ខ្លួន មិនទាន់​ដោះស្រាយ និង​ទាមទារ​ការចរចា​រយៈ​ពេល​វែង។

ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​ក្នុង​តំបន់ ឬ​ហៅ​កាត់​ថា RECP (Regional Comprehensive Economic Partnership) គឺ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​មួយ​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន និង​លើក​ចរចា​ជា​ផ្លូវការ​ក្នុង​ឆ្នាំ២០១២ក្នុងឱកាស​កម្ពុជា​ធ្វើជា​ប្រធាន​អាស៊ាន។ កិច្ចព្រមព្រៀង​ដែលមាន​ទំហំ ពាណិជ្ជកម្ម​ស្មើនឹង៣០ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​របស់​ពិភពលោក បង្កើតឡើង​ដើម្បី​ប្រែក្លាយ​តំន​បន់​រដ្ឋ​អាស៊ាន និង​ដៃគូ​សន្ទនា​របស់ខ្លួន​ក្លាយជា​តំបន់​ពាណិជ្ជកម្ម​សេរី។ ភាគី​នៃ​កិច្ចព្រមព្រៀង រាប់បញ្ចូល​សមាជិក​អាស៊ាន​ទាំង​ដប់ និង ដៃគូ​សន្ទនា​ផ្សេងទៀត​រួមមាន​ចិន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា អូស្ត្រាលី និង ណូ​វែ​ល​ហ្សេ​ឡង់។

យ៉ាងណាក៏ដោយ ការចរចា RECP ដែល​រំពឹងថា​នឹងត្រូវ​បញ្ចប់​នៅ​ឆ្នាំ២០១៥នេះ ត្រូវបាន​ពន្យារពេល ទៅ​ឆ្នាំ២០១៦វិញ។ ដោយយោង​តាម​សេចក្តីថ្លែងការណ៍​រួម​របស់​ភាគី​នៃ RCEP ៖ « យើង​ទន្ទឹងរង់ចាំ ក្នុងការ​បញ្ចប់​នៃ​ការចរចា​លើ RCEP នៅ​ឆ្នាំ២០១៦ ដើម្បី ជាការ​ឆ្លើយតប​ទៅនឹង​សមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់​និង​សកល ផ្តល់នូវ​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រកបដោយ​សមធម៌ និង រឹតបន្តឹង​កិច្ចសហប្រតិបត្តិការ​ស​ដ្ឋ​កិច្ច​ផងដែរ»។

ជុំវិញ​នៃ​ការពន្យារពេល​នេះដែរ លោក ណា​ជីប បាន​លើកទឹកចិត្ត​ចំពោះ​កិច្ចប្រឹងប្រែង​របស់​ភាគី​ទាំងអស់​កន្លងមក តែ​ក៏បាន​អះអាងថា វា​មាន​កត្តា​ប្រឈម និង ការតភ្ជាប់​ទំនាក់ទំនង​បែប​ស្ថាបនា​ជាច្រើន ដែល​ភាគី​នៃ​កិច្ចព្រមព្រៀង ត្រូវ​ចំណាយពេល​ក្នុងការ​បញ្ចប់​ដំណាក់កាល​ចរចា។

តាមពិតទៅ​មូលហេតុ​មួយ​ដែល​គេ​ក្រលេក​មើលឃើញ​ក្នុងការ​ពន្យារ​ពេលនេះ នោះ​គឺ​វា​អាច​ជាប់ទាក់ទង​ទៅនឹង​ការប្រកួតប្រជែង​រវាង​កិច្ចព្រមព្រៀង​ដែល​ដឹកនាំ​ដោយ​អាមេរិក​ពោលគឺ​កិច្ចព្រមព្រៀង​ភាពជា​គូ​ដៃ​អន្តរ​ប៉ាស៊ីហ្វិក​ដែល​រាប់បញ្ចូល​រដ្ឋ​អាស៊ាន​បួន​នៅក្នុង​នោះ និង​ទើបតែ​ទទួលបាន​ហត្ថលេខា​ពី​រដ្ឋ​ភាគី​ទាំង១២របស់ខ្លួន។ រដ្ឋ​អាស៊ាន​ទាំង​បួន​រួមមាន ព្រុយ​ណេ ម៉ាឡេស៊ី សិង្ហ​បុរី និង វៀតណាម។ ក្នុងនេះ មានន័យថា​រដ្ឋ​អាស៊ាន មួយចំនួន អាច​នៅមាន​ភាពស្ទាក់ស្ទើរ ព្រោះ​វា អាច​នឹងធ្វើ​ឲ្យ​មាន​ស្តង់ដារ​ពីរ​ជាន់​ក្នុងការ​អនុវត្ត​តំបន់​ពាណិជ្ជកម្ម​សេរី៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​