ពលរដ្ឋ​នាំ​គ្នា​ព័ទ្ធ​របង​យក​ដី​ធ្វើ​កម្មសិទ្ធិ​នៅ​ចង្កេះ​ភ្នំ​ក្រាំង​ដី​មាស​ខេត្ត​កំពង់ឆ្នាំង

ពលរដ្ឋ​មួយ​ចំនួន​នៃ​ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង បាន​ត្រួសត្រាយ​ព្រៃ ឬ​ធ្វើ​របង​ព័ទ្ធ​ដី​នៅ​តាម​ចង្កេះ​ភ្នំ និង​ជើង​ភ្នំ​ក្រាំង​ដី​មាស ទៅ​ធ្វើ​ជា​កម្មសិទ្ធិ។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា ដី​ដែល​ពលរដ្ឋ​នាំ​គ្នា​ចូល​ទៅ​ហ៊ុមព័ទ្ធ​នោះ ពុំ​មាន​ប្លង់ ឬ​ពុំ​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ទេ។

ដី​ភ្នំ​នៅ​ប៉ែក​ខាង​ត្បូង និង​ខាង​លិច​នៃ​ភ្នំ​ក្រាំង​ដី​មាស មាន​បង្គោល​ឈើ​គ្រាក់​ព័ទ្ធ​ដោយ​លួស​បន្លា និង​ខ្លះ​បាន​ឈូស​ឆាយ​ដាំ​ដើម​ចេក ដំឡូងមី និង​ស្វាយ​រួច​ហើយ។ ក្រុម​ពលរដ្ឋ​ដែល​មាន​ដី​នៅ​ទីនោះ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា ថា ត្បិត​ដី​ពួក​គាត់​គ្មាន​ប្លង់ ប៉ុន្តែ​បាន​កាប់​ព្រៃ និង​កាន់​កាប់​ដី​នោះ​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​មាន​ពលរដ្ឋ​ខ្លះ​ចង់​លក់​ដី​នោះ​បន្ត​ទៅ​ឲ្យ​ម្ចាស់​ផ្សេង​ដែល​មក​ពី​ក្រៅ​តំបន់ ដូចជា អ្នក​មក​ពី​ភ្នំពេញ ជាដើម។

ស្ត្រី​ម្នាក់​វ័យ​ប្រមាណ ៥០​ឆ្នាំ ដែល​ថ្លែង​ក្នុង​លក្ខខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង​បញ្ជាក់​ថា រូប​គាត់ និង​ប្ដី បាន​ចូល​កាប់​រាន​ដី​ភ្នំ​នេះ​នៅ​មុន​ឆ្នាំ​២០០០ ហើយ​បាន​ព័ទ្ធ​របង​នៅ​ឆ្នាំ​២០១៣។ លោកស្រី​ថា គ្រួសារ​គាត់​ចំណាយ​កម្លាំង និង​ប្រាក់​ច្រើន​ដែរ​ក្នុង​ការ​ទិញ​បង្គោល​ឈើ​គ្រាក់ និង​លួស​បន្លា​ធ្វើ​ជា​របង ព្រម​ទាំង​ថ្នាំ​បាញ់​ឲ្យ​វល្លិ ឬ​កូន​ឈើ​តូចៗ​ងាប់ ទើប​បច្ចុប្បន្ន​គាត់​ចង់​លក់​ដី​នេះ​មួយ​ផ្នែក។

អភិបាល​ស្រុក​រលាប្អៀរ ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ស្រុក លោក សោម វឺន ស្ទាក់ស្ទើរ​ក្នុង​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ រួច​ក៏​ចុច​ផ្ដាច់​ទូរស័ព្ទ។ ចំណែក​អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ដីធ្លី លោក ចេង ញ៉ាន់ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​តាម​ទូរស័ព្ទ​បាន​នៅ​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា។

យ៉ាង​ណា មេ​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី លោក ឡេង ហេង បញ្ជាក់​ថា បច្ចុប្បន្ន​មាន​អ្នក​ភូមិ​របស់​លោក​ប្រមាណ ៣០​គ្រួសារ បាន​ចូល​ទៅ​ចាប់​ដី​នៅ​ជើង​ភ្នំ​ក្រាំង​ដី​មាស ដែរ ប៉ុន្តែ​មាន​សង់​ផ្ទះ​ចំនួន ៦​ខ្នង​ប៉ុណ្ណោះ។ លោក​ថា អាជ្ញាធរ​មិន​អាច​ហាម​ឃាត់​ពលរដ្ឋ​ឈ្នះ ដោយ​ពួក​គាត់​ភាគ​ច្រើន​ចូល​កាប់​ឧស បោច​វល្លិ ឬ​ជីក​ដី​ពី​ភ្នំ​ទៅ​ធ្វើ​ក្អម​ឆ្នាំង ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ពួក​គាត់៖ «បើ​យើង​ហាម​ឃាត់ គាត់​ក៏​ហាម​អត់​កើត ព្រោះ​វា​អត់​លូក​ទៅ​ដល់​ចង្កេះ​ភ្នំ តែ​វា​មាន​តិចតួច។ ការ​ចាប់​នេះ គឺ​គាត់ (ពលរដ្ឋ) ចេះ​តែ​ចាប់​ទៅ​ទេ ឲ្យ​យើង​ចេញ​ជា​លក្ខណៈ​ស្រប​ច្បាប់ គឺ​ច្បាប់​គេ​មិន​ឲ្យ​យើង​ចាប់​យក​ទេ​ដី​នេះ»

ភ្នំ​ក្រាំង​ដី​មាស លាត​សន្ធឹង​ពី​កើត​ទៅ​លិច ហើយ​ឋិត​នៅ​ជាប់​ទឹក​ដី​រដ្ឋបាល​ឃុំ​ចំនួន​បី នៃ​ស្រុក​រលាប្អៀរ។ ក្រុម​ពលរដ្ឋ​អះអាង​ថា កន្លង​ទៅ អាជ្ញាធរ​មូលដ្ឋាន​តែង​តែ​ហាម​ឃាត់​សកម្មភាព​ចូល​កាប់​រាន ឬ​ចាប់​យក​ដី​នេះ​ដែរ ប៉ុន្តែ​បច្ចុប្បន្ន​នៅ​តែ​មាន​ពលរដ្ឋ​ពី​តំបន់​ផ្សេងៗ​ចូល​កាន់​កាប់ ជាពិសេស​អ្នក​ភូមិ​អណ្ដូងឫស្សី នៃ​ឃុំ​ស្រែថ្មី និង​ភូមិ​ត្រពាំងពោធិ៍ ឃុំ​ពង្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។