កាលវិភាគ​អាហារ​សុខភាព​

Sanofi

*​គន្លឹះ​ទី ១

​ត្រៀម​អាហារ​សម្រាប់​ទទួលទាន​ដោយ​ខ្លួនឯង ៖ អ្នក​គួររៀបចំ​តារាង​ពេលវេលា​ទទួលទាន​អាហារ​ប្រចាំ​សប្តាហ៍ ថា​តើ​គួរ​ញ៉ាំ​អ្វី​ក្នុង​ថ្ងៃ​ណា ដើម្បីឱ្យ​រាងកាយ​ទទួលបាន​អាហារូបត្ថម្ភ​គ្រប់គ្រាន់ ។ តួយ៉ាង​អ្នក​គួរ​ចាប់ផ្តើម​ចម្អិនម្ហូប​ញ៉ាំ​នៅផ្ទះ​ដោយ​ខ្លួនឯង​ឱ្យបាន​ញឹកញាប់​ជាង​ញ៉ាំ​ក្រៅ​ផ្ទះ បញ្ចូល​អាហារ​សុខភាព​ទៅក្នុង​នោះ ដូចជា​ញ៉ាំ​បន្លែ​មាន​ជាតិ​ប្រេង​ជាជាង​ញ៉ាំ​សាច់​ជាប់​ខ្លាញ់​ផ្តោតលើ​គុណភាព​អាហារ​ពេល​ទិញ​ម្ហូប​ពី​ផ្សារ ហើយ​កុំ​ភ្លេច​ផឹកទឹក​ឱ្យបាន​គ្រប់គ្រាន់​ផង ។

*​គន្លឹះ​ទី ២

កំណត់​កម្រិត​អាហារ​ដែល​អ្នក​ចូលចិត្ត និង មិន​ចូលចិត្ត ៖ មានន័យថា អ្នក​មិនចាំបាច់​តម​អាហារ​ដែល​អ្នក​ចូលចិត្ត ហើយ​ញ៉ាំ​តែ​បន្លែ និង ផ្លែឈើ​ជំនួស​ទេ គឺ​អ្នក​អាច​កាត់បន្ថយ​បន្តិច​ម្តងៗ ព្រោះ​អារម្មណ៍​ពេញចិត្ត​នឹង​អាហារ​ក៏​ផ្តល់​ផល​ល្អ​ចំពោះ​ការទទួល​ទាន និង ការ​ស្រូបយក​ជីវជាតិ​ទៅ​ផ្គត់ផ្គង់​សរីរាង្គ​នានា​ដែរ ។ អ្នក​គួរ​ប៉ាន់ប្រមាណ​ក្រពះ​ខ្លួនឯង ដោយ​មិនគួរ​បន្ត​ទទួលទាន​តាម​មាត់​ឆ្ងាញ់​ទាំង​ពោះ​ឆ្អែត​ហើយ​នោះទេ ។ មួយវិញទៀត​អ្នក​គួរ​រកគ្នា​ញ៉ាំ​ជាមួយ ដើម្បី​បង្ក​បរិយាកាស​រីករាយ​ក្នុង​ក្រុមគ្រួសារ ឬ ចង្កោម​មិត្តភក្តិ ហើយ​ចៀសវាង​ទទួលទាន​បណ្តើរ​មើល​ទូរទស្សន៍ ឬ ប្រើ​កុំព្យូទ័រ​បណ្តើរ​។

*​គន្លឹះ​ទី ៣

បន្លែ និង ផ្លែឈើ ៖ សូម​កុំភ្លេចថា កាឡូរី និង សារធាតុចិញ្ចឹម​ដ៏​សម្បូរបែប​នៃ​បន្លែ និង ផ្លែឈើ​មានគុណ​ប្រយោជន៍​ទ្វេដង​លើស​អាហារ​កែច្នៃ ។ ជាតិ​ផ្អែម​នៃ​ផ្លែឈើ​មិនមាន​ផលប៉ះពាល់​ចំពោះ​សុខភាព​ទេ ចំណែក​ជាតិ​កាក​សរសៃ​វិញ​ជួយ​ដល់​ការរំលាយ​អាហារ​បាន​ទៀតផង ។ ក្រៅពីនេះ​នៅមាន​វីតាមីន និង សារធាតុ​រ៉ែ​ចម្រុះ កាល់ស្យូម ម៉ាញេស្យូម ដែក ប៉ូ​តា​- ស្យូ​ម ស័ង្កសី វីតាមីន A C E និង K ដែល​សុទ្ធសឹង​ជួយ​ប្រឆាំងនឹង​អុកស៊ីដកម្ម និង បំបាត់​អាការ​រលាក​នានា​។ ដូចគ្នា​ដែរ​ពពួក​ធញ្ញជាតិ​ជួយផ្តល់​ថាមពល​ដល់​រាងកាយ និង សារធាតុ​ប្រឆាំងនឹង​ជំងឺ​បេះដូង​មហារីក និង ជំងឺ​ទឹកនោមផ្អែម​។

*​គន្លឹះ​ទី ៤

​ប្រយ័ត្ន​ចំពោះ​អាហារ​ខ្លាញ់ ៖ អ្នក​គួរ​យល់​ដឹងថា​ខ្លាញ់​ណា​ល្អ​ចំពោះ​សុខភាព ហើយ​ខ្លាញ់​ណា​ដែល​មិន ល្អ ។ ខ្លាញ់​ដែល​ល្អ គឺ​ខ្លាញ់​ងាយ​រលាយ ដូចជា ប្រេង​រុក្ខជាតិ និង ពពួក​អាស៊ីដ​ខ្លាញ់ (​អូ​មេ​ហ្គា ៣ និង អូ​មេ​ហ្គា ៦ ) ដែលមាន​ក្នុង​សាច់​ត្រី ។ដោយឡែក​ខ្លាញ់​មិន ល្អ​គឺជា​ខ្លាញ់​ឆ្អែត (​មិន​ងាយ​រលាយ​) និង ខ្លាញ់​កែច្នៃ ដែលមាន​ក្នុង​សាច់ ផលិតផល​ចម្រាញ់​ពី​ទឹកដោះគោ នំ​ឧស្សាហកម្ម ស្ករ​គ្រាប់ អាហារ​បំពង អាហារ​ដុត និង​អាហារ​កែច្នៃ​សម្រាប់​ទុក​បានយូរ​ផ្សេងៗ ។

*​គន្លឹះ​ទី ៥
ទទួលទាន​សាបៈ មានន័យថា​កុំ​ប្រៃ​ពេក និង មិន​ផ្អែម​ពេក ។ ប្រសិនបើ​អ្នក​មិនអាច​ធ្វើបាន​ភ្លាមៗ ក៏​គួរ​កាត់បន្ថយ​បន្តិច​ម្តងៗ ពុំ​នោះទេ​អ្នកនឹង​ប្រឈម​នឹង​ជំងឺ​ដូចជា ជំងឺ​បេះដូង ស្ត្រូ​ក ជំងឺ​តម្រងនោម បាត់បង់​ការចងចាំ ជំងឺ​សរសៃឈាម ទឹកនោមផ្អែម ជាដើម​។

*​គន្លឹះ​ទី ៦

​អាហារ​សម្បូរ​កាល់ស្យូម ៖ ក្រៅពី​ជួយ​ឆ្អឹង កាល់ស្យូម​នៅ​ជួយ​ដល់​ធ្មេញ ប្រព័ន្ធ​ប្រសាទ និង ជួយ​បេះដូង​ទៀតផង​។ ប្រសិនបើ​រាងកាយ​ទទួលបាន​កាល់ស្យូម​មិន​គ្រប់គ្រាន់​រាងកាយ​នឹង​ស្រូបយក​កាល់ស្យូម​ពី​ធ្មេញ និង ឆ្អឹង ហើយ​ធ្វើឱ្យ​ឆ្អឹង និង ធ្មេញ​ងាយ​នឹង​ពុក​មុន​អាយុ ។ អាហារ​សម្បូរ​កាល់ស្យូម​មានដូចជា ទឹកដោះគោ​ស្រស់ បន្លែ​បៃតង​(​ស្ពៃ​) និង ពពួក​សណ្តែក​។

*​គន្លឹះ​ទី ៧

ប្រូតេអ៊ីន ៖ ប្រូតេអ៊ីន​ប្រៀបដូចជា​អាវុធ​មុខ​ពីរ ប្រសិនបើ​បរិភោគ​ច្រើនពេក​អាច​ប៉ះពាល់​ដល់​សុខភាព តែបើ​មិន​បរិភោគ​ធ្វើឱ្យ​ខ្វះ​ជីវជាតិ ។ ដូចនេះ​គួរ​ទទួលទាន​អាហារ​ដែល​សម្បូរ​ប្រូតេអ៊ីន តែ​គ្មាន​ខ្លាញ់ ដូចជា សណ្តែក គ្រាប់​ធញ្ញជាតិ និង ផ្លាស់ប្តូរ​អាហារ​សាច់​បំពង​មកជា​អាហារ​ចំហុយ​ឬ​អាំង​វិញ ៕ លក្ខិណា


​ ​ ​ ​ ​ ​ ​ ​ ​ ​

Related