លោកឧកញ៉ា សៀង ណាំ ​​ប្រគល់​អណ្តូងទឹក​ស្នប់​​​៩០​ដល់​​ពលរដ្ឋ​​ស្រុក​បន្ទាយស្រី

ខេត្តសៀមរាប ​៖ ​លោកឧកញ៉ា សៀង ណាំ ​តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​ និង​ជាប្រធាន​កិ​តិ្ត​យស​សមាគម​​ជួយ​ទ្រទ្រង់​ផ្នែក​អប់រំ​ និង​សុខភាព​ដល់​ប្រជា​ជនកម្ពុជាបាន​ដឹកនាំ​សមាជិក​​សមាគម​​មក​ពីប្រទេស​ជប៉ុន​ជូ​ប​សំណេះសំណាល​ និង​ប្រគល់​អណ្តូងទឹក​ស្នប់ចំនួន​៩០​អណ្តូង​ និង​ពិ​និ​ត​ព្យាបាល​មាត់​ធ្មេញជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ជ័យ ឃុំ​រុន​តា​ឯក ស្រុក​បន្ទាយស្រី​ ​​រយៈពេល​៣​ថ្ងៃ​ ចាប់ពី​ថ្ងៃ​ទី​២០​-២២​​ វិ​ច្ចិ​កា ​២០១៥​ ។

លោកឧកញ៉ា សៀង ណាំ បានឱ្យ​ដឹង​ថា​ ​ឆ្នាំនេះក្រុម​ប្រតិភូ​នៃ​សមាគម​​​ជួយ​ទ្រទ្រង់​ផ្នែក​អប់រំ ​និង​សុខភាព​ដល់​ប្រជាជនកម្ពុជា​មក​ពី​ប្រទេស​ជប៉ុន​ដឹកនាំ​ដោយ​លោក តា​គូជិ ​និង​លោក តា ​គីសាវ៉ា បាន​មក​ប្រទេស​កម្ពុជា​ជួយ​ឧ​ប​ត្ថ​ម្ភ​អណ្តូងទឹក​ស្នប់​ចំនួន​៩០​អណ្តូង​ និង​ដឹកនាំ​ក្រុម​ទន្តពេទ្យ​ចំនួន​៦០​​រូប​ មក​ជួយ​ពិនិត្យ​ និង​ព្យាបាល​មាត់​ធ្មេញ ជូន​ប្រជាពលរដ្ឋ​​​​ខេត្តសៀមរាប​ ។​

ដោយឡែក​ អណ្តូងទឹក​ស្នប់​ចំនួន​៩០​អណ្តូង ​គឹ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៥​ភូមិ ​រួម​មាន​​ ១-ភូមិ​ពាក់​ស្នែង​ចំនួន​៣០អណ្តូង​​ ២-ភូមិ​ជ័យ​ចំនួន១៥​អណ្តូង ៣-ភូមិ​រុន​ចំនួន១៥​អណ្តូង ៤-ភូមិ​តានី​ចំនួន១៥អណ្តូង​ និង៥-ភូមិ​ថ្នល់​១៥​អណ្តូង ​។

លោកឧកញ៉ា សៀង ណាំ ​បាន​បញ្ជាក់​​ថា គិត​មក​ដល់​ពេល​នេះ​ គឹ​មាន​រយៈពេល​១៥​ឆ្នាំ​មក​ហើយ ​ដែល​សមាគម​​ជួយ​ទ្រទ្រង់​អប់រំ និង​សុខភាព ដល់​ប្រជាជនកម្ពុជា​នេះ​បាន​បំពេញ​កិច្ចការ​ និង​ជួយ​ឧបត្ថម្ភ​យ៉ាង​ធំធេង​ចំពោះ​​ពល​រដ្ឋ​​ខេត្តសៀមរាប ​រួម​មាន អគារសិក្សា​២៣​ខ្នង​ ស្មើ​​១១២​បន្ទប់ ក្នុង​នោះ​បង្កើត​ជា​អនុទ្យា​ល័យ​បាន​៤​កន្លែង ​រួម​និង​សម្ភារសិក្សា​មួយ​ចំនួន​ធំ​ទៀត ​​ហើយ​ក៏​​បាន​កសាង​អណ្តូងទឹក​ស្អាត ដែល​ជា ប្រភេទ​អណ្តូងស្នប់​ខ្នាត​តូច​​​ចំនួន​២.៦៦០​អណ្តូង និង​អណ្តូងទឹក​ស្នប់​ខ្នាត​ធំ មាន​បំពាក់​ម៉ាស៊ីនបូមទឹក អាង​ទឹក និង​បណ្តាញ​ចែកចាយ​ទឹក​ស្អាត​​១​កន្លែង នៅ​ក្នុង​ឃុំ​ស​ង្វើ​យ​ ។ ជាមួយ​គ្នា​នោះ​ដែរ​ សមាគម​​​បាន​ដឹកនាំ​ក្រុម​ទន្តពេទ្យ​មក​ជួយ​ពិនិត្យ​និង​ព្យាបាល​​ជំងឺមាត់​ធ្មេញ ជូន​ប្រជាពលរដ្ឋ​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​ ។​

លោកឧកញ៉ា​ សៀង ណាំ ក្នុង​នាម​ប្រជាពលរដ្ឋ​ខេត្តសៀមរាប​បាន​កោតសរសើរ​ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក តា គូ​ជិ និង​លោក តា គី​សាវ៉ា ព្រមទាំង​សមាជិក​​សមាគម​​​​មក​ពី​ប្រទេស​ជប៉ុន​ទាំ​អស់​ ដែល​បាន​ចំណាយ​ពេលវេលា​និង​ថវិកា​មក​ជួយ​ដល់​ប្រជាជន​កម្ពុជា​ ​៕​