លោក សម រង្ស៊ី ​បញ្ជាក់ជាថ្មីថា​មូលហេតុដែលលោក​លើកពេលចូលស្រុក​ដោយសារបារម្ភ​ពីអំពើហិង្សា

រាជធានីភ្នំពេញ​ ៖ ប្រធាន​គណបក្សសង្គ្រោះជាតិ ​លោក សម រង្ស៊ី ​បានសរសេរនៅលើ​បណ្តាញទំនាក់ទំនងសង្គម( Facebook)​ ​ផ្លូវការរបស់លោកបង្ហោះនៅ​ប៉ុន្មាននាទី​​មុននេះមានខ្លឹមសារ​ទំាងស្រុងថា ​"មូលហេតុដែលតម្រូវ​ឲ្យខ្ញុំប្រែប្រួលគម្រោង​វិលត្រឡប់មកប្រទេសកម្ពុជាវិញ ​នៅរាត្រីថ្ងៃទី ​១៦ ខែវិច្ឆិកា ​ឆ្នាំ ២០១៥ ៖

១- នៅរសៀលថ្ងៃទី​ ១៦ វិច្ឆិកានោះ​ ថ្នាក់ដឹកនាំ​គណបក្សសង្រ្គោះជាតិទាំងមូល ​នៅប្រទេសកម្ពុជា ​ក្នុងនោះមានតំណាងរាស្ត្រ​ និងសមាជិកព្រឹទ្ធសភាទាំងអស់​ បានជួប ជុំគ្នាហើយសម្រេច​ជាឯកច្ឆ័នស្នើឲ្យខ្ញុំលើកការ​វិលត្រឡប់របស់ខ្ញុំ​​មួយរយៈពេល ​ដោយសារតែសហការីរបស់​ខ្ញុំទាំងនោះ​ មានការព្រួយបារម្ភយ៉ាង​ខ្លាំងពីអំពើហិង្សា ​ដែល អាចកើតឡើងពេលខ្​ញុំមកដល់ព្រលាន​យន្តហោះអន្តរជាតិភ្នំពេញ​ នៅយប់ថ្ងៃទី ១៦ វិច្ឆិកានោះ។​ អំពើហិង្សានោះ ​អាចប៉ះពាល់អ្នក​គាំទ្រគណបក្សសង្រ្គោះជាតិ ជាច្រើន នាក់​ ដែលត្រៀមមកស្វាគមន៍ខ្ញុំ ​នៅព្រលានយន្តហោះ។​ ខ្ញុំបានទទួលសំណើ​នេះតាមទូរស័ព្ទពីលោក​ អេង ឆៃអ៊ាង ​ពេលដែលខ្ញុំកំពុងធ្វើដំណើរ​​ ឆ្ពោះទៅ​ព្រលានយន្ត ហោះទីក្រុង អ៊ីនឆុន​ (Incheon)​ ប្រទេសកូរ៉េខាងត្បូង ​ដើម្បីឡើងយន្តហោះ​ក្រុមហ៊ុនអាកាសចរណ៍​ Korean Air វិលត្រឡប់​មកប្រទេសកម្ពុជាវិញ។

២- នៅថ្ងៃទី​ ១៦ វិច្ឆិកាដដែលនោះ ​មានតំណាងជាន់ខ្ពស់​នៃប្រទេសធំៗពីរ​ជាមិត្ត ក៏បានស្នើឲ្យខ្ញុំពន្យា​ការវិលត្រឡប់របស់ខ្ញុំ ​មួយរយៈពេល​ដូចគ្នាអញ្ចឹងដែរ ពីព្រោះគេ កំពុងតែខិតខំ​ជួយរកដំណោះស្រាយ​ចំពោះវិបត្តិនយោបាយ ​នៅប្រទេសកម្ពុជា ​ដែលមានសភាពកាន់តែតានតឹង។​ គេបានពន្យល់ខ្ញុំថា ​បើខ្ញុំវិលត្រឡប់ទៅប្រទេស កម្ពុជាវិញ​ នៅថ្ងៃទី១៦ វិច្ឆិកានោះ ​ សភាពការណ៍​ច្បាស់ជាកាន់តែស្មុគស្មាញថែមទៀត ​ហើយគេនឹងជួបការលំបាក​កាន់តែខ្លាំង។ មានន័យថា ​បើខ្ញុំនៅក្រៅប្រទេស គេងាយ​ស្រួលជួយយើងជាង។

៣- នៅព្រឹកថ្ងៃទី ​១៦ វិច្ឆិកាដដែលនោះដែរ ​គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ​ដែលមានតែសមាជិក​មកពីគណបក្សប្រជាជនកម្ពុជាចូលរួម ​បានសម្រេចបណ្តេញខ្ញុំ ចេញពីរដ្ឋសភា ​ដែលជាហេតុធ្វើ​ឲ្យខ្ញុំបាត់បង់នូវអភ័យឯកសិទ្ធិសភារបស់ខ្ញុំ​។ ហេតុការណ៍ចុងក្រោយនេះ​ នាំមកនូវអតុល្យភាពកាន់​តែខ្លាំងក្នុងការតទល់គ្នា ​ហើយជាអំពើ អយុត្តិធម៌មួយទៀតចំពោះខ្ញុំ ​ដែលធ្វើឲ្យខ្ញុំបាត់បង់ទាំងស្រុង​ នូវលទ្ធភាពការពារខ្លួនតាមផ្លូវច្បាប់​។ ក្នុងការប្រយុទ្ធតស៊ូនីមួយៗ​ យើងមិនត្រូវឲ្យគូបដិបក្ខ​ ជាអ្នកជ្រើសរើស សមរភូមិ និង​ជាអ្នកកំណត់លក្ខខណ្ឌនៃ​ការតទល់គ្នា ​តាមតែអំពើចិត្តរបស់​គេទេ "។