លោកសម រង្ស៊ី បញ្ជាក់​មូលហេតុ​ដែល​មិន​អាចត្រឡប់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា

ភ្នំពេញ៖ លោក សម រង្ស៊ីប្រធានគណបក្សសង្រ្គោះជាតិ(CNRP)បង្ហាញពីមូលហេតុសំខាន់ៗ ដែលបណ្ដាលឲ្យលោកមិនអាច វិលត្រឡប់មកកម្ពុជាវិញ ដូចកាលកំណត់ពោល គឺនៅថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០១៥។

លោក សម រង្ស៊ីបានសរសរនៅលើ ផេកហ្វេសប៊ុកផ្ទាល់ខ្លួន នៅល្ងាចនៅថ្ងៃអាទិត្យ ទី ២២ ខែ វិច្ឆិកានេះថា មូលហេតុដែលធ្វើឲ្យលោកមិនបានវិលត្រឡប់មកកម្ពុជា គឺដោយសារតែទី១.លោកខ្លាចមានអំពើរហិង្សា, ទី២.ប្រទេសធំៗពីរជាមិត្តស្នើឲ្យលោកពន្យាការវិលត្រឡប់ ,និងទី៣.ដោយសារតែលោកបាត់បង់នូវអភ័យឯកសិទ្ធិសភា។

លោកបានបញ្ជាក់ថា “មូលហេតុដែលតម្រូវឲ្យខ្ញុំប្រែប្រួលគម្រោងវិលត្រឡប់មកប្រទេសកម្ពុជាវិញ នៅរាត្រីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥ ៖

១- នៅរសៀលថ្ងៃទី ១៦ វិច្ឆិកានោះ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិទាំងមូល នៅប្រទេសកម្ពុជា ក្នុងនោះមានតំណាងរាស្ត្រ និងសមាជិកព្រឹទ្ធសភាទាំងអស់ បានជួបជុំគ្នាហើយសម្រេចជាឯកច្ឆ័ន ស្នើឲ្យខ្ញុំលើកការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេល ដោយសារតែសហការីរបស់ខ្ញុំទាំងនោះ មានការព្រួយបារម្ភយ៉ាងខ្លាំងពីអំពើហិង្សា ដែលអាចកើតឡើងពេលខ្ញុំមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅយប់ថ្ងៃទី ១៦ វិច្ឆិកានោះ។ អំពើហិង្សានោះ អាចប៉ះពាល់អ្នកគាំទ្រគណបក្សសង្រ្គោះជាតិ ជាច្រើននាក់ ដែលត្រៀមមកស្វាគមន៍ខ្ញុំ នៅព្រលានយន្តហោះ។ ខ្ញុំបានទទួលសំណើនេះតាមទូរស័ព្ទពីលោក អេង ឆៃអ៊ាង ពេលដែលខ្ញុំកំពុងធ្វើដំណើរ ឆ្ពោះទៅព្រលានយន្តហោះទីក្រុង អ៊ីនឆុន (Incheon) ប្រទេសកូរ៉េខាងត្បូង ដើម្បីឡើងយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Korean Air វិលត្រឡប់មកប្រទេសកម្ពុជាវិញ។

២- នៅថ្ងៃទី ១៦ វិច្ឆិកាដដែលនោះ មានតំណាងជាន់ខ្ពស់ នៃប្រទេសធំៗពីរ ជាមិត្ត ក៏បានស្នើឲ្យខ្ញុំពន្យាការវិលត្រឡប់របស់ខ្ញុំ មួយរយៈពេលដូចគ្នាអញ្ចឹងដែរ ពីព្រោះគេកំពុងតែខិតខំជួយរកដំណោះស្រាយចំពោះវិបត្តិនយោបាយ នៅប្រទេសកម្ពុជា ដែលមានសភាពកាន់តែតានតឹង។ គេបានពន្យល់ខ្ញុំថា បើខ្ញុំវិលត្រឡប់ទៅប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៦ វិច្ឆិកានោះ សភាពការណ៍ច្បាស់ជាកាន់តែស្មុគស្មាញថែមទៀត ហើយគេនឹងជួបការលំបាកកាន់តែខ្លាំង។ មានន័យថា បើខ្ញុំនៅក្រៅប្រទេស គេងាយស្រួលជួយយើងជាង។

៣- នៅព្រឹកថ្ងៃទី ១៦ វិច្ឆិកាដដែលនោះដែរ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា ដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាចូលរួម បានសម្រេចបណ្តេញខ្ញុំចេញពីរដ្ឋសភា ដែលជាហេតុធ្វើឲ្យខ្ញុំបាត់បង់នូវអភ័យឯកសិទ្ធិសភារបស់ខ្ញុំ។ ហេតុការណ៍ចុងក្រោយនេះ នាំមកនូវអតុល្យភាពកាន់តែខ្លាំងក្នុងការតទល់គ្នា ហើយជាអំពើអយុត្តិធម៌មួយទៀតចំពោះខ្ញុំ ដែលធ្វើឲ្យខ្ញុំបាត់បង់ទាំងស្រុង នូវលទ្ធភាពការពារខ្លួនតាមផ្លូវច្បាប់។ ក្នុងការប្រយុទ្ធតស៊ូនីមួយៗ យើងមិនត្រូវឲ្យគូបដិបក្ខ ជាអ្នកជ្រើសរើសសមរភូមិ និងជាអ្នកកំណត់លក្ខខណ្ឌនៃការតទល់គ្នា តាមតែអំពើចិត្តរបស់គេទេ”។

គួរបញ្ជាក់ថា លោក សម រង្ស៊ីមានគម្រោងវិលត្រឡប់មកកម្ពុជាវិញកាលពីថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៥បន្ទាប់ពីបញ្ចប់បេសកម្មនៅក្រៅ តែរហូតមកដល់ពេលនេះ នៅមិនទាន់ដឹងច្បាស់ថា លោកនឹងវិលមកកម្ពុជាវិញនៅថ្ងៃណាមួយប្រាកដនោះទេ។

លោកសម រង្ស៊ី បញ្ជាក់​មូលហេតុ​ដែល​មិន​អាចត្រឡប់​មក​កម្ពុជា​កាល​ពី​ថ្ងៃ​ទី១៦ វិច្ឆិកា