នាយករដ្ឋមន្រ្តីរុស្ស៊ី ​​នឹងមកដល់ក្រុង​សៀមរាប​​នៅពេលបន្តិចទៀតនេះ

ខេត្តសៀមរាប ​៖ បើគ្មានការប្រែប្រួលទេ ​នាយករដ្ឋមន្រ្តីសហព័ន្ឋរុស្ស៊ី ​លោក ឌីមីទ្រី ​មេដវេដេវ ​និងគណៈប្រតិភូអម​ដំណើរនឹងមកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​សៀមរាប​ នាយប់ថ្ងៃទី២២ វិច្ឆិកា ​ក្នុងដំណើរបំពេញទស្សនកិច្ច​ផ្លូវការរយៈពេល០៣ថ្ងៃ​ដោយចាប់ផ្តើមពីថ្ងៃអាទិត្យនេះ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបានបញ្ជាក់ទៀតថា​ ​បន្ទាប់ពី​សម្រាកមួយយប់​នៅសណ្ឋាគារក្នុងក្រុងសៀមរាបនោះរួចមក​ នៅព្រឹកស្អែកលោក​ មេដវេដេវ និង​គណៈប្រតិភូ ​នឹង​អញ្ជើញ​ទៅ​ទស្សនាបា្រសាទអង្គរវត្តនិង​បា្រសាទមួយចំនួន​ទៀតក្នុងខេត្តសៀមរាប មុនពេលបន្តដំណើរមកកាន់រាជធានីភ្នំពេញ​ដើម្បីផ្តើមទស្សនកិច្ច​​និង​ទទួលជាផ្លូវការ ។

ជាការកត់សម្គាល់​អំឡុងពេលលោកនាយករដ្ឋមន្រ្តីរុស្ស៊ី​ទស្សនាបា្រសាទនានា​រាប់ទំាងប្រាសាទអង្គរវត្ត​នៅខេត្តសៀមរាបនោះ ​អ្នកសារព័ត៌មាន​ក្រៅពីទូរទស្សន៍ជាតិកម្ពុជា​និង​AKP មិនអនុញ្ញាតឲ្យចូលថតរូប​និងយកព័ត៌មានឡើយ ​ហើយដំណើរទស្សនកិច្ចនេះដែរ ​រាជរដ្ឋាភិបាលកម្ពុជា​បានត្រៀមកម្លំាងជាង១ម៉ឺននាក់​ដើម្បីការពារសុវត្ថិភាព ។

នៅក្នុងដំណើរទស្សនកិច្ចដែល​ធ្វើឡើងតាមការ​អញ្ជើញរបស់សម្តេចតេជោ ​ហ៊ុន សែន ​និងចាប់ផ្តើមពីថ្ងៃទី​២២ដល់ថ្ងៃទី២៤​ វិច្ឆិកានេះដែរ ​នឹងមានការ​ចុះហត្ថលេខាលើ​ឯកសារ​និង​កិច្ចព្រមព្រៀង​ចំនួន០៦ ៕