បារាំង​ក្រពុលមុខ​ព្រោះ​រង​សម្ពាធ​ជុំវិញ​ការបន្ត​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី

លោកខាងលិច​បាន​ឯកភាពគ្នា​បន្ត​បន្ថែម​ពេល​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ៦ខែ​ទៀត បន្ទាប់ពី​កិច្ចប្រជុំ​ប្រទេស ២០នៅ​តួ​ក​គី។ ចំណែក​បារាំង​ឯណោះ​វិញ កំពុង​ស្ទាក់ស្ទើរ​ថា​ត្រូវធ្វើ​បែប​ម៉េច​ដើម្បី​កុំ​ឲ្យ​រុស្ស៊ី​អន់ចិត្ត ព្រោះ​ប្រទេស​នេះ​កំពុង​ស្វះ​ស្វែងរក​ជំនួយ​ពី​រុស្ស៊ី​ដើម្បី​កម្ចាត់​ភេរវកម្ម។ ប៉ុន្តែ​អាឡឺម៉ង់​កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​លោក ហូ​ឡង់ កុំ​ឲ្យ​បន្ទន់​ជំហរ​ដាក់​រុស្ស៊ី​ក្នុងជំនួប​ខាងមុខ។

ថ្វី​ត្បិត​ថា មានការ​អំពាវនាវ​ឲ្យ​មានការ​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុង​ម៉ូស្គូ​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន​ក៏ពិតមែន លោកខាងលិច​នៅតែ​បង្ហាញ​ជំហរ​រ៉ឹង​ត្អឹង​ដាក់​រុស្ស៊ី​ដដែល​ដោយ​បន្ត​បន្ថែម​ពេល​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី។ ប្រទេស​ទាំងនោះ​ឯកភាពគ្នា​បន្ថែម​ពេល ៦ខែ​ទៀត បន្ទាប់ពី​ទណ្ឌកម្ម​ចាស់​ផុតកំណត់​នៅ​ដើមខែ​មករា​ឆ្នាំក្រោយ។

ការសម្រេច​នេះ​ធ្វើឡើង​ប៉ុន្មាន​ថ្ងៃក្រោយ​កិច្ចប្រជុំ​ប្រទេស ២០ នៅក្នុង​ប្រទេស​តួ​ក​គី។ ហើយ​ប្រទេស​ទាំងនោះ​មានដូចជា អាមេរិក អាឡឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស បាន​បន្ត​អះអាងថា រុស្ស៊ី​មិនទាន់​ធ្វើ​ល្អ​គ្រប់គ្រាន់​ដើម្បី​បញ្ចប់​បញ្ហា​នៅ​អ៊ុយ​ក្រែ​ន​ឡើយ។

បើ​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters មន្ត្រីការទូត​លោកខាងលិច​ដែល​សុំ​សិទ្ធិ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ថ្លែងថា ប្រទេស​លោកខាងលិច​អាច​ពិចារណា​ដក​ទណ្ឌ​កម្មបាន ដរាបណា​រាល់​ចំណុច​ដែលមាន​ចែង​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk  ត្រូវបាន​អនុវត្ត។ លោកខាងលិច​មាន​ចេតនា​ដាក់​សម្ពាធ​លើ​រុស្ស៊ី​មុនពេល​ដែល​ការបោះឆ្នោត​ក្នុង​តំបន់​ភាគ​ខាងកើត​មកដល់​នៅពេល​ខាងមុខ ព្រោះ​គំនៀប​នេះ​អាច​នឹង​ជួយ​សម្រួល​ដល់​ការបោះឆ្នោត​និង​អាចជួយ​ឲ្យ​ការបោះឆ្នោត​អាច​រៀបចំ​ទៅបាន​ដោយ​រលូន​ផង។

ទណ្ឌកម្ម​ចាស់​នឹង​ផុតកំណត់​អនុវត្ត​នៅ​ខែមករា ពោលគឺ​នៅមុន​ពេល​មានការ​អនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ពេញលេញ ដែល​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ដោះស្រាយ​ជម្លោះ​ប្រដាប់អាវុធ​រវាង​កងក​ម្លាំ​ង​ក្រុង​គៀវ និង​កងកម្លាំង​ភាគ​ខាងកើត​ដែល​គាំទ្រ​រុស្ស៊ី។ 

យ៉ាងណា​ក៏ដោយចុះ ក្នុងចំណោម​លោកខាងលិច​មានតែ​បារាំង ប៉ុណ្ណោះ​ដែល​ស្ទាក់ស្ទើរ​និង​ប្រឈម​ការលំបាក​ជាងគេ​ក្នុងការ​សម្រេច​ថា​គួរ​បន្ត​ទណ្ឌកម្ម​លើ​រុស្ស៊ី​ទៀត​ឬ​អត់។ អ្នកនយោបាយ​បារាំង​មួយចំនួន​បានទាមទារ​ឲ្យ​រដ្ឋា​ភិ​បា​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បញ្ចប់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី មុននឹង​ទៅសុំ​ឲ្យ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន ជួយ​គាំទ្រ​ខ្លួន​ដើម្បី​កម្ចាត់​ក្រុម​ភេរវជន។ លោក ហូ​ឡង់ ខ្លួនឯង​ក៏​ជឿជាក់​ដែរ​ថា គេ​មិនអាច​បំភ្លេច​រុស្ស៊ី​ទេ បើសិន​គេ​ចង់​កម្ចាត់​ភេរវជន​នោះ ប៉ុន្តែ​ដោយសារ​សម្ពាធ​ពី​បណ្តា​ប្រទេស​ជា​មិត្ត​ផ្សេងទៀត បារាំង​ពិតជា​ចាំបាច់​ត្រូវ​ប្តូរ​ជំហរ​ដូច លុប​កិច្ចសន្យាលក់​នាវាចម្បាំង​ឲ្យ​រុស្ស៊ី​ដូច្នេះ​ដែរ។

អធិការបតី​អាឡឺម៉ង អែន​ជែ​ឡា មឺ​ហ្កែ​ល បានប្រកាសថា​ខ្លួន​នឹង​ទៅ​ក្រុងប៉ារីស​ដើម្បី​ស្កាត់​ជួប​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ ដើម្បី​បរិភោគ​អាហារ​ជុំគ្នា​នៅ​ថ្ងៃ ២៥ មុនពេល​លោក ហូ​ឡង់ ចេញដំណើរ​ទៅ​ទីក្រុង​ម៉ូស្គូ​ដើម្បី​ជួប​លោក ពូ​ទីន។ បំណង​របស់​អធិការបតី​អាឡឺម៉ង់ គឺ​បញ្ចុះបញ្ចូល​ឲ្យ​លោក ហូ​ឡង់ រក្សា​ជំហរ​រ៉ឹង​ត្អឹង​លើ​ការបន្ថែម​ពេល​ដាក់ទណ្ឌកម្ម និង លើកយក​បញ្ហា​ទណ្ឌកម្ម​មក​ជជែក​ជាមួយ​បុរស​ខ្លាំង​រុស្ស៊ី​ផងដែរ៕


​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​