ពលរដ្ឋ​ខេត្ត​កំពង់ឆ្នាំង​បារម្ភ​បាត់​ដី​ស្រែ​បន្ទាប់​ពី​មន្ត្រី​ជលផល​កំណត់​តំបន់​អភិរក្ស​ត្រី​ពង​កូន

អ្នក​ភូមិ​នៃ​ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង ចំនួន ១៩​គ្រួសារ បារម្ភ​បាត់បង់​ដី​ស្រែ​ប្រាំង​ដែល​ពួក​គាត់​ធ្លាប់​ធ្វើ​តាំង​ពី​អំឡុង​ឆ្នាំ​២០០៥ ក្រោយ​ពី​អាជ្ញាធរ​បាន​កំណត់​ដី​តំបន់​នោះ​ជា​តំបន់​អភិរក្ស​ជម្រក​ត្រី​ពង​កូន។ ក្រុម​អ្នក​ភូមិ​អះអាង​ថា អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ជលផល មិន​បោះ​បង្គោល​លើ​ដី​ព្រៃ​លិច​ទឹក​ដែល​នៅ​សល់​ទេ តែ​បែរ​បោះ​រំលោភ​លើ​ដី​ស្រែ​ពួក​គាត់។

អ្នក​ភូមិ​អូរតាសេក ៣​គ្រួសារ​ក្នុង​ចំណោម ១៩​គ្រួសារ ដែល​មាន​ដី​ស្រែ​ប្រាំង​នៅ​ចំណុច​អូស​ទូក ឆ្ដោរ និង​ចំណុច​កំភរ នៃ​ឃុំ​គោកបន្ទាយ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ថា អាជ្ញាធរ​មូលដ្ឋាន និង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​គោកបន្ទាយ ចុះ​ពិនិត្យ​ដី​ស្រែ​ប្រាំង​ពលរដ្ឋ​កាល​ពី​ថ្ងៃ​ទី​១០ និង​ទី​២១ ខែ​វិច្ឆិកា ធ្វើ​ឲ្យ​ពួក​គាត់​បារម្ភ​មាន​ការ​ដក​ហូត​ដី​នោះ។ ពួក​គាត់​មាន​ដី​ចន្លោះ​ពី ៣​អា​ទៅ ១​ហិកតារ​ក្នុង​មួយ​គ្រួសារ។

ប្រជាពលរដ្ឋ​ម្នាក់ គឺ​លោកស្រី មុត រ៉េន មាន​ប្រសាសន៍​ថា គ្រួសារ​គាត់​ពុំ​មាន​ដី​ស្រែ​នៅ​កន្លែង​ផ្សេង​ក្រៅ​ពី​ស្រែ​ប្រាំង​តិចតួច​នៅ​តំបន់​នេះ​ឡើយ។ លោកស្រី​ចង់​ឲ្យ​អាជ្ញាធរ​អនុញ្ញាត​ដល់​ពលរដ្ឋ​ក្រីក្រ បាន​ធ្វើ​ស្រែ​បន្ត​នៅ​លើ​ទីតាំង​ចាស់​ដែល​វាល​ស្រាប់ និង​រក្សា​ដី​ព្រៃ​ដែល​នៅ​សេសសល់​ជាង ១៥​ហិកតារ​សម្រាប់​ត្រី​ពង​កូន។ លោកស្រី​ថា ពលរដ្ឋ​មក​ពី​ភូមិ​ផ្សេងៗ​គ្នា​នៃ​ឃុំ​គោកបន្ទាយ ចាប់​ផ្ដើម​ចូល​ធ្វើ​ស្រែ​ច្រើន​នៅ​ឆ្នាំ​២០០៥៖ «ដំបូង​មក​ដី​ហ្នឹង​មាន​ភ្លើង​ឆេះ​ព្រៃ ដល់​ពេល​ឆេះ​វាល​អ៊ីចឹង​ទៅ ពួក​ខ្ញុំ​ដើរ​មើល​ឃើញ​ដូចជា​ទំនង​ធ្វើ​ស្រែ​ប្រាំង​បាន ក៏​នាំ​គ្នា​ជីក​ប្រឡាយ​អី​ហ្នឹង​ធ្វើ​ស្រែ​ប្រាំង​ហ្នឹង​ទៅ​ណា​ពូ»

ចំណែក​ពលរដ្ឋ​ពីរ​នាក់​ទៀត គឺ​លោក យឹង ប៉ូច និង​លោក ប៉ក់ ឡូត បញ្ជាក់​ស្រដៀង​គ្នា​ថា អាជ្ញាធរ​បាន​បោះ​បង្គោល​ចំនួន​៤ រំលោភ​ចូល​ដី​ស្រែ​ប្រាំង​ពលរដ្ឋ​កាល​ពី​ខែ​សីហា ឆ្នាំ​២០១៥ ខុស​ពី​ការ​ជូន​ដំណឹង​របស់​អភិបាល​ខេត្ត ដោយ​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន និង​ជំនាញ​ជលផល​ចុះ​វាស់វែង និង​អភិរក្ស​ដី​ព្រៃ​លិច​ទឹក​នៅ​សេសសល់ ហើយ​រក្សា​ការ​ធ្វើ​ស្រែ​ប្រាំង​របស់​ប្រជាពលរដ្ឋ​ដដែល។

វិទ្យុ​អាស៊ីសេរី មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ ជុំវិញ​បញ្ហា​នេះ​បាន​ថា​យ៉ាង​ណា​នោះ​ទេ នៅ​ថ្ងៃ​ទី​២២ ខែ​វិច្ឆិកា ដោយ​អ្នក​ទទួល​ទូរស័ព្ទ​ប្រាប់​ថា លោក សោម ភិរុណ បញ្ចូល​ថ្ម​ទូរស័ព្ទ​ចោល រួច​ទៅ​ចូលរួម​ពិធី​បុណ្យ​កឋិន​ទាន​របស់​ក្រុម​ការងារ។

ឯកសារ​ដែល​វិទ្យុ​អាស៊ីសេរី ទទួល​បាន​កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ឆ្នាំ​២០១៤ ដី​ព្រៃ​រក្សា​ទុក​នៅ​កន្លែង​ឆ្ដោរ មាន​ទំហំ​ជិត ១០០​ហិកតារ​នៅ​ឆ្នាំ​២០០៥។ លុះ​មក​ដល់​ចុង​ឆ្នាំ​២០១២ ដី​ព្រៃ​នេះ​ត្រូវ​បាន​កាប់​បំផ្លាញ​ជិត ៣០​ហិកតារ ហើយ​រហូត​មក​ដល់​ចុង​ឆ្នាំ​២០១៤ ផ្ទៃ​ដី​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ​នៅ​សល់​តែ​ជាង ១៥​ហិកតារ​ប៉ុណ្ណោះ។ ផ្ទៃ​ដី​ដែល​នៅ​សល់​នេះ ត្រូវ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ចេញ​លិខិត​បង្គាប់​ការ​មួយ​ដល់​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាប់​ផ្ដើម​វាស់វែង និង​អភិរក្ស។

នៅ​ក្នុង​លិខិត​បង្គាប់​ការ​ចុះ​ថ្ងៃ​ទី​៣ ខែ​កក្កដា ឆ្នាំ​២០១៤ របស់​អភិបាល​ខេត្ត​កំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន បាន​ចាត់​ឲ្យ​អភិបាល​រង​ខេត្ត លោក អ៊ុន សំអុល អតីត​អភិបាល​ស្រុក​រលាប្អៀរ លោក ឈឹម វុទ្ធា និង​អតីត​នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ព្រម​ទាំង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ចុះ​វាស់វែង​បោះ​បង្គោល​ព្រំ​កំណត់​ទំហំ​ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​ឆ្ដោរ អូស​ទូក និង​កន្លែង​កំភរ ឋិត​ក្នុង​ភូមិ​អូរតាសេក ឃុំ​គោកបន្ទាយ ស្រុក​រលាប្អៀរ ខេត្ត​កំពង់ឆ្នាំង។

ក្រោយ​មក ក្រុម​ការងារ​ចម្រុះ​ថ្នាក់​ខេត្ត​នេះ បាន​បញ្ចេញ​របាយការណ៍​របស់​ខ្លួន​ចុះ​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០១៤ ដោយ​បញ្ជាក់​ថា ដី​ព្រៃ​លិច​ទឹក​នៅ​ចំណុច​កន្លែង​ឆ្ដោរ ក្នុង​ភូមិ​អូរតាសេក នៅ​សល់​ជាក់ស្ដែង​ជាង ១៥​ហិកតារ (១៥.១៩​ហិកតារ)។ អភិបាល​ខេត្ត​កំពង់ឆ្នាំង ក៏​បង្គាប់​ឲ្យ​អាជ្ញាធរ​ស្រុក មេ​ឃុំ និង​មេ​ភូមិ​ពាក់ព័ន្ធ រក្សា​ការពារ និង​គ្រប់គ្រង​ដី​ព្រៃ​លិច​ទឹក​ដែល​នៅ​សេសសល់​នេះ​ឲ្យ​បាន​គង់វង្ស។ ចំណែក​ខណ្ឌ​រដ្ឋបាល​ជលផល ត្រូវ​ចុះ​បោះ​បង្គោល​ព្រំ​កំណត់​ឲ្យ​បាន​ច្បាស់លាស់ ដោយ​ដាក់​ស្លាក​សញ្ញា​ការពារ​ដី​ព្រៃ​លិច​ទឹក និង​ចុះ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​បាន​ដឹង​ពី​តំបន់​អភិរក្ស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។