នគ​របាល​ស្រុក​អូរ​រាំង​ឪ​ចុះ​ល្បាត​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ដើម្បី​ទប់ស្កាត់​បទល្មើស

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ចង្អុលបង្ហាញ​ពី​សំណាក់​លោក​ឧត្តមសេនីយត្រី ម៉ៅ ពៅ ស្នងការ​នគរបាល​ខេត្ត​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​នៅ​តាម​បណ្តា​អធិការដ្ឋាន​ស្រុក​/ក្រុង​ទាំង​៧​នៅ​ត្រើយ​ខាងកើត​ទ​នេ្ល​មេគង្គ​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​តាម​ដងផ្លូវ​នានា​ក្នុងភូមិ​សាស្ត្រ​ដែល​ងាយ​រង​គ្រោះ ។ សកម្ម​ភាព​នេះ​ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ ក្នុង​នោះ​បាន​ចាប់​មុខសញ្ញា​គ្រឿងញៀន ចោរលួច និង​ចោរប្លន់​បានជា​ច្រើន​នាក់​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់វិធានការ​តាម​ច្បាប់​ផង​ដែរ ។

លោក ជាតិ ម៉េ​ង​ឡាយ អធិការរង​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​ប្រាប់​ឲ្យ​ដឹង​នៅ​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា ២០១៥ នេះ​ថា ដោយ​មានការ​អនុញ្ញាត​ពី​លោក​វរសេនីយ៍ទោ លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ​ រូប​លោក​បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​នៅ​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ ដោយ​បាន​សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ចុះ​ទៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ ដោយ​ចាប់ផ្តើម​ពី​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ រហូត​ដល់​ដល់​វេលា​ម៉ោង​៨​យប់ គឺ​បាន​ម៉ូតូ និង​រថយន្ត​ជា​ច្រើន​គ្រឿង តែ​មិនឃើញ​មានការ​ពាក់ព័ន្ធ​ទៅ​នឹង​ករណី​បទល្មើស​ណាមួយ​នោះ​ទេ ។

លោក​វរសេនីយ៍ត្រី ជាតិ ម៉េ​ង​ឡាយ អធិការរង​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ទោះជា​បែប​ណា​ក្តី​រូប​លោក និង​មន្ត្រី​នគរបាល​ទាំងអស់​ត្រូវ​បន្តសកម្មភាព​ចុះ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​កន្លែង​ផ្សេង​ទៀត ត្រូវធ្វើ​ឡើង​ដូច​ភ្លៀងរលឹម​សំដៅ​រក្សា​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច​របស់​ក្រសួង​មហាផ្ទៃ ។

លោក​វរសេនីយ៍ទោ លឿង រ​ដ្ឋា អធិការ​នគរបាល​ស្រុក​អូរ​រាំង​ឪ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​រូប​លោក​បាន​ដាក់​កម្លាំង​ល្បាត​នៅ​ផ្សារ​អូរ​រាំង​ឪ ដើម្បី​ការពារ​ដល់​អាជីវករ​លក់ដូរ ប្រយោជន៍​ទប់ស្កាត់​អំពើ​ប្លន់​នានា​ដែល​អាច​កើតជា​យថាហេតុ ។ ក្រៅពី​នេះ​​លោក​បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​១១ និង​តាម​បណ្តា​ផ្លូវលំ​នានា គ្រប់​បណ្តា​ប៉ុស្តិ៍​ទាំងអស់ សកម្មភាព​នេះ​បាន​ធ្វើ​ឡើង​ទាំង​យប់​ទាំង​ថ្ងៃ ។ លោក​ថា ចាប់តាំងពី​ថ្ងៃ​ទី​១ វិច្ឆិកា រហូត​ដល់​មក​ដល់​យប់​ថ្ងៃ​ទី​២២ វិច្ឆិកា នេះ​សមត្ថកិច្ច​ក្រោម​ឱវាទ​បាន​ចុះ​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​ចាប់ពី​ម៉ោង​៥ និង​៣០​នាទី​ល្ងាច រហូត​ដល់​ម៉ោង​៩​យប់ ដោយ​ពុំ​ទាន់​មាន​ឃើញ​បទល្មើស​ណាមួយ និង​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នោះ​ទេ ប៉ុន្តែ​ទោះជា​បែប​ណា​ក្តី​រូប​លោក​នឹង​បន្ត​កិច្ច​ពង្រឹង​សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ដល់​ពលរដ្ឋ​តាម​បញ្ជា​របស់​លោកស្នងការ​នគរបាល​ខេត្ត ត្រូវធ្វើ​ឡើង​ដូច​ភ្លៀងរលឹម ៕