ទស្សនវិទូ អង់គ្លេស Thomas Hobbes ចាត់ទុក​មនុស្ស«ជា​ឆ្កែចចក»

ភ្នំពេញ៖ នៅក្នុង​សង្គម​បែប​ធម្មជាតិ មនុស្ស​រស់នៅ​ដោយ​គ្មាន​រដ្ឋាភិបាល គ្មាន​សភា និង​គ្មាន​តុលាការ​នោះទេ ពោលគឺ​ពួកគេ​រស់នៅ​ដោយ​សេរីភាពរៀងៗខ្លួន។ ប៉ុន្តែ ការរស់នៅ​របៀបនេះ មនុស្ស​មាន​កម្លាំង​ខ្លាំង និង​មាន​បញ្ញា​វៃឆ្លាត តែងតែ​ធ្វើបាប​មនុស្ស​ទន់ខ្សោយ។ ហេតុនេះហើយ ទើប​បង្កើត​ឲ្យ​មាន​ចលនា​ចង់​បង្កើត​រដ្ឋ ដើម្បី​ឲ្យ​រដ្ឋ​ធានា​សុវត្ថិភាព ធានា​សិទ្ធិសេរីភាព និង​ស្វែងរក​យុត្តិធម៌។  តើ​ហេតុអ្វី​បាន​ពួកគេ នាំគ្នា​ទៅ​បង្កើត​រដ្ឋ? តើ​ពួកគេ​មាន​ផល​លំបាក​អ្វីខ្លះ ក្នុងការ​រស់នៅ​បែប​សង្គម​ធម្មជាតិ?

នៅក្នុង​សង្គម​បែប​ធម្មជាតិ មនុស្ស​រស់នៅ​ដោយ​ភ័យខ្លាច ពីព្រោះ​ពួកគេ ត្រូវបាន​ធ្វើបាប​គ្រប់បែបយ៉ាង ដោយ​អ្នក​ដែលមាន​កម្លាំង​ខ្លាំង​ជាង។ លើសពីនេះ សង្គម​បែប​ធម្មជាតិ មនុស្ស​រស់នៅ​គ្មាន​សន្តិសុខ ពោលគឺ​អ្នកខ្លាំង​ធ្វើបាប​អ្នកខ្សោយ គ្មាន​ច្បាប់ គ្មាន​ស្ថាប័ន ដើម្បី​ការពារ​អ្នកទន់ខ្សោយ​នោះទេ។ ដូច្នេះហើយ​ទើប មនុស្ស​ទាំងនោះ បាន​ខិតខំ​រក​វិធី ការពារ​ខ្លួន ដើម្បី​ទទួលបាន​សុវត្ថិភាព និង​សន្តិសុខ។ ពួកគេម្នាក់ៗបានសម្រេច​ចិត្ត ចង់ក្រង​គ្នា​ជា​កុលសម្ព័ន្ធ ដែលមាន​អ្នកដឹកនាំ​ច្បាស់លាស់ ដើម្បី​រស់នៅ​ជា​ពួក ក្រុម ក្នុងន័យ​ថា ចង់​ឲ្យ​កុលសម្ព័ន្ធ​ការពារ​ប្រយោជន៍​ពួកគេ។ ប៉ុន្តែ​ការរីកចម្រើន​នៃ​កុលសម្ព័ន្ធ​ជាច្រើន បាន​បង្ក​ជា​សង្គ្រាម​រវាង​គ្នា​នឹង​គ្នា មិនចេះ​ឈប់ឈរ។

ទស្សនវិទូ​ជនជាតិ​អង់គ្លេស លោក Thomas Hobbes បានសរសេរថា ក្នុង​សភាព​ធម្មជាតិ​មនុស្ស​បាន​បណ្តោយ​ខ្លួន​តាម សភាវគតិ អត្តទត្ថ និង​ចំណង់។ ចលករ​ទាំងបី​នេះ បានធ្វើ​ឲ្យ​មនុស្ស​ក្លាយជា​សត្រូវ​នឹង​គ្នា។ លោក​ចាត់ទុក​មនុស្ស​ជា​ឆ្កែចចក​សម្រាប់​មនុស្ស​គ្នាឯង ដែល​ប្រខាំ​គ្នាឯង​ដូច​ឆ្កែចចក។ ប្រសិនបើ​មនុស្ស​មិន​ឃាត់​ទង្វើ​ទាំងនេះ​ទេ មនុស្ស​នឹងធ្វើ​សង្គ្រាម​គ្រ​ប់​ពេលវេលា ហើយ​នាំទៅរក​សេចក្តី​វិនាស ពីព្រោះ ជា​សង្គ្រាម​ឥត​ព្រំដែន គ្មាន​ថ្ងៃ​បញ្ចប់។ (ដកស្រង់​ពី​សៀវភៅ«ប្រវត្តិ​គំនិត​នយោបាយ​ប​ស្ចឹ​ម​ប្រទេស»រៀបរៀង​ដោយ​លោក អ៊ុំ ប៉ុ​ម) ។

ក្រោម​ហេតុផល​ដែល​មិនអាច​ការពារ​សុវត្ថិភាព និង​ការរស់នៅ​ដោយ​ការភ័យខ្លាច​បែបនេះ ហើយ ទើប​មនុស្ស​ចាប់ផ្តើម​បង្កើត​ចលនា​ឲ្យ​មាន​រដ្ឋ។ ប្រភេទ​រដ្ឋដំបូងៗ គឺ​មនុស្ស​សុខចិត្ត ដកសិទ្ធិ និង​សេរីភាព​របស់ខ្លួន​ខ្លះ ដើម្បី​ជ្រោក​ក្រោម​ដំបូល​របស់​ព្រះមហាក្សត្រ ពីព្រោះ មនុស្ស​យល់ថា មានតែ​ធ្វើ​បែប​ហ្នឹង​ទេ ទើប​អាច​ការពារ​ពួកគេ​បាន។ ការគ្រប់គ្រង​បែប រាជានិយម ក៏បាន​វិវត្តន៍​បន្តិចម្តងៗ ទៅជា​របប​អភិជនាធិបតេយ្យ របប​ផ្តាច់ការ របប​សក្តិភូមិ របប​កំ​មុយ​នី​ស្ត និង​ចុងក្រោយ​គឺ​របប​ប្រជាធិបតេយ្យ។ ការគ្រប់គ្រង​រដ្ឋ​មាន​ច្រើន​ប្រភេទ ប៉ុន្តែ​សម្រាប់​ពេលបច្ចុប្បន្ន ការគ្រប់គ្រង​តាមបែប​ប្រជាធិបតេយ្យ​គឺ​ត្រូវបាន​ប្រទេស​ជាច្រើន​យកមក​អនុវត្តន៍​យ៉ាង​ពេញនិយម។ នៅក្នុង​របប​ប្រជាធិបតេយ្យ មាន​ស្ថាប័ន​បីធំៗ ដែល​អាច​ទ្រទ្រង់​របប​ប្រជាធិបតេយ្យ​ឲ្យ​ដើរទៅ​មុខ។ ក្នុងនោះ​មាន សភា​ដែល​តំណាង​ឲ្យ​ពលរដ្ឋ រដ្ឋាភិបាល​កើតឡើង​ពី​ការបោះឆ្នោត និង​តុលាការ​សម្រាប់​រក​យុត្តិធម៌។ ស្ថាប័ន​ទាំងនេះ គេ​អាច​និយាយបានថា ជា​ស្ថាប័ន​ដែលមាន​អំណាច​របស់​រដ្ឋ។ មនុស្ស​ចង់បាន​ស្ថាន​ប័ន​នេះ ជួយ​ការពារ​ពួកគេ ពី​ការជិះជាន់ ការ​ធ្វើទុក្ខបុកម្នេញ និង​ការគាបសង្កត់​ពី​សំណាក់​ដែលមាន​អំណាច និង​មាន​កម្លាំង​រឹងមាំ​ជាង​ខ្លួន។

គោលដៅ​នៃ​ការបង្កើត​រដ្ឋ​របស់​ម​នុស្ស គឺ​ចង់បាន​សន្តិសុខ សុវត្ថិភាព ការ​គេច​ចេញពី​សេចក្តី​ភ័យខ្លាច ដោយសារតែ​អំពើ​មិន​ត្រឹមត្រូវ​របស់​មនុស្ស​ដែល​ខ្លាំង​ជាង។ មនុស្ស​ចង់ បាន​តុលាការ​ដើម្បី​រក​យុត្តិធម៌ ការពារ​សិទ្ធិ រក​ខុសត្រូវ និង​ការ​សុវត្ថិភាព​ឲ្យ​ពួកគេ។ មនុស្ស​ចង់​បង្កើត​រដ្ឋាភិបាល ដើម្បី​ឲ្យ​ធ្វើ​ការជូន​ពួកគេ តាមរយៈ​ការអនុវត្ត​គោលនយោបាយ​សាធារណៈ និង​ការអភិវឌ្ឍ​ប្រទេស។ មនុស្ស​ចង់​បង្កើត​សភា ដើម្បី​ឲ្យ​បង្កើត​ច្បាប់​ការពារ​ពួកគេ និង​ប្រយោជន៍​របស់​ពួកគេ ព្រមទាំង​តាមដាន​រដ្ឋាភិបាល កុំ​ឲ្យ​ធ្វើ​អ្វីដែល​អាច​បាត់បង់​ប្រយោជន៍​របស់​ពួកគេ។

ដូច្នេះ គោលបំណង​នៃ​ការបង្កើត​រដ្ឋ គឺ​មនុស្ស​ចង់​ឲ្យ​រដ្ឋ ផ្តល់​យុត្តិធម៌ កាត់បន្ថយ​ជម្លោះ​នៅក្នុង​សង្គម ការពារ​សន្តិសុខ សុវត្ថិភាព និង​ធ្វើការ​អភិវឌ្ឍ​ជីវភាព​របស់​ពួកគេ ព្រមទាំង​ស្វែងរក​សន្តិភាព​ជូន​ពួកគេ មិនមែន​បង្កើត​រដ្ឋ​ឡើង​ដើម្បី​ឲ្យ​ធ្វើបាប ជិះជាន់ កេងប្រវ័ញ្ច និង​សម្លាប់​ពលរដ្ឋ​នោះទេ។ ហើយ​ដើម្បី​សងគុណ​រដ្ឋ​វិញ ពលរដ្ឋ​គ្រប់រូប បាន​បង់ពន្ធ​ជូន​រដ្ឋ ដើម្បី​ឲ្យ​រដ្ឋ​ទាំងមូល អាច​ដំណើរការ​ដោយ​គ្មាន​ឧបសគ្គ៕
 
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​