ឱ្យ​កូនប្រុស​អាយុ​៨​ឆ្នាំ​យក​លុយ​២​ម៉ឺន​បាត​ទៅ​ដូរ​ក្នុង​ផ្សារ ត្រូវ​ចោរ​ស្រី​ម្នាក់​ល្បួង​យក​លុយ​ទៅ​បាត់

ខេត្ត​ប៉ៃលិន ៖ កន្លែង​វេរ​លុយ​វី​ង យីហោ «​ទ្រី ម៉ុ​ន​» បាន​ប្រើ​កូន​តូច​អាយុ​៨​ឆ្នាំ​កាន់​ប្រាក់​ចំនួន​២​ម៉ឺន​បាត​(​ជាង​២​លាន​រៀល​)​យក​ទៅ​ដូរ​​ជា​លុយ​ខ្មែរ​នៅ​ក្នុង​ផ្សារ លុះ​កំពុង​តែ​ចេញពី​តូប​របស់​ខ្លួន ស្រាប់តែ​មាន​ចោរ​ស្រី​ម្នាក់​ដើរ​តាម​ពី​ក្រោយ​ទៅ​ដល់​កន្លែង​ប្តូរ ហើយ​ក៏​ល្បួង​ក្មេង​តូច​យក​លុយ​គេចខ្លួន​បាត់​ស្រមោល ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ក្នុង​ផ្សារ​ព្រំ​លើ ក្នុងភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ប្រើ​កូន​អាយុ​៨​ឆ្នាំ​យក​លុយ​ទៅ​ដូរ​នៅ​ក្នុង​ផ្សារ​មានឈ្មោះ ទ្រី ម៉ុ​ន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជា​អាជីវករ មាន​ប្រពន្ធ​ឈ្មោះ សំ អន អាយុ​៣៥​ឆ្នាំ និង​មានកូន​ប្រុស​តូច​ឈ្មោះ ពៅ ថា​រាជ អាយុ​៨​ឆ្នាំ ។ ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​ជន​រង​គ្រោះ​បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ស្នាក់​ការ​ប៉េ​អឹ​ម​នៅ​ជិត​ច្រកព្រំដែន​ព្រំ ហើយ​ក៏​បញ្ជូន​បន្ត​ទៅ​ទីបញ្ជាការ​ប៉េ​អឹ​ម​ខេត្ត ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​ម្ចាស់​តូប​ប្តូរ​លុយ​នៅ​ក្នុង​ផ្សារ​ដូច​សព្វមួយដង រួច​ក៏​ប្រើ​កូនប្រុស​របស់​ខ្លួន​ដែល​ទើបតែ​មាន​អាយុ​៨​ឆ្នាំ​ឱ្យ​ដើរ​កាន់​លុយ​ចំនួន​២​ម៉ឺន​បាត​តម្រង់​ទៅ​ទិស​ខាងជើង ចំងាយ​ពី​តូប​របស់​ខ្លួន​ជាង​១០០​ម៉ែត្រ ខណៈ​កំពុង​តែ​ដើរ​តាម​ផ្លូវ​ស្រាប់តែ​មាន​ស្ត្រី​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ អាយុ​ជាង​៤០​ឆ្នាំ ពាក់អាវ​ស លាយ​ខ្មៅ បាន​ដើរ​តាម​ពីក្រោយ​ជាប់ ហើយ​រហូត​ដល់​កន្លែង​ប្តូរ​ប្រាក់​ក៏​និយាយ​ល្បួង​ប្រាប់​ក្មេង​តូច​ថា កុំ​ប្តូរ​ទី​នេះ​អី ចាំ​នាង​យក​ទៅ​ប្តូរ​កន្លែង​ផ្សេង រួច​ចាំ​យក​ទៅ​ឱ្យ​ឪពុក​ម្តាយ​តាម​ក្រោយ ។ ក្រោយ​ពី​ទទួល​បាន​លុយ​ពី​ដៃ​ក្មេង​រួច​ស្ត្រី​រូប​នោះ​ក៏​គេចខ្លួន​បាត់​ស្រមោល​តែ​ម្តង ចំណែក​ក្មេង​តូច​បាន​ដើរមក​ប្រាប់​ឪពុក​ម្តាយ​វិញ​ថា ស្ត្រី​ម្នាក់​នោះ​ប្រាប់​ថា​នឹង​យក​ប្រាក់​មក​ឱ្យ​តាម​ក្រោយ គ្រាន់តែ​ឮ​ដូច្នេះ​ឪពុក​ម្តាយ​មានការ​ស្រងាកចិត្ត​យ៉ាង​ខ្លាំង ។

ទោះបីជា​យ៉ាងណា​ក៏​ដោយ​នេះ​ជា​កំហុស​របស់​ឪពុក​ម្តាយ មិនមែន​ជា​កំហុស​របស់​កូន ឬ​ម្ចាស់​តូប​នោះ​ឡើយ ព្រោះ​អី​ក្មេង​ប្រុស​ម្នាក់​នេះ​មិន​ទាន់​គ្រប់​អាយុ​ដែល​ត្រូវ​កាន់​លុយកាក់​រាប់​ម៉ឺន​បែប​នេះនោះ​ឡើយ សំណាងល្អ​ហើយ​ដែល​ស្ត្រី​ខាងលើ​មិន​ល្បួង​យក​ក្មេង​តូច​ទៅ​ឆ្ងាយ កុំ​អី​ប្រហែលជា​អាច​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត ឬ​បាត់បង់​ក្មេង​តូច ខណៈ​ឪពុក​ម្តាយ​បណ្តោយ​ឱ្យ​ចូល​ផ្សារ​ដែល​មាន​មនុស្ស​ច្រើន​អ៊ូអរ​តែ​ម្នាក់ឯង ។

សូម​បញ្ជាក់​ផង​ដែរ​ថា ឪពុក​ម្តាយ​ម្ចាស់ផ្ទះ​វី​ង​វេរ​លុយ​ខាងលើ​ធ្លាប់​ប្រើ​កូនប្រុស​របស់​ខ្លួន​ដែល​មាន​អាយុ​ទើបតែ​៨​ឆ្នាំ​នេះ​ដើរទៅ​ប្តូរ​លុយ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ តែ​មិន​ធ្លាប់​មានការ​បាត់បង់​បែប​នេះ​ឡើយ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២០ ខែវិច្ឆិកា កន្លង​ទៅ​នេះ ស្ថិត​នៅ​ចំណុច​ផ្សារ​ព្រំ​លើ ក្នុងភូមិ​ដដែល ក៏​មាន​ករណី​ចោរ​ចូល​បន្លំ​លួច​យក​លុយ​អស់​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​ម្ចាស់​តូប​នៅ​តែ​ម្នាក់ឯង ៕