អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​គួរ​ឲ្យ​កត់​សម្គាល់​មួយ

អាស៊ាន​ចុះ​កិច្ចព្រមព្រៀង​គួរ​ឲ្យ​កត់​សម្គាល់​មួយ

មេដឹកនាំ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងគួរ​ឲ្យ​កត់​សម្គាល់​មួយ​ក្នុង​​ប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។

សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅកាត់​ថា​ អាស៊ាន​ ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រម​ព្រៀងគួរ​ឲ្យ​កត់​សម្គាល់​មួយ​ក្នុងប្រវត្តិសាស្ត្រ​កាល​ពី​ថ្ងៃ​អាទិត្យ​នេះ។​

អ្វី​ដែល​ហៅ​ថា​ សេចក្តី​ប្រកាសក្នុង​ក្រុង​គូឡាឡាំពួ​បង្កើត​សហគមន៍​សេដ្ឋកិច្ច​ អាស៊ាន​មួយ​ ដែល​អនុញ្ញាត​ឲ្យ​មាន​ចលនា​ពាណិជ្ជកម្ម​ និង​មូលធន​ដោយ​សេរី​ជាង​មុន​នៅ​ក្នុង​តំបន់​មួយ​ដែល​មាន​ប្រជាជន ​៦២៥លាន​នាក់ ​ហើយ​មាន​ទិន្នផល​សេដ្ឋកិច្ច​សរុប​ចំនួន២,៦​លាន​លានដុល្លារ។​

កិច្ច​ព្រមព្រៀង​នេះ​បាន​ត្រូវ​ចុះ​ហត្ថលេខា​ដោយ​ក្រុម​មេដឹកនាំ​នៃ​រដ្ឋ​ជា​សមាជិក​ទាំង​១០នៃ​សមាគម​នេះ​ ដែល​មាន​រួម​បញ្ចូល​ប្រទេស​ប្រ៊ុយណេ កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី ភូមា ហ្វីលីពីន សិង្ហបុរី ថៃ និង​វៀតណាម។​

លោក​ប្រធានាធិបតី​ស.រ.អា​បារ៉ាក់ អូបាម៉ា​ ដែល​បាន​ចូល​រួមក្នុង​សន្និសីទ​កំពូល​នៃសមាគមអាស៊ាន​នៅ​ក្នុងប្រទេស​ម៉ាឡេស៊ី​បាន​មានប្រសាសន៍​នៅ​ថ្ងៃ​អាទិត្យនេះ​ថា​ ក្រុម​មេដឹកនាំ​ទាំង​១០​ប្រទេស​នៃ​អាស៊ាន​បាន​ទទួល​យក​សេចក្តី​អញ្ជើញ​របស់​លោក​មក​កាន់រដ្ឋធានី​វ៉ាស៊ីនតោន​នៅ​ឆ្នាំ​ក្រោយ។​

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ លោក​បាន​ចូល​រួម​ក្នុង​សន្និសីទ​កំពូល​នេះ​ដើម្បី​ពង្រឹង​ចំណង​ទាក់ទង​ជាមួយ​សមាគម​នេះ ​ដែល​លោក​បាន​មាន​ប្រសាសន៍​ថា​ គួរ​បំពេញ​មុខ​នាទី​ជា​ថ្នាក់​ដឹកនាំ​នៅ​ក្នុង​តំបន់នោះ៕