រ៉ូស្ស៊ី​ផ្លោង​កាំជ្រួច​អន្តរទ្វីប​១៨គ្រាប់​ចេញ​ពី​នាវា សំដៅ​កំទេច ISIS

នៅពេលដែលប្រទេសរ៉ូស្ស៊ី សម្រេចចិត្តប្រើធម៌ក្ដៅ ដាក់ក្រុមរដ្ឋអ៊ីស្លាម... កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវ​បាន​បាញ់​ចេញ ពី​នាវា​ចម្បាំង​រ៉ូស្ស៊ី ស្ថិតនៅកណ្ដាលសមុទ្រកាស្ពែន (Caspienne) ក្នុងទិសដៅកំទេច​ចំណុច​សំខាន់ៗ របស់​ក្រុម​រដ្ឋ​អ៊ីស្លាម ក្នុង​ប្រទេសស៊ីរី។
កាំជ្រួចអន្តរទ្វីបធុន «Kalibr» ចំនួន១៨គ្រាប់ ត្រូវបានបាញ់ចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី កណ្ដាលសមុទ្រកាស្ពែន។

ប្រទេសរ៉ូស្ស៊ី បានឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ជាមួយក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យកាត់​បារាំង​ហៅ EI ពាក្យកាត់អង់គ្លេសហៅ ISIS) ដែលប្រកាសយ៉ាងចំហរ ចង់«រករឿង» ក្រុមប្រទេសនៅ​លោកខាង​លិច ជាពិសេសករណី បំផ្ទុះយន្ដហោះស៊ីវិលរ៉ូស្ស៊ី ក្នុងភាគខាងកើតនៃប្រទេសអេហ្សីព ធ្វើឲ្យមនុស្សជិះ​នៅ​លើ​យន្ដហោះ ២២៤នាក់ ស្លាប់ទាំងអស់។ ហើយនេះ ជាមេរៀនដ៏តូចមួយ...

កាំជ្រួចរយៈឆ្ងាយចំនួន១៨គ្រាប់ ត្រូវបានបាញ់ផ្លោងចេញ ពីនាវាចម្បាំងរ៉ូស្ស៊ី ដែលកំពុងមានវត្តមាន នៅ​កណ្ដាល​មហាសមុទ្រ កាស្ពែន កាលពីថ្ងៃទី២០ ខែវិច្ឆិកានេះ សំដៅទៅកំទេចសម្បុក ចំនួន១១កន្លែង របស់​ក្រុម​​រដ្ឋអ៊ីស្លាម នៅក្នុងប្រទេសស៊ីរី។

ពីនាវាចម្បាំង ទៅកាន់ទីតាំង ដែលត្រូវកំទេចនោះ មានចំងាយយ៉ាងតិច ១៥០០គីឡូម៉ែត្រ ប៉ុន្តែកាំជ្រួច​រយៈ​ឆ្ងាយ​របស់រ៉ូស្ស៊ី ដែលមានឈ្មោះ «Kalibr» ទាំងនេះ អាចធ្វើការហោះរំលង ទឹកដីព្រៃភ្នំ ដល់ទៅ២០០០​គីឡូ​ម៉ែត្រ។

ក្រសួងការពារជាតិរ៉ូស្ស៊ី បានឲ្យដឹងថា ទីក្រុងសំខាន់ៗ ដែលស្ថិតនៅក្រោមការគ្រប់គ្រង របស់ក្រុមរដ្ឋអ៊ីស្លាម ដូចជា «Raqqah» «Idlib» និង«Alep» ត្រូវបានរកការវាយប្រហារ ពីកាំជ្រួចទាំងនេះ ហើយក្រុមយុទ្ធជន​ស្ម័គ្រ​ប្រយុទ្ធ​ដើម្បី«ព្រះអាឡាហ៍» របស់ក្រុមរដ្ឋអ៊ីស្លាម ប្រមាណជាង៦០០នាក់ ត្រូវបានសម្លាប់៕