មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី

ការពារសុវត្ថិភាពអ្នកគាំទ្រ ការសុំឲ្យពន្យាពេលរបស់តំណាងប្រទេសជាមិត្ត និងមិនចង់ឲ្យគូបដិបក្ខ ធ្វើ​ផ្គរ​ធ្វើ​ភ្លៀង ស្រេច​នឹង​ចិត្ត​តទៅ​ទៀត។ ទាំងនេះ ជាមូលហេតុជាផ្លូវការ ដែលធ្វើឲ្យលោក សម រង្ស៊ី ឈានទៅ​ពន្យា​ពេល ត្រឡប់​​មក​ប្រទេស​កម្ពុជា​វិញ។
មូលហេតុ​«ផ្លូវការ» នៃ​ការ​មិន​វិល​មក​ស្រុក​វិញ របស់ សម រង្ស៊ី
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី។ (រូបថត ហ្វេសប៊ុក)

ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានអះអាងជាសាធារណៈ នៅថ្ងៃអាទិត្យទី២២ ខែវិច្ឆិកានេះ នូវមូលហេតុចំនួន៣យ៉ាង របស់លោក ក្នុងការមិនវិលត្រឡប់មកមាតុប្រទេសវិញ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ដើមសប្ដាហ៍កន្លងមកនេះ។ លោកបានសរសេរ មូលហេតុទាំងនោះ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក ដែលមានអត្ថន័យដូចតទៅ៖

១) សុវត្ថិភាពអ្នកគាំទ្រ៖

លោកបានសរសេរថា គណបក្សសង្គ្រោះជាតិទាំងមូល បានសម្រេចចិត្តជា​ឯកច្ឆន្ទ​ ស្នើ​ឲ្យ​លោក​លើក​ពេល​ វិល​​ត្រឡប់​មក​កម្ពុជា មួយ​រយៈ​សិន ដើម្បីបញ្ជៀស​អំពើ​ហិង្សា ដែល​អាច​កើត​ឡើង ​ពេល​លោក​មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៦ ខែវិច្ឆិកា ហើយដែលអាច​ប៉ះពាល់ ដល់​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ជាច្រើន​នាក់ ដែល​ត្រៀម​ទៅ​ទទួល​លោក ដល់​ព្រលាន​យន្តហោះ។ លោក​បញ្ជាក់ថា នៅខណៈពេល ដែលលោកកំពុង​ធ្វើ​ដំណើរ​ ទៅ​កាន់​ព្រលាន​យន្តហោះអន្តរជាតិ អ៊ីនឆុន (Incheon) របស់​ប្រទេស​​កូរ៉េ​ខាង​ត្បូង ដើម្បី​ឡើង​យន្តហោះ​​ក្រុមហ៊ុន​​អាកាសចរណ៍​កូរ៉េ​អ៊ែរ (Korean Air) វិល​ត្រឡប់​មក​ប្រទេស​​កម្ពុជាវិញនោះ គឺ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស ​លោក អេង ឆៃអ៊ាង ជាអ្នកប្រាប់ពីសំណើរ សុំ​លោក​ឲ្យ​ពន្យា​ពេល​ចូលកម្ពុជានេះ។

២) សំណើររបស់តំណាងប្រទេសជាមិត្ត

ប្រធានគណបក្សប្រឆាំងធំជាងគេ របស់ប្រទេសកម្ពុជា បានសរសេរពន្យល់ថា នៅថ្ងៃទី១៦ ខែវិច្ឆកាដដែល​នោះ តំណាង​ជាន់​ខ្ពស់​នៃ​ប្រទេស​ធំៗ​ពីរ​ជា​មិត្ត បាន​ស្នើ​ឲ្យ​លោក​ពន្យាពេល នៃការវិល​ត្រឡប់​របស់​លោក​​​ដូច​គ្នា​ដែរ ដោយហេតុថា ពួកគេ​កំពុង​តែ​ខិតខំ ​ជួយ​រក​ដំណោះស្រាយ ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ ប្រទេស​​កម្ពុជា ដែល​មាន​សភាព​កាន់​តែ​តានតឹង ហើយប្រសិនបើលោកស្ថិតនៅក្រៅប្រទេស ក្រុមប្រទេសជាមិត្តទាំង​នោះ ងាយ​ស្រួលជួយលោកជាង។ ប្រទេសជាមិត្តទាំងពីរនោះ មិនត្រូវបានលោក សម រង្ស៊ី ​បញ្ជាក់​ថា ​ជា​​ប្រទេស​ណា​ពិត​ប្រាកដ​ទេ។

៣) ឈប់ឲ្យគណបក្សប្រជាជនកម្ពុជា ធ្វើព្យុះធ្វើភ្លៀងស្រេចនឹងចិត្ត

លោក សម រង្ស៊ី បានពន្យល់ថា នៅចំពោះការបណ្ដេញលោក ចេញពីកៅអីតំណាងរាស្ត្រ លប់ទាំង​អភ័យឯក​សិទ្ធិសភា ដោយគណៈកម្មការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា ដែល​មាន​តែ​សមាជិក​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​នោះ បាននាំមក ​នូវ​អតុល្យភាព​កាន់​តែ​ខ្លាំង ​ក្នុង​ការ​ត​ទល់​គ្នា ​រវាង​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ ហើយ​ជា​អំពើ​អយុត្តិធម៌​មួយ​ទៀត​ ​ធ្វើ​ឲ្យ​លោក​បាត់បង់​ទាំង​ស្រុង ​នូវ​លទ្ធភាព​ការពារ​ខ្លួន​តាម​ផ្លូវច្បាប់។ លោកបានថ្លែង​ត្រង់ៗ​​ថា មិន​ត្រូវ​ឲ្យ​គូបដិបក្ខ​ ជា​អ្នក​ជ្រើសរើស​សមរភូមិ និង​ជា​អ្នក​កំណត់​លក្ខខណ្ឌ​ នៃ​ការ​ត​ទល់​គ្នា​ តាម​តែ​អំពើ​ចិត្ត​របស់​គេ​ នោះ​ទេ។

បើអញ្ចឹង តើថ្ងៃណាទើបលោក សម រង្ស៊ី ត្រឡប់ចូលប្រទេសវិញ?

ប្រាកដហើយ លុះត្រាមានការសម្រប​សម្រួលនយោបាយជាថ្មីទៀត ជាមួយគណបក្សប្រជាជនកម្ពុជា ដោយ​សន្តិវិធី និងមានសភាពការណ៍ ទៅរកភាពដើមវិញ។ នេះបើតាមការអះអាង របស់មន្ត្រីជាន់ខ្ពស់លោក អេង ឆៃអ៊ាង នៅក្រោយកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ របស់គណបក្សសង្គ្រោះជាតិ កាលពីរសៀលថ្ងៃពុធ ទី១៨ ខែវិច្ឆិកា កន្លងមកនេះ។ លោក ឆៃអ៊ាង បានបញ្ជាក់ថា ក្នុងពេលបច្ចុប្បន្ននេះ គណបក្សសង្គ្រោះជាតិ កំពុងតែស្វែងរកដំណោះស្រាយ ជាមួយសហគមន៍អន្តរជាតិ និងគណបក្សប្រជាជនកម្ពុជា៕