នាយករដ្ឋមន្ត្រី​កម្ពុជា​ ស្នើ​អាម៉េរិក​អនុគ្រោះពន្ធ​ទំនិញ​ ៩៧% ដល់​ប្រទេស​អភិវឌ្ឍន៍​ តិចតួច​ក្នុង​តំបន់​អាស៊ាន​

ភ្នំពេញ៖ ប្រមុខដឹកនាំ នៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានស្នើទៅដល់សហរដ្ឋអាម៉េរិក ជួយអនុគ្រោះពន្ធ លើមុខទំនិញ ចំនួនយ៉ាងតិច ៩៧ភាគរយ នៃមុខទំនិញសរុប ដល់ប្រទេស ដែលមានការអភិវឌ្ឍន៍ តិចតួចនៅក្នុងតំបន់ អាស៊ាន ដែលក្នុងនោះក៏មាន ប្រទេសកម្ពុជាផងដែរ។

យោងតាមបណ្តាញ ទំទាក់ទំនងសង្គម (Facebook) របស់សម្តេចតេជោ បានឲ្យដឹងថា នៅកិច្ចប្រជុំអាស៊ាន-អាម៉េរិក លើកទី៣ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក បារ៉ាក់ អូបាម៉ា ថា ប្រទេសសហរដ្ឋអាម៉េរិក ជាដៃគូសន្ទនដ៏សំខាន់មួយ របស់អាស៊ាន ដែលបានចូលរួមចំណែក យ៉ាងសំខាន់ដល់ ការធានាសន្តិភាព, ស្ថិរភាព, វិបុលភាព និងកិច្ចខិតខំប្រឹងប្រែង ផ្សេងទៀតក្នុងតំបន់។

សម្តេចតេជោ បានបន្តថា “ទន្ទឹមនេះ កម្ពុជាស្នើសហរដ្ឋអាម៉េរិក ផ្តល់នូវប្រព័ន្ធអនុគ្រោះ ទូទៅ (GSP) លើមុខទំនិញចំនួន យ៉ាងតិច ៩៧ភាគរយ នៃមុខទំនិញសរុប ដោយរួចពន្ធ និងពុំជាប់កូតា ដល់ប្រទេសអភិវឌ្ឍន៍ តិចតួចនៅក្នុងអាស៊ាន ស្របតាមការព្រមព្រៀង ក្នុងក្របខ័ណ្ឌអង្គការពាណិជ្ជកម្ម ពិភពលោកកន្លងមក”។

នាយករដ្ឋមន្ត្រីកម្ពុជា បានបន្ថែមថា ឆ្នាំ២០១៥នេះ ប្រទេសជាច្រើននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក កំពុងរងនូវផលប៉ះពាល់ពីបាតុភូតអែល-នីណូ (El Nino) ដែលធ្វើឲ្យមាន ការខ្វះខាតទឹកជាច្រើន និងប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម។ នេះ ជាផលប៉ះពាល់ពីការប្រែប្រួល អាកាសធាតុ ដែលកំពុងតែកើតឡើងជាក់ស្តែង និងតម្រូវឲ្យមាន ការពង្រឹង នូវកិច្ចសហប្រតិបត្តិការ ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើអាម៉េរិក បន្តការគាំទ្រដល់ការជួយបណ្តុះបណ្តាល ធនធានមនុស្សនៅកម្ពុជា ជាពិសេសក្នុងស្រទាប់យុវជន ដែលនឹងក្លាយទៅជាអ្នកដឹកនាំ ទៅថ្ងៃអនាគត តាមរយៈការផ្តល់អាហារូបករណ៍ បន្ថែមដល់សិស្ស និងនិស្សិត៕

នាយករដ្ឋមន្ត្រី​កម្ពុជា​ ស្នើ​អាម៉េរិក​អនុគ្រោះពន្ធ​ទំនិញ​ ៩៧% ដល់​ប្រទេស​អភិវឌ្ឍន៍​ តិចតួច​ក្នុង​តំបន់​អាស៊ាន​