លោក ចម ប្រសិទ្ធិ និងលោក ថោងខុន នឹង​ទទួល​នាយ​ករដ្ឋមន្រ្តី​រុស្ស៊ី ឌីមីទ្រី មេដវេដេវ ដល់​ព្រលានយន្តហោះ​សៀមរាប

ភ្នំពេញ៖ មន្រ្តីជាន់រាជរដ្ឋាភិបាលកម្ពុជាចំនួនពីររូប ត្រូវបានចាត់តាំងឱ្យទៅទទួល លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ឌីមីទ្រី មេដវេដេវ និងគណៈប្រតិភូ ដល់អាកាសយានដ្ឋានអន្តរជាតិសៀមរាប ក្នុងដំណើរអញ្ជើញដល់នាព្រឹក ថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ។

តាមកម្មវិធីគ្រោងទុកដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃអាទិត្យ ទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ឱ្យដឹងថា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងសិប្បកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ នឹងទៅទទួលគណៈប្រតិភូនាយករដ្ឋមន្រ្តី អមដំណើរដោយលោក ថៃ វណ្ណា ឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ប្រចាំសហព័ន្ធរុស្ស៊ី អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង។ ប្រាសាទណាខ្លះ ដែលគណៈប្រតិភូរុស្ស៊ី ទៅទស្សនា?

ក្នុងឱកាសស្នាក់អាស្រ័យនៅខេត្តសៀមរាប គណៈប្រតិភូរុស្ស៊ី នឹងអញ្ជើញទៅទស្សនាប្រាសាទ អង្គរវត្ត បន្ទាយស្រី បាយ័ន និងតាព្រហ្មដ៏ល្បាញល្បីរបស់ព្រះរាជាណាចក្រកម្ពុជា។