លោក ឌីមីទ្រី មេដវេដេវ មកដល់ទឹកដីអង្គររបស់កម្ពុជាហើយ (មានវីដេអូ)

សៀមរាប-ភ្នំពេញ៖ នាយករដ្ឋមន្រ្តីនៃសហព័ន្ធរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ និងប្រតិភូអមដណើរ បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិសៀមរាបហើយ នៅវេលាម៉ោង ៧៖៣០នាទីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៥នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងបំណងដើម្បីពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដែលមានស្រាប់ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទំាងពីរ។

ទទួលដំណើរប្រតិភូនាយករដ្ឋមន្រ្តីនៃមហាអំណាចរុស្ស៊ី ដល់ព្រលានយន្តហោះ មានលោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធិ រដ្ឋមន្រ្តីឧស្សាហកម្មនិងសិប្បកម្ម លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

ក្នុងឱកាសមកដល់ប្រទេសកម្ពុជានោះលោក ឌីមីទ្រី មីដវេដេវ នឹងអញ្ជើញទៅទស្សនាប្រាសាទបន្ទាយស្រី, អង្គរវត្ត, បាយ័ន និងប្រាសាទតាព្រហ្ម។ នៅម៉ោង ៦ល្ងាច ថ្ងៃដដែល លោកនាយករដ្ឋមន្រ្តីនិងគណៈប្រតិភូ នឹងជិះយន្តហោះមកធ្វើទស្សនកិច្ចនៅរាជធានីភ្នំពេញ។

នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រី នៃប្រទេសរុស្ស៊ី នឹងចូលទៅគោរព និងដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកទៀតចូលគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្ការូបសំណាក់ព្រះបរមរតនកោដ្ឋ, ម៉ោងបន្ទាប់ទៀតអញ្ជើញទៅវិមានសន្តិភាពចូលរួមកិច្ចប្រជុំកំពូលរវាងនាយករដ្ឋមន្ត្រីកម្ពុជា-រុស្ស៊ី ក្រោយបញ្ចប់កិច្ចប្រជុំនឹងមានជប់លៀងសាយភាជជាមួយគ្នាផងដែរ។

នៅម៉ោង៤ ថ្ងៃដដែល លោក ឌីមីទ្រី មីដវេដេវ នឹងចូលទៅថ្វាយបង្គំ និងសំដែងការគួរសមជាមួយសម្តេចព្រះបាទ សម្តេចព្រះបរមនាថ ព្រះករុណានរោត្តម សីហមុនី រួចនៅម៉ោង ៦ល្ងាច លោកនឹងត្រឡប់ប្រលានយន្តហោះអន្តរជាតិភ្នំពេញ (VIP) ដើម្បីនិវត្តន៍ទៅកាន់ប្រទេសរុស្ស៊ីវិញ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួល បាននៅថ្ងៃទី១៨ ខែវិច្ឆិកា បានឲ្យដឹងថា អំឡុងពេលទស្សនកិច្ច លោក ឌីមីទ្រី មេដវេដេវ នឹងជួបពិភាក្សាការងារ ផ្លូវការជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងធ្វើអធិបតីក្នុងពិធីចុះហត្ថលេខាលើ ឯកសារមួយចំនួនផងដែរ។

ឯកសារ ដែលនឹងចុះហត្ថលេខារួមមាន៖
ទី១.កិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទាន ភេវកម្មរវាងអង្គភាព ស៊ីបការណ៍ហិរញ្ញវត្ថុកម្ពុជា និងអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរុស្ស៊ី, ទី២.កិច្ចព្រមព្រៀង សហប្រតិបត្តិការ និងកិច្ចព្រមព្រៀងបំពេញបន្ថែមរវាងទីភ្នាក់ងារសារព័ត៌មានកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៣.អនុស្សរណៈនៃការយោគយល់គ្នារវាងវិទ្យុជាតិកម្ពុជា និងទីភ្នាក់ងារសារព័ត៌មាន SPUTNIK, ទី៤.កិច្ចព្រមព្រៀងស្តីពីកិច្ចសហការ និងសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី, ទី៥.អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុប្រឹក្សាអភិវឌ្ឍកម្ពុជា និងក្រសួងអភិវឌ្ឍសេដ្ឋកិច្ចសហព័ន្ធរុស្ស៊ី ស្តីពីការសម្រួលវិនិយោគទុក និងទី៦.លក្ខខណ្ឌប្រតិបត្តិរបស់ក្រុមការងារជាន់ខ្ពស់កម្ពុជា-រុស្ស៊ី ស្តីពីគម្រោងវិនិយោគអាទិភាពរួម៕


លោក ឌីមីទ្រី មេដវេដេវ មកដល់ទឹកដីអង្គររបស់កម្ពុជាហើយ (មានវីដេអូ)
លោក ឌីមីទ្រី មេដវេដេវ មកដល់ទឹកដីអង្គររបស់កម្ពុជាហើយ (មានវីដេអូ)
លោក ឌីមីទ្រី មេដវេដេវ មកដល់ទឹកដីអង្គររបស់កម្ពុជាហើយ (មានវីដេអូ)

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត