នៅ​ក្នុង​សិល្បៈ​ខ្មែរ CFC ជា​អ្វី និង​​មាន​បេសកកម្ម​បែប​ណា?


នៅ​ក្នុង​សិល្បៈ​ខ្មែរ CFC ជា​អ្វី និង​​មាន​បេសកកម្ម​បែប​ណា?

ស្ថាប័ន​មួយ​ដែល​មាន​ឈ្មោះ​កាត់​ហៅ​ថា “CFC” បាន និង​កំពុង​ធ្វើ​កិច្ច​ការ​ងារ​ជិត​ស្និទ្ធ​ជាមួយ​កម្ពុជា និង​វិស័យ​សិល្បៈ​របស់​ប្រទេស​នេះ។ ប៉ុន្តែ​ទោះ​យ៉ាង​នេះ​ក្ដី កេរ្តិ៍​ឈ្មោះ និង​បេសកកម្ម​របស់​អង្គភាព​មួយ​នេះ ធ្វើ​អ្វី​ខ្លះ មិន​សូវ​មាន​ការ​យល់​ដឹង​ទូលំទូលាយ​ឡើយ។ ដូច្នេះ​តើ CFC ជា​អ្វី?

 

CFC មាន​ឈ្មោះ​ពេញ​ផ្លូវ​ការ​ថា Cambodia Film Commission គឺ​ជា​ស្ថាប័ន​មិន​រក​ប្រាក់​ចំណេញ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០៩ ក្រោម​កិច្ច​សហការ​រវាង​ផលិតករ​ភាពយន្ត រិទ្ធី ប៉ាន់ និង​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ។ បើ​ទោះ​ជា​រចនាសម្ព័ន្ធ​ការងារ​មើល​ទៅ​របៀប​ជា​បារាំង និង​មាន​ថ្នាក់​ដឹកនាំ​ជនជាតិ​បារាំង ប៉ុន្តែ Cedric ELOY ជា CEO បញ្ជាក់​ថា CFC ជា​គម្រោង​របស់​រដ្ឋាភិបាល​កម្ពុជា។

 

 

នៅ​ក្នុង​សិល្បៈ​ខ្មែរ CFC ជា​អ្វី និង​​មាន​បេសកកម្ម​បែប​ណា?

លោក Cedric ELOY នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ទទួល​ថត​ភាពយន្ត CFC

 

លោក​ថ្លែង​ថា “ជា​គម្រោង​របស់​រាជរដ្ឋាភិបាល​កម្ពុជា តែ​ឧបត្ថម្ភ​ដោយ​រដ្ឋាភិបាល​បារាំង ហើយ​អគារ​ធ្វើ​ការ​ជា​ដើម គឺ​ផ្ដល់​ដោយ​ក្រសួង​វប្បធម៌​នៃ​រដ្ឋាភិបាល​កម្ពុជា។ តែ​ទៅ​ថ្ងៃ​មុខ គឺ​យើង​មាន​គម្រោង​ចង់​ធ្វើ​អោយ​ទៅ​ជា​ស្វយ័ត ដោយ​មិន​ចាំ​បាច់​ទទួល​ជំនួយ​ពី​ខាង​ណា​ឡើយ”។

 

យ៉ាង​ណា​ក៏​ដោយ Cedric បញ្ជាក់​ថា ភាពយន្ត​ខ្មែរ និង​បារាំង​មាន​ប្រវត្តិ​ជាប់​ទាក់​ទង​គ្នា​តាំង​ពី​ទសវត្សរ៍ ៦០ តាម​រយៈ​​ព្រះ​បរម​រតនៈ​កោដ្ឋ ព្រះ​បាទ​ព្រះនរោត្ដម សីហនុ ដែល​ព្រះអង្គ​ជា​ក្សត្រ​មួយ​អង្គ​ដែល​មាន​ទឹក​ព្រះ​ទ័យ​ស្រឡាញ់​ភាពយន្ត​បារាំង និង​ស្រឡាញ់​ការ​ផលិត​ភាពយន្ត​នៅ​កម្ពុជា។

 

មាន​វត្តមាន​នៅ​កម្ពុជា CFC មាន​បេសកកម្ម​ចម្បង​ពីរ គឺ​ទី​១​ផ្សព្វផ្សាយ​ពី​កម្ពុជា រួម​ទាំង​ចំណុច​សក្ដានុពល​របស់​កម្ពុជា​ពាក់ព័ន្ធ​នឹង​វិស័យ​ភាពយន្ត​ទៅ​កាន់​ពិភព​លោក ដើម្បី​ទាក់​ទាញ​ផលិតករ បរទេស​ឲ្យ​ចូល​មក​ថត​ភាពយន្ត​នៅ​កម្ពុជា។ លោក Cedric ប្រាប់​ថា “ប្រទេស​កម្ពុជា​មាន​កន្លែង​មាន​សក្ដានុពល​ជា​ច្រើន​សម្រាប់​ថត​ខ្សែ​ភាពយន្ត អីចឹង​កិច្ចការ​របស់​យើង គឺ​ទាក់ទាញ​ផលិតករ​បរទេស​ឲ្យ​មក​ថត​ភាពយន្ត​នៅ​កម្ពុជា”។

 

កិច្ចការ​ផ្សេង​ទៀត ដែល​នៅ​សល់ គឺ CFC ដើរ​តួ​ធ្វើ​ជា​អ្នក​សម្រប​សម្រួល​ផ្សេងៗ ផ្ដល់​ប្រឹក្សា និង​ចង្អុល​បង្ហាញ​ថា គួរ​ទៅ​កន្លែង​ណា ឬ​សម្រួល​ឯកសារ​សម្រាប់​ការ​សុំ​ថត​ជា​ដើម។ បេសកកម្ម​ទី​២ គឺ​ជួយ​ផ្ដល់​ប្រឹក្សា​ដល់​កម្ពុជា​ពាក់​ព័ន្ធ​នឹង​វិស័យ​កុន រួម​ទាំង​បណ្ដុះបណ្ដាល​បុគ្គលិក​ជំនាញ​ក្នុង​ស្រុក​លើ​ផ្នែក​នេះ​ផង។តាម​លោក Cedric  មក​ទល់​នឹង​ពេល​នេះ វគ្គ​បណ្ដុះ​បណ្ដាល​ដោយ​ឥត​គិត​ថ្លៃ​មាន​លក្ខណៈ​ស្តង់ដារ​ហៅ​ថា “CFC Film Lab” ត្រូវ​បាន​បើក​ជា​បន្តបន្ទាប់​ដើម្បី​បណ្ដុះ​សមត្ថភាព​អ្នក​បច្ចេកទេស​ក្នុង​ស្រុក ត្រៀម​ឆ្លើយ​តប​តាម​តម្រូវ​ការ​ផលិតកម្ម​បរទេស​មក​ថត​ភាពយន្ត​នៅ​កម្ពុជា។

នៅ​ក្នុង​សិល្បៈ​ខ្មែរ CFC ជា​អ្វី និង​​មាន​បេសកកម្ម​បែប​ណា?

 

សកម្មភាព​របស់​ក្រុម​ផលិតភាពយន្ត​បរទេស​មួយ​នៅ​លើ​ទឹក​ដី​កម្ពុជា សម្រប​សម្រួល​ដោយ CFC(រូបភាព៖ CFC)

 

លោក បន្ត​ថា មក​ទល់​សព្វ​ថ្ងៃ អ្នក​ជំនាញ​មាន​សមត្ថភាព​ពេញ​លេញ​ប្រមាណ ១៦០​នាក់​ក្លាយ​ជា​សមាជិក​អចិន្ត្រៃយ៍​របស់​មជ្ឈមណ្ឌល CFC។ អ្នក​ជំនាញ​ផ្នែក​ភាពយន្ត​ជនជាតិ​បារាំង​ដដែល បញ្ជាក់​ថា CFC មាន​ទំនាក់​ទំនង​ជាមួយ FC(Film Commission)នៅ​តាម​ប្រទេស​នានា​លើ​ពិភព​លោក ដែល​ពួក​គេ​ធ្វើ​ការ​ដូច​ជា​ប្រព័ន្ធ​រួម​មួយ ដែល​អាច​ឲ្យ​ពួក​គេ​ដឹង​ព័ត៌មាន​ពាក់​ព័ន្ធ​ភាពយន្ត រួម​ទាំង​ស្គាល់​ទំនាក់​ទំនង​ជាមួយ​ផលិតករ ក៏​ដូច​ជា​ផលិតកម្ម​បរទេស​ជា​ច្រើន។

 

ដូច្នេះ​ហើយ ក្រោយ​បេសកកម្ម​រយៈ​ពេល​ប្រមាណ ៦​ឆ្នាំ​កន្លង​មក​នេះ​នៅ​កម្ពុជា CFC បាន​សម្រប​សម្រួល​ជាមួយ​ផលិតករ និង​ផលិតកម្ម​បរទេស​ឲ្យ​ចូល​ថត​ភាពយន្ត​នៅ​កម្ពុជា​ច្រើន​ជាង ២០០​រឿង  ក្នុង​នោះ​៥០% មក​ពី​អឺរ៉ុប ១៥%​មក​ពី​សហរដ្ឋ​អាមេរិក និង​ចំណែក​នៅ​សល់ គឺ​ផលិតករ​មក​ពី​ប្រទេស​ផ្សេង​ៗ​ទៀត។

 

កិច្ចការ​សម្រប​សម្រួល​ចុង​ក្រោយ​មួយ​គិត​ត្រឹម​ពេល​នេះ​របស់ CFC គឺ​បើក​ផ្លូវ​ឲ្យ​តារា​សម្ដែង​ដ៏​ល្បី​ឈ្មោះ​លំដាប់​ពិភព​លោក​របស់​ហូលីវូដ អែនជាលីណា ជូលី បាន​ចូល​មក​ថត​ភាពយន្ត “ពី​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​ខ្ញុំ” ដែល​ទើប​នឹង​ចាប់​ផ្ដើម​ថត​កាល​ពី​សប្ដាហ៍​មុន។

 

បេសកកម្ម​របស់ CFC មិន​ទាន់​ចប់​ត្រឹម​បើក​ច្រក​ទទួល​យក​ផលិតករ​បរទេស​មក​ថត​ភាពយន្ត​នៅ​ស្រុក​ខ្មែរ​ទេ ប៉ុន្តែ​ CFC នៅ​រក​ឱកាស​នាំ​ភាពយន្ត​ខ្មែរ​ទៅ​បង្ហាញ​បរទេស​ទៀត។ លោក Cedric និយាយ​ថា “នេះ​មិន​មែន​ជា​បេសកកម្ម​ចម្បង​របស់​យើង​ទេ ប៉ុន្តែ​យើង​នៅ​តែ​ធ្វើ​ក្នុង​ការ​នាំ​យក​ភាពយន្ត​ខ្មែរ​ដាក់​បង្ហាញ​នៅ​មហោស្រព​នៅ​បរទេស ដើម្បី​ឲ្យ​គេ​ដឹង​ពី​ភាពយន្ត​ខ្មែរ”។

 

មហោស្រព​នៅ​បរទេស​ដែល​មាន​បង្ហាញ​ភាពយន្ត​ខ្មែរ ក្រោម​ការ​សម្រប​សម្រួល​របស់ CFC មាន៖ មហោស្រព​ភាពយន្ត​ខ្មែរ​នៅ​ញ៉ូវយក​ហៅ​ថា Season of Cambodia ឆ្នាំ ២០១៣។ មហោស្រព​ភាពយន្ត​ខ្មែរ​នៅ​បារាំង​ឆ្នាំ ២០១២ និង​មហោស្រព​ភាពយន្ត​ខ្លី​នៅ តូក្យូ ឆ្នាំ ២០១៥​ជា​ដើម។ អ្នក​ជំនាញ​ភាពយន្ត​ដដែល បញ្ជាក់​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​មាន​ភាពយន្ត​ខ្មែរ​ច្រើន​ចេញ​ទៅ​បញ្ចាំង​នៅ​បរទេស ក្នុង​នោះ​មួយ​រឿង​មាន​ចំណង​ជើង​ថា “Red Wedding” ឈ្នះ​ពាន​នៅ​អាំស្ទែដាំ​ថែម​ទៀត។

 

ក្រៅ​ពី​នេះ CFC ក៏​បាន​សហការ​ជាមួយ​ដៃគូ​ផ្សេង​ទៀត រៀប​ចំ​មហោស្រព​ភាពយន្ត​ក្នុង​ស្រុក​ថែម​ទៀត ដែល​មាន Chaktomuk Short Film និង CIFF (Cambodia International Film Festival)ជា​ដើម ដែល CIFF នឹង​ចាប់​ផ្ដើម​រដូវ​កាល​ទី​៦​របស់​ខ្លួន​នៅ​ខែ​ធ្នូ ២០១៥​នេះ៕

 

អត្ថបទ៖ ទារិកា