ចង់​សុំ​កូន​ទៅ​ចិញ្ចឹម ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​កូន​មាន​ចំណែក​មរតក?


ចង់​សុំ​កូន​ទៅ​ចិញ្ចឹម ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​កូន​មាន​ចំណែក​មរតក?

នៅ​ពេល​ចង់​សុំ​កូន​អ្នក​ដទៃ​មក​ចិញ្ចឹម គឺ​ត្រូវ​មាន​លក្ខខណ្ឌ​ផ្សេង​ៗ​ដើម្បី​ជា​ការ​ស្រប​ច្បាប់។ មេធាវី អ៊ូរ អេ​ឡែន ជា​សមាជិក​គណៈ​មេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បក​ស្រាយ​ថា ការ​សុំ​កូន​នៅ​ប្រទេស​កម្ពុជាត្រូវ​បាន​បែង​ចែក​ជា​២​ប្រភេទ គឺ​ស្មុំ​កូន​ពេញ​លេញ​និង​ធម្មតា ។ ចំពោះ​ជន​បរទេស​ដែល​ចង់​សុំ​កុមារ​កម្ពុជា​ទៅ​ចិញ្ចឹម​ត្រូវ​បំពេញ​តាម​លក្ខខណ្ឌ​ដោយ​ឡែក តែ​ពេល​នេះ​សូម​លើក​យក​តែ​ស្មុំ​កូន​ក្នុង​ប្រទេស​កម្ពុជា​រវាង​ជន​ជាតិ​ខ្មែរ​ប៉ុណ្ណោះ។

 

 

ចង់​សុំ​កូន​ទៅ​ចិញ្ចឹម ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​កូន​មាន​ចំណែក​មរតក?

 

មេធាវី អ៊ូរ អេ​ឡែន (រូបថត៖ ផ្តល់ឲ្យ)

១  ស្មុំ​កូន​ពេញ​លេញ៖   ទំនាក់​ទំនង​រវាង​ម្ដាយ​ឪពុក​បង្កើត​ត្រូវ​បាន​បញ្ចប់ ហើយ​កូន​ចិញ្ចឹម​ត្រូវ​មាន​ទំនាក់​ទំនង​ជាមួយ​ញាតិ​ខាង​ម្ដាយ​ឪពុក​ចិញ្ចឹម​វិញ។ ក្នុង​ករណី​នេះ កូន​ចិញ្ចឹម​មាន​សិទ្ធិ​ទទួល​បាន​ចំណែក​មរតក អាហារកិច្ច និង​ស្ថិត​នៅ​ក្រោម​អាណាព្យាបាល​របស់​ម្ដាយ​ឪពុក​ចិញ្ចឹម។

 

 

កូន​ដែល​សុំ​មិន​ត្រូវ​មាន​អាយុ​លើស​ពី​៨​ឆ្នាំ​នោះ​ឡើយ រី​ឯ​ឪពុក​ម្ដាយ​ទៀត​សោត​ក៏​មិន​អាច​ជា​អ្នក​នៅ​លីវ​បាន​ដែរ ត្រូវ​មាន​អាយុ​លើស​ពី​២៥​ឆ្នាំ​និង​មាន​អាយុ​ច្រើន​ជាង​កូន​ចិញ្ចឹម​ជាង​២០​ឆ្នាំ។ ពេល​ដាក់​ពាក្យ​សុំ​កូន​ចិញ្ចឹម ត្រូវ​មាន​ការ​ព្រមព្រៀង​ពី​ឪពុក​ម្ដាយ​ចិញ្ចឹម​​ទាំង​សង​ខាង​ និង​ត្រូវ​ដាក់​ពាក្យ​ទៅ​កាន់​តុលាការ​នៃ​ទី​លំ​នៅ​របស់​ឪពុក​ម្ដាយ​ចិញ្ចឹម​នោះ​ដោយ​មាន​ការ​យល់​ព្រម​ពី​ឪពុកម្ដាយ​បង្កើត​ឬ​អាណាព្យាបាល​របស់​កុមារ​នោះ។

 

 

​ប៉ុន្តែ​តុលាការ​ក៏​អាច​សម្រេច​ផង​ដែរ ប្រសិន​បើ​ដើម្បី​ផល​ប្រយោជន៍​របស់​កុមារ​នោះ ដូច​ជា​ឪពុកម្ដាយ​បង្កើត​មិន​មាន​លទ្ធភាព​ចិញ្ចឹម​កុមារ មាន​ជីវភាព​ក្រី​ក្រ​ខ្លាំង​ពេក ធ្វើ​បាប​កុមារ ឬ​បោះ​បង់​កុមារ​នោះ​ជា​ដើម។ ផ្ទុយ​មក​វិញ ឪពុក​ម្ដាយ​បង្កើត​ក៏​អាច​ដាក់​ពាក្យ​សុំ​ឲ្យ​តុលាការ​ប្រគល់​កូន​មក​ឲ្យ​ខ្លួន​វិញ ប្រសិន​ខ្លួន​មាន​លទ្ធភាព​ចិញ្ចឹម​កូន​នោះ​វិញ។

 

 

 

ចង់​សុំ​កូន​ទៅ​ចិញ្ចឹម ត្រូវ​មាន​លក្ខខណ្ឌ​អ្វី​ខ្លះ​ដើម្បី​កូន​មាន​ចំណែក​មរតក?

រូបតំណាង

 
២​ ស្មុំ​កូន​ធម្មតា៖  កូន​ចិញ្ចឹម​អាច​មាន​ទំនាក់​ទំនង​រវាង​ឪពុកម្ដាយ​បង្កើត​ដ​ដែល​​​ ហើយ​ជា​មួយ​ញាតិ​ឪពុក​ម្ដាយ​ចិញ្ចឹម​ដែរ។ ករណី​នេះ​អនុញ្ញាត​ឲ្យ​បុគ្គល​ដែល​ជា​កូន​សុំ​នោះ​នូវ​តែ​មាន​សិទ្ធិ​​ទទួល​សន្តតិកម្ម​ពី​ឪពុកម្ដាយ​បង្កើត​ផង និង​ពី​ឪពុកម្ដាយ​ចិញ្ចឹម​ផង។ តែ​កូន​ចិញ្ចឹម​នោះ​ត្រូវ​ស្ថិត​នៅ​ក្រោម​អំណាច​មេបា​របស់​ឪពុកម្ដាយ​ចិញ្ចឹម។

 
ចំពោះ​លក្ខខណ្ឌ​នៃ​ការ​សុំ​កូន មិន​កំណត់​អាយុ​របស់​កូន​ចិញ្ចឹម​តែ​ចំពោះ​អាយុ​របស់​ឪពុកម្ដាយ​ចិញ្ចឹម​វិញ​ត្រូវ​មាន​អាយុ​លើស​ពី​២៥​ឆ្នាំ និង​ចាំ​បាច់​ត្រូវ​តែ​មាន​អាយុ​បង​កូន​ចិញ្ចឹម ហើយ​មិន​ត្រូវ​ជា​បច្ឆាញាតិ​របស់​កូន​ចិញ្ចឹម​ទេ។ អ្នក​ដាក់​ពាក្យ​សុំ មិន​ចាំ​បាច់​ត្រូវ​តែ​ជា​ប្ដី​ឬ​ប្រពន្ធ​នោះ​ទេ។ ពោល​គឺ​បុរស ឬ​ស្ត្រី​នៅ​លីវ​ក៏​អាច​ក្លាយ​ជា​ឪពុក​ឬ​ម្ដាយ​ចិញ្ចឹម​បាន​ដែរ។ ប៉ុន្តែ​ចំពោះ​អ្នក​មាន​ប្ដី​ឬ​ប្រពន្ធ ប្រសិន​បើ​មាន​តែ​ម្ខាង​ដែល​ចង់​បាន​កូន​ចិញ្ចឹម​នោះ​អានុភាព​មាន​តែ​ចំពោះ​អ្នក​ដែល​ដាក់​ពាក្យ​តែ​ប៉ុណ្ណោះ។​

 
តុលាការ​ដែល​ដាក់​ពាក្យ​សុំ គឺ​ជា​តុលាការ​នៃ​ទី​លំ​នៅ​របស់​កូន​ចិញ្ចឹម។ ក្នុង​ករណី​ដែល​ឪពុកម្ដាយ​ចង់​កាត់​កាល់​​កូន​ចិញ្ចឹម​វិញ​ គឺ​អាច​ធ្វើ​បាន​ប្រសិន​បើ​កូន​នោះ​ដល់​អាយុ​នីតិភាព​។ តែ​ចំពោះ​កុមារ​នោះ​វិញ​អាច​ដាក់​ពាក្យ​កាត់​កាល​បាន​ទោះ​មិន​ទាន់​ដល់​នីតិភាព​ក៏​ដោយ ប្រសិន​បើ​មាន​ការ​ធ្វើ​បាប​លើ​កុមារ​ឬ​បោះ​បង់​ចោល​ជា​ដើម។

 

 

សរុប​មក នៅ​ពេល​មាន​ការ​ទទួល​ស្គាល់​ដោយ​តុលាការ​ថា​ជា​កូន​ចិញ្ចឹម​ហើយ​នោះ ​​​​បុគ្គល​ជា​កូន​ចិញ្ចឹម​ហើយ​នឹង​ទទួល​បាន​នូវ​សិទ្ធិ​សន្តតិកម្ម ​នឹង​ស្ថិត​នៅ​ក្រោម​អំណាច​មេ​បា​ដូច​គ្នា​នឹង​កូន​បង្កើត​ដែរ៕

 

 

សូមអាន ៖   ច្បាប់​​ចរាចរណ៍​​ថ្មី​​ពិន័យ​​៥​​ដង​​មិន​​ពាក់​មួក អាច​​ជា​ឱកាស​​អ្នក​​លក់​​កេង​​ចំណេញ?

 
​អត្ថបទ៖ លឹម សុ​នា