បងថ្លៃ​កាប់​ប្អូនថ្លៃ​១​ពូថៅ​ចំ​ក្តោងច្រមុះ ក្នុង​ជម្លោះ​ផឹកស្រា​ត្រាំ​ពស់វែក ក្លែម​សាច់​ឆ្កែ

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់​រង​របួស​រយះ​ក្តោងច្រមុះ​ហូរ​ឈាម​ជោគ​ខ្លួន ត្រូវ​បាន​ប្រពន្ធ​ស្រែកហៅ​អ្នក​ជិតខាង​ឱ្យ​ជួយ​ដឹក​តាម​ម៉ូតូ​យក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ខណៈ​នាំ​គ្នា​ទិញ​ស្រាថ្នាំ​ត្រាំ​ពស់វែក​ផឹកស៊ី​ក្លែម​សាច់​ពិសេស​(​ឆ្កែ​) រហូត​ដល់​ស្រវឹង​ធ្លាក់​ភ្នែក​រៀង​ខ្លួន លុះ​ប្រកែក​គ្នា​លេង​ចុះឡើង​ៗ ក៏​ទាស់សម្តី​គ្នា​ធ្វើ​ឱ្យ​បងថ្លៃ​ខឹង​ក៏​ទាញ​យក​ពូថៅ​កាប់​ប្រហារ​ ប្អូនថ្លៃ​បណ្តាល​ឱ្យ​ដេក​ដួល​ក្នុង​ថ្លុកឈាម​តែ​ម្តង ។

ហេតុការណ៍​បងថ្លៃ​កាប់​ប្រហារ​ប្អូនថ្លៃ​បណ្តាល​ឱ្យ​រយះ​ក្តោងច្រមុះ​ដេក ​ដួល​ក្នុង​ថ្លុកឈាម​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​នៅ​ចំណុច​ក្រោយ​ស្តង់​ដំឡូង​មី​មួយ​កន្លែងក្នុងភូមិ​អូរ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ថោ​ង សុ​វ​ណ្ណា​រាជ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រង​របួស​រយះ​ក្តោងច្រមុះ ដេរ​អស់​៣​ថ្នេរ ជា​កម្មករ មាន​ប្រពន្ធឈ្មោះ គង់ ជា អាយុ​២៨​ឆ្នាំ មានស្រុក​កំណើត​រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​កក់ ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ខ្ទម​ចាំចម្ការ ក្នុងភូមិ​ខាងលើ ។ ចំណែកឯ​ជន​បង្កហេតុ​ត្រូវជា​បងថ្លៃឈ្មោះ តួ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ខេត្តកំពង់ស្ពឺ ។

ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ឈ្មោះ គង់ ជា ត្រូវជា​ប្រពន្ធ​ជន​រង​គ្រោះ​បាន​រៀបរាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្តី​របស់​នាង និង​បងថ្លៃ​ប្រុស​២​នាក់​បាន​នាំ​គ្នា​ទិញ​ស្រាថ្នាំ​ត្រាំ​ពស់វែក​ផឹកស៊ី ក្លែម​សាច់​ពិសេស​(​សាច់​ឆ្កែ​) តាំងពី​ល្ងាច​រហូត​ដល់​ពេល​យប់​ក៏​ស្រវឹង​រៀង​ៗ​ខ្លួន ។ នាង​បន្ត​ទៀត​ថា ពេល​នោះ​ក៏​ជជែក​គ្នា​លេង​ដោយ​សម្តី​ឮ​ៗ​អស់​រយៈពេល​៥​ទៅ​១០​នាទី ។ ពេល​នោះ​បងថ្លៃ​នាង​ម្នាក់​ឈ្មោះ ម៉ៅ បាន​ជេរ​ប្តី​នាង ដោយ​ទ្រាំ​មិន​បាន​ប្តី​នាង​​ក៏​តប​ទៅ​វិញ ធ្វើ​ឱ្យ​បងថ្លៃ​ម្នាក់​ទៀត​ខឹង​ជំនួស ក៏​ស្ទុះ​ទៅ​ទាញ​ពូថៅ​កាប់​ប្រហារ​ទៅ​លើ​ប្តី​របស់​នាង​មួយ​ពូថៅ តែ​សំណាងល្អ​ប្តី​របស់​នាង​យកដៃ​រង​ទាន់​កុំ​អី​លិច​១​ពូថៅ​អាច​ស្លាប់​ បាត់បង់​ជីវិត​ជាក់​ជា​មិន​ខាន​ឡើយ ។

ក្រោយ​កើតហេតុ នាង​ក៏​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឱ្យ​ចាប់​ជនសង្ស័យ​ទាំង​២​នាក់​យក​ទៅ​អប់រំ ហើយ​ក៏​សម្រួល​គ្នា​ដោយ​បង់លុយ​ថ្លៃ​ព្យាបាល រួច​ពួក​គេ​ក៏​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​វិញ ។ ចំណែក​នាង​និង​ប្តី នៅ​​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​វិច្ឆិកា ស្អែក​នេះ នឹង​នាំ​គ្នា​ត្រឡប់​ទៅ​រសនៅ​ទីក្រុង​ភ្នំពេញ​ផង​ដែរ ៕

បងថ្លៃ​កាប់​ប្អូនថ្លៃ​១​ពូថៅ​ចំ​ក្តោងច្រមុះ ក្នុង​ជម្លោះ​ផឹកស្រា​ត្រាំ​ពស់វែក ក្លែម​សាច់​ឆ្កែ
បងថ្លៃ​កាប់​ប្អូនថ្លៃ​១​ពូថៅ​ចំ​ក្តោងច្រមុះ ក្នុង​ជម្លោះ​ផឹកស្រា​ត្រាំ​ពស់វែក ក្លែម​សាច់​ឆ្កែ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត