វិចារណកថាៈ ព្រៃឈើនៅសល់ចុងក្រោយ កំពុងប្រឈមនឹង ការបំផ្លាញ ឥតឈប់ឈរ

រយៈពេលប៉ុន្មាន ថ្ងៃកន្លងទៅនេះ ព័ត៌មានស្តីពីការកាប់ឈើ និងដឹកជញ្ជូនឈើខុសច្បាប់ ត្រូវបានចុះ ផ្សាយយ៉ាង ច្រើននៅក្នុងសារព័ត៌មាន និងគេហទំព័រនានា ក៏ដូចជានៅតាមបណ្តាញ ទំនាក់សង្គមផង ដែរ ។ បទល្មើសកាប់ឈើ និង ដឹកជញ្ជូនឈើខុសច្បាប់នៅក្នុងខេត្តពោធិ៍សាត់ កំពង់ស្ពឺ កោះកុង ឧត្តរមានជ័យ ព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កំពុងកើតឡើង យ៉ាងអនាធិប តេយ្យ ដោយពុំមានមន្រ្តីអាជ្ញាធរ មន្រ្តីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការបង្រ្កាប ទប់ស្កាត់ ប្រកបដោយប្រសិទ្ធភាពនោះទេ ។ អ្វីដែលគួរឲ្យកត់សម្គាល់ គឺនៅពេលប្រជាពលរដ្ឋដឹក អុស ដឹក ធ្យូងលក់ ឬដឹកឈើបន្តិចបន្តួចយកទៅជួសជុល ឬសាងសង់លំនៅដ្ឋានត្រូវមន្រ្តីជំនាញដូចជា មន្រ្តី បរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើបង្រ្កាបដោយពុំមានការយោគយល់ឡើយ ប៉ុន្តែពេល ដែលឈ្មួញ ធំៗដឹកជញ្ជូនឈើប្រណីតតាមរថយន្តយីឌុបចំណុះរាប់សិបម៉ែត្រគូប និងដឹកជញ្ជូនតាមរថយន្ត ទំនើបៗបែរជាសមត្ថកិច្ចមើលរំលង ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋនៅស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់ បានឲ្យដឹងថា បទល្មើសកាប់ឈើ និងដឹកជញ្ជូនឈើក្នុងមូលដ្ឋាន របស់ពួកគាត់កំពុងកើតឡើង យ៉ាងពេញបន្ទុក ហើយសមត្ថកិច្ចពាក់ ព័ន្ធមិនចាត់វិធានការទប់ស្កាត់នោះទេ ។ ប្រភពពីប្រជា ពលរដ្ឋរស់នៅក្នុងស្រុកទាំង៣ខាងលើបានឲ្យដឹងថា សមត្ថកិច្ច ពាក់ព័ន្ធដូចជា មន្រ្តីរដ្ឋបាលព្រៃឈើ មន្រ្តីបរិស្ថាន មន្រ្តីនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងកងរាជអាវុធហត្ថជា ដើម មិនបង្រ្កាប សកម្មភាពដឹកជញ្ជូនឈើចេញពីព្រៃដែលកើតឡើងយ៉ាងគគ្រឹកគគ្រេងនោះទេ ។ ជាក់ស្តែងសមត្ថកិច្ច ចម្រុះឈរជើងនៅចំណុចក្សេតបុរី ស្រុកភ្នំក្រវាញ ឈរជើងនៅចំណុចឃុំប្រមោយ ស្រុកវាលវែង និងឈរជើងនៅចំណុចឃុំស្វាយស និងឃុំឈើតុំ ស្រុកក្រគរ បណ្តោយឲ្យក្រុមជនល្មើស ដឹកជញ្ជូន ឈើឆ្លងកាត់មុខស្នាក់ការរបស់ខ្លួន យ៉ាងអនាធិបតេយ្យដោយពុំមានការបង្រ្កាបទាល់តែសោះ ។ ចំណែកប្រជាពលរដ្ឋគ្រាន់តែចូលព្រៃកាប់អុសដឹកតាមរទេះយកទៅទុកដុត បែរជាប្រឈមនឹង ការបង្រ្កាប ឬជំរិតយកលុយយ៉ាងគឃ្លើនពីសមត្ថកិច្ចពាក់ព័ន្ធ ។

ប្រជាពលរដ្ឋនៅក្នុងស្រុកភ្នំក្រវាញ ស្រុកក្រគរ និងស្រុកវាលវែង ខេត្តពោធិ៍សាត់បានឲ្យដឹងថា ព្រៃឈើ ក្នុងមូល ដ្ឋានរបស់ពួកគាត់ ជាពិសេសនៅចំណុច កណ្តាលនៃភ្នំក្រវាញចៀស មិនផុត ពីរលត់ រលាយនោះទេ ព្រោះបទល្មើសរាល ដាលកាន់តែខ្លាំងឡើងៗឥតឈប់ឈរ ។ ក្នុងនោះមន្រ្តីបរិស្ថាន និងមន្រ្តីរដ្ឋបាលព្រៃឈើគឺជាអ្នកទទួលខុសត្រូវធំជាង គេទាក់ទងទៅនឹងបទល្មើសកាប់ឈើក្នុង តំបន់ព្រៃអភិរក្ស ព្រៃការពារ ហើយដឹកជញ្ជូនចេញយ៉ាងរលូនដោយគ្មានសមត្ថកិច្ចណាបង្រ្កាប ។ ប្រជាពលរដ្ឋបានរិះគន់ថា មន្រ្តីអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនស្ថាប័ន ប្រហែលជាទទួលបានផលប្រយោជន៍ពីក្រុមជនល្មើស ទើបបណ្តោយឲ្យមានបទល្មើសកាប់ឈើ និងអារច្រៀកឈើដឹក ជញ្ជូនធ្វើអាជិវកម្មខុសច្បាប់យ៉ាងគគ្រឹកគគ្រេងដូចសព្វថ្ងៃនេះ ។ មជ្ឈដ្ឋាន នានាបានលើកឡើងថា ប្រសិនបើអាជ្ញាធរ ខេត្តពោធិ៍សាត់ ក៏ដូចជាមន្រ្តីបរិសា្ថន និងមន្រ្តីរដ្ឋបាល ព្រៃឈើយកចិត្តទុកដាក់បង្រ្កាបបទល្មើសព្រៃឈើតាមតួនាទី របស់ខ្លួននោះ គឺមិនអាចមាន បទល្មើសកើតឡើងបានឡើយ ។

នៅក្នុងខេត្តព្រះវិហារ បទល្មើសកាប់ឈើខុសច្បាប់នៅស្រុកជាំក្សាន្ត ស្រុកឆែប ស្រុកត្បែងមានជ័យ និងស្រុក រវៀងជាដើម នៅតែកើតមានយ៉ាងពេញបន្ទុក ហើ់យព្រៃសហគមន៍ ព្រះរកាដែលសំបូរ ទៅដោយឈើប្រណីតកំពុងទទួលរងនូវការកាប់បំផ្លាញយ៉ាងពេញបន្ទុក ។ នៅក្នុងខេត្តកំពង់ធំ បទល្មើសកាប់ឈើក្នុងព្រៃឡង់នៅតែបន្តកើតមាន យ៉ាងរាលដាល ហើយក្រុមជនល្មើស និងឈ្មួញ ឈើអាចដឹកជញ្ជូនឈើតាមរថយន្តយីឌុបធំៗចេញពីក្នុងព្រៃឆ្លងកាត់ ស្រុកសណ្តាន់ ស្រុកសន្ទុក និងស្រុកប្រាសាទសំបូរយ៉ាងសុខស្រួល ។ រីឯនៅខេត្តស្ទឹងត្រែង ឈើប្រណីត និងឈើប្រ ភេទលេខ១ ក្នុងព្រៃសហគមន៍ ព្រៃការពារ និងព្រៃដែនជម្រកសត្វក្នុងស្រុកសៀមប៉ាង ស្រុកថាឡាបរិវ៉ាត់ និងស្រុកសេ សានស្ទើរតែរលាយហិនហោចអស់ទៅហើយ ។ ព្រៃឈើនៅសល់ចុងក្រោយ ក្នុងខេត្ត ស្ទឹងត្រែងកំពុងប្រឈមនឹងសេច ក្តីវិនាសយ៉ាងធ្ងន់ធ្ងរ ព្រោះមន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិន ចាត់វិធានការបង្រ្កាបឡើយ ។

តាមបណ្តាស្រុកនានាក្នុងខេត្តរតនគិរី បទល្មើសកាប់ឈើប្រណីត និងឈើប្រភេទលេខ១ នៅតែបន្ត កើតឡើង យ៉ាងរាលដាល ជាពិសេសនៅស្រុកលំផាត់ ស្រុកវ៉ឺនសៃ ស្រុកអណ្តូងមាស និងស្រុក អូរយ៉ាដាវដាដើម ហើយឈ្មួញ អាចដឹកជញ្ជូនឈើចេញតាមច្រកអន្តរជាតិអូរយ៉ាដាវ ក៏ដូចជាច្រកព្រំដែន និងច្រករបៀងក្នុងស្រុកអណ្តូងមាសដោយ គ្មានការរំខានពីសមត្ថកិច្ចឡើយ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺនៅក្នុងស្រុកអណ្តូងមាស ស្រុកអូរយ៉ាដាវ ខេត្តរតន គិរី និងស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី ជនជាតិវៀតណាមនៅតែអាចឆ្លងដែន ចូលមកកាប់ ឈើខុសច្បាប់ លើទឹកដីកម្ពុជា ដោយគ្មានញញើតអ្វីទាំងអស់ ។ លើសនេះទៅទៀតព្រៃឈើ នៅសល់ចុងក្រោយ ក្នុងខេត្តមណ្ឌលគិរីដូចជានៅស្រុកកែវ សីមា ស្រុកអូររាំង ស្រុកពេជ្រាដា ស្រុកកោះញែកជាដើម កំពុងប្រឈមនឹងការកាប់រំលំ អារច្រៀក ដឹកជញ្ជូនទៅលក់នៅ ប្រទេសវៀតណាមទាំងយប់ទាំងថ្ងៃ ។ បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវចាត់វិធានការត្រួតពិនិត្យ និងទប់ស្កាត់ ជាបន្ទាន់ ព្រោះព្រៃឈើនៅសេសសល់ចុងក្រោយកំពុងប្រឈមនឹងភាពរលាយសាបសូន្យហើយ ៕