អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​ក្រសួងមហាផ្ទៃ ឱ្យ​ពលរដ្ឋ​យក​អត្តសញ្ញាណប័ណ្ណ​ថ្មី​ដែល​របើក​ខូច​មក​ដូរ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ចុះ​ថ្ងៃ​ទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៥ បានឱ្យ​ដឹង​ថា អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម ក្រសួង​មហាផ្ទៃ និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​សម្ភារ​សម្រាប់​ផលិត​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ បាន​សហការ​គ្នា​ធ្វើការ​ត្រួតពិនិត្យ​លើ​គុណភាព​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី ដែល​បាន​បោះពុម្ព​ចែក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ក្នុង​អំឡុង​ឆ្នាំ​២០១៤ រក​ឃើញ​ថា មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​មួយ​ចំនួន​គុណភាព​មិន​គ្រប់​តាម​ស្ដង់ដា ដែល​ជា​ហេតុ​បណ្ដាល​ឱ្យ​របើក​ខូច​ជា​អន្លើ ។

អាស្រ័យ​ហេតុនេះ អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម សូម​អំពាវនាវ​ដល់​ឱ្យ​ប្រជាពលរដ្ឋ​ដែល​មាន​សន្លឹក​អត្តសញ្ញាណប័ណ្ណ​ខ្មែរ​គំរូ​ថ្មី​របើក​ខូច សូម​ទំនាក់ទំនង​ជាមួយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ឬ​អធិការដ្ឋាន​គ​របាល​ក្រុង ស្រុក ខណ្ឌ ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​សុំ​ប្ដូរ​ថ្មី​ជូន​វិញ ដោយ​មិន​តម្រូវ​ឱ្យ​បង់ថ្លៃ​អាករ និង​បង់ថ្លៃ​សេវា​ឡើយ ។

អគ្គនាយកដ្ឋាន​អត្តសញ្ញាណ​កម្ម​សង្ឃឹមថា ប្រជាពលរដ្ឋ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​គំរូ​ថ្មី​របើក​ខូច មេត្តា​យោគយល់​អធ្យាស្រ័យ​ចំពោះ​បញ្ហា​បច្ចេកទេស ដែល​កើត​មាន​ឡើង​ដូច​បាន​ជម្រាប​ជូន​ខាងលើ ៕