ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​បូក​បី​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​បូព៌ា

គូ​ឡា​ឡាំ​ពួរ​-​ម៉ា​ឡេ​ស៊ី ៖ នៅ​ល្ងាច​ថ្ងៃ​ទី​២១ វិច្ឆិកា បណ្តា​មេដឹកនាំ​នៃ​ប្រទេស​អាស៊ាន​បូក​បី បាន​ជួប​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​នៃ​បណ្តា​ប្រទេស​អាស៊ី​បូព៌ា ។ កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នេះ គឺ​ដើម្បី​ពិភាក្សា​ទៅ​លើ​របៀបវារៈ​មួយ​ចំនួន រួម​មាន​ទី​១-​របៀបវារៈ​ទាក់ទិន​ទៅ​នឹង​សកម្មភាព​ដើម្បី​លើកកម្ពស់​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ។ ទី​២-​អនុសាសន៍​ទាក់ទាញ​ឱ្យ​មានការ​ចូលរួម​ផ្តល់​ឱកាស​ឱ្យ និង​រក្សា​សហគ្រាស​មីក្រូ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅ​ក្នុង​តំបន់ ។

ពង្រឹង​កិច្ច​សហប្រតិបត្តិការ​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​ជាមួយ​ប្រទេស​ដៃគូ ។ ផ្សព្វផ្សាយ​អំពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ​ក្នុង​តំបន់ ។ នេះ​គឺជា​ជំនួប​រវាង​ថ្នាក់ដឹកនាំ​កំពូល​អាស៊ាន​បូក​បី ជាមួយ​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ី​បូព៌ា ដែល​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សា​សំខាន់​នេះ​ឡើង ។ កន្លង​មក​បណ្តា​មេដឹកនាំ​កំពូល​អាស៊ាន ធ្លាប់​បាន​ទទួល​ជួប​ជាមួយ​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​អាស៊ាន ដែល​តំណាង​ឱ្យ​វិស័យ​ឯកជន​អាស៊ាន ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដ៏​មាន​សារសំខាន់​នោះ​បណ្តា​មេដឹកនាំ​អាស៊ាន​បូក​បី បាន​កោតសរសើរ​ដល់​ក្រុម​ធុរកិច្ច​អាស៊ី​បូព៌ា ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​របស់​ខ្លួន ក្នុង​ការ​ជំរុញ​កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ​ក្នុង​តំបន់ ។ កំណើនសេដ្ឋកិច្ច​អាស៊ី​បូព៌ា នឹង​ត្រូវ​ជំរុញ​ដោយ​ការ​បង្កើត​ឡើង​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ។ ការ​ចាប់ផ្តើម​នៃ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​នឹង​នាំ​ឱ្យ​មានឱកាស​ធុរកិច្ច​ទាំងអស់​នៅ​ក្នុង​តំបន់ រួម​ទាំង​សហគ្រាស​ធុន​តូច មធ្យម និង​ខ្នាត​តូច ។

ចំពោះ​កិច្ចប្រជុំ​កំពូល​អា​ស៊ា​ន​-​សហរដ្ឋអាមេរិក​លើក​ទី​៣ បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្រោម​វត្តមាន​របស់​ព្រះករុណា​ស៊ុ​ល​តង់ សម្តេច ឯកឧត្តម មេដឹកនាំ​អាស៊ាន ជាមួយ​ឯកឧត្តម បា​រ៉ា​ក់ អូ​បា​ម៉ា ប្រធានាធិបតី​សហរដ្ឋអាមេរិក​។ កិច្ចប្រជុំ​កំពូល​អាស៊ាន សហរដ្ឋអាមេរិក​លើក​ទី​៣​នេះ​ពិភាក្សា​លើ​ចំណុច សំខាន់​ៗ​ចំនួន​២ ក្នុង​នោះ​ទី​១-​ការ​ពិនិត្យ​ឡើង​វិញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​-​សហរដ្ឋអាមេរិក និង​ទិស​ដៅ​អនាគត និង​ទី​២-​ប​ញ្ហា​ផ្សេង​ៗ ។

នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​នោះ​ប្រមុខ​ខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​អាស៊ាន និង​សហរដ្ឋអាមេរិក បាន​ពិភាក្សា​ដោយ​ស្មោះត្រង់ និង​ប្រកបដោយ​ផ្លែផ្កា ស្តី​ពី​ការ​ពង្រឹង​ទំនាក់ទំនង កិច្ច​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ដោយ​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ស្តី​ពី​បញ្ហា​តំបន់ និង​សាកល ដែល​ជា​ការ​ព្រួយបារម្ភ​រួម ។ មេដឹកនាំ​អាស៊ាន​បាន​ស្វាគមន៍​ចំពោះ​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក សម្រាប់​ការ​បង្កើត​សហគមន៍​អាស៊ាន ។ តាម​រយៈ​នេះ​មេដឹកនាំ​អាស៊ាន បាន​លើកទឹកចិត្ត​ឱ្យ​សហរដ្ឋអាមេរិក រួមចំណែក​ដល់​ការ​សម្រេច​បាន​នូវ​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០១៥ រីក​ចម្រើន​រួម​គ្នា​ទៅ​មុខ ។

ជំនួប​ពិភាក្សា​គ្នា​នោះ​ដែរ មេដឹកនាំ​អាស៊ាន​បាន​ថ្លែងអំណរគុណ​សម្រាប់​ការ​បន្ត​គាំទ្រ​របស់​សហរដ្ឋអាមេរិក ចំពោះ​តួនាទី​ស្នូល​របស់​អាស៊ាន នៅ​ក្នុង​និម្មាបនកម្ម​តំបន់​ដែល​កំពុង​វិ​វ​ឍ្ឍ តាម​រយៈ​ដំណើរការ​ដឹកនាំ​ដោយ​អាស៊ាន និង​ការ​គាំទ្រ​របស់​សហរដ្ឋអាមេរិក ដើម្បី​ពង្រឹង​កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា ស្រប​ពេល​នៃ​ការ​ប្រារព្ធ​ខួប​លើក​ទី​១០​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៥​នេះ ។

មេដឹកនាំ​អាស៊ាន​បាន​អនុម័ត​លើ​សំណើ​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​ដំឡើង​ទំនាក់ទំនង កិច្ច​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ឱ្យទៅ​ជា​ចំណុច​យុទ្ធសាស្ត្រ ។ ជាមួយ​គ្នា​នេះ​មេដឹកនាំ​អាស៊ាន បាន​អនុម័ត​សេចក្តីថ្លែងការណ៍​រួម​ស្តី​ពី​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន​-​សហរដ្ឋអាមេរិក ដែល​បាន​ដំឡើង​ទំនាក់ទំនង កិច្ច​សន្ទនា​អាស៊ាន​-​សហរដ្ឋអាមេរិក ដល់​កម្រិត​ថ្មី​មួយ តាម​រយៈ​ការ​ដាក់​ឱ្យ​ដំណើរការ​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​អាស៊ាន សហរដ្ឋអាមេរិក​ដែល​ដំឡើង​ទៅ​មុខ និង​គ្រប់​ជ្រុងជ្រោយ ។

មេដឹកនាំ​អាស៊ាន បាន​ស្វាគមន៍​ផែនការ​សកម្មភាព ដើម្បី​អនុវត្ត​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ អាស៊ាន​-​សហរដ្ឋអាមេរិក ឆ្នាំ​២០១៦-២០២០ ដែល​បាន​កំណត់​អាទិភាព និង​វិធានការ​ដែល​ភាគី​ទាំង​សងខាង​ត្រូវធ្វើ ដើម្បី​បន្ត​ពង្រឹង​កិច្ច​សហប្រតិបតិការ​សន្តិសុខ នយោបាយ សេដ្ឋកិច្ច វប្បធម៌ និង​សម្រេច​បាន​នូវ​សក្តានុពល​ពេញលេញ​នៃ​ភាព​ជា​ដៃគូ​អាស៊ាន​-​សហរដ្ឋ​អា​មេរិ​ក ។ ជាមួយ​គ្នា​នេះ​មេដឹកនាំ​អាស៊ាន បាន​សន្យាបន្ត​កិច្ច​សហប្រតិបត្តិការ​របស់​ខ្លួន ក្នុង​ស្មារតី​បង្កើត​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដើម្បី​បង្កើន​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ក៏​ដូច​ជា​ការ​បង្កើត​ឱកាស​ការងារ ថ្មី​ៗ​បន្ថែម​ទៀត នៅ​ក្នុង​តំបន់​ទាំង​ពីរ ។

ជាមួយ​គ្នា​នេះ មេដឹកនាំ​អាស៊ាន និង​សហរដ្ឋអាមេរិក បាន​បញ្ជាក់​ឡើង​វិញ​នូវ​ការ​ប្តេជ្ញា​ចិត្ត នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម​អាស៊ាន​-​សហរដ្ឋអាមេរិក ស្តី​ពី​បម្រែបម្រួល​អាកាសធាតុ​ឆ្នាំ​២០១៤ និង​បាន​បញ្ជាក់​សា​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ក្នុង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយ​តប ក្នុង​គ្រាហ៍​អាសន្ន ស្រប​ទៅ​នឹង​កិច្ចព្រមព្រៀង​អាស៊ាន ស្តី​ពី​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ និង​ការ​ឆ្លើយ​តប​ក្នុង​គ្រាអាសន្ន និង​កម្មវិធី​ការងារ​របស់​វា​។ ទន្ទឹម​នឹង​នេះ​មេដឹកនាំ​ទាំងអស់ បាន​ទទួលស្គាល់​ពីសារ​សំខាន់​ដ៏​ធំធេង​នៃ​ការ​អភិវឌ្ឍ​យុវជន​នៅ​ក្នុង​អាស៊ាន និង​បាន​ស្វាគមន៍​ចំពោះ​គំនិតផ្តួចផ្តើម​របស់​សហរដ្ឋអាមេរិក ក្នុង​ការ​លើកកម្ពស់​ការ​ផ្លាស់​ប្តូរ​ប្រជាជន និង​កម្មវិធី​អាហា​រូបករ​ណ៍ ។

មេដឹកនាំ​ទាំងអស់​ក៏​បាន​ប្តេជ្ញា​រួម​គ្នា​ក្នុង​ការ​ការពារ​ដល់​សិទ្ធិ​ស្ត្រី កុមារ យុវជន និង​មនុស្ស​ចាស់ ព្រមទាំង​ពលករ​ទេស​ន្ត​ប្រវេសន៍ ប្រជាជន​ក្នុងស្រុក ជន​ពិការ ក្រុម​ជនជាតិភាគតិច ប្រជាជន​ស្ថិត​ក្នុង​ស្ថានភាព​ងាយ​រង​គ្រោះ និង​ក្រុម​ដែល​ត្រូវ​គេ​បោះបង់​ចោល និង​លើកកម្ពស់​ផលប្រយោជន៍ និង​សុខុមាលភាព​របស់​ពួក​គេ នៅ​ក្នុង​របៀបវារៈ​នា​ថ្ងៃ​អនាគត​របស់​អាស៊ាន រួម​ទាំង​តាម​រយៈ​អាស៊ាន​ឆ្នាំ​២០២៥ រីក​ចម្រើន​ទៅ​មុខ​រួម​គ្នា ៕        
អត្ថបទ ទ​ទក