កិច្ច​សន្ទនា​ថ្នាក់ដឹកនាំ​តំបន់​អាស៊ាន​ជាមួយ​បណ្តា​វិនិយោគិន​សាកល

គូ​ឡា​ឡាំ​ពួរ​-​ម៉ា​ឡេ​ស៊ី ៖ នៅ​រសៀល​ថ្ងៃ​ទី​២០ ខែវិច្ឆិកា បណ្តា​មេដឹកនាំ​អាស៊ាន បាន​អញ្ជើញ​ចូលរួម​ក្នុង​កិច្ច​សន្ទនា​នៃ​ថ្នាក់ដឹកនាំ​តំបន់​អាស៊ាន ជាមួយនឹង​វិនិយោគិន​សាកល​គឺ​ធ្វើ​ឡើង​មុន​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​២៧ ដែល​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែវិច្ឆិកា ។

ដូច​គ្នា​នឹង​បណ្តា​មេដឹកនាំ​អាស៊ាន​ដទៃ​ទៀត​ដែរ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​គូសបញ្ជាក់​ទៅ​កាន់​វិនិយោគិន​សកល​ដែល​បាន​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​ដ៏​មាន​សារសំខាន់​នេះ​ថា ទស្សនវិស័យ​វែង​ឆ្ងាយ​របស់​កម្ពុជា​ឆ្ពោះទៅ​ឆ្នាំ​២០៣០ គឺ​រាជរដ្ឋាភិបាល​បាន​រៀបចំ និង​ដាក់​ចេញ​កាលពី​ខែសីហា​ឆ្នាំ​២០១៥ នូវ​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​២០១៥-២០២៥ ជា​យុទ្ធសាស្ត្រ​កំណើន​ថ្មី​របស់​កម្ពុជា ។ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​បន្ត​ថា យើង​បាន​ផ្តល់​អាទិភាព​ខ្ពស់ លើ​វិធានការ​គោល​សំខាន់​ៗ​ចំនួន​៤ ក្នុង​ការ​ជំរុញ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា ក្នុង​នោះ​រួម​មាន ៖

ទី​១-​ការ​បញ្ចុះតម្លៃ​អគ្គិសនី​សម្រាប់​តំបន់ឧស្សាហកម្ម​គោល រួម​ទាំង​ការ​ពង្រីក​វិសាលភាព​គ្របដណ្តប់ និង​ការ​លើកកម្ពស់​ភាព​ទុកចិត្ត​ក្នុង​ការ​ផ្គត់ផ្គង់​ចរន្តអគ្គិសនី ។
ទី​២-​ការ​រៀបចំ​និង​ការ​អនុវត្ត​ផែនការមេ សម្រាប់​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ដឹក​ជញ្ជូន និង ឡូ​ជី​ស្ទីក​ពហុ​មធ្យោបាយ ។
ទី​៣-​ការ​ពង្រឹង​និង​ការ​អភិវឌ្ឍ​យន្តការ​គ្រប់គ្រង​ទីផ្សារពលកម្ម និង​ការ​បណ្តុះបណ្តាល​ជំនាញ ។
ទី​៤-​ការ​អភិវឌ្ឍ និង​ការ​ប្រែក្លាយ​ខេត្ត​ព្រះ​សីហ​នុ ទៅ​ជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុ​បំណង ។

សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី មាន​ប្រសាសន៍​បន្ត​ថា ដើម្បី​សម្រេច​នូវ​ចក្ខុវិស័យ​អភិវឌ្ឍន៍​នេះ កម្ពុជា​ត្រូវការ​នូវ​ហិរញ្ញប្បទាន​យ៉ាងច្រើន ពោល​គឺ​ពី​១២​ទៅ​១៦​ប៊ី​លាន​ដុល្លារ សម្រាប់​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទសវត្សរ៍​ខាង​មុខ​។ ជាមួយនឹង​វេទិកា​ដ៏​មាន​សារសំខាន់​នេះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ដល់​វិនិយោគិន​ពី​គ្រប់​ទិស​ទី អញ្ជើញ​ចូល​មក​សិក្សា​ស្រាវជ្រាវ​ពី​លទ្ធភាព​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា ទាំង​ក្រោម​ទម្រង់​នៃ​ភាព​ជា​ដៃគូ​វិស័យ​សាធារណៈ ឯកជន និង​ទាំង​ក្នុង​ទម្រង់​ផ្សេង​ៗ​ទៀត ។

សម្តេច​តេ​ជោ បាន​សង្កត់ធ្ងន់​ថា រាជរដ្ឋាភិបាល​កម្ពុជា​ត្រៀមខ្លួន​ជា​និច្ច​ក្នុង​ការ​ទទួល​ពិភាក្សា និង​ជួយ​ជ្រោមជ្រែង​លើ​រាល់​គម្រោង​វិនិយោគ​របស់​អ្នក​វិនិយោគ ដើម្បី​ចែករំលែក​ស្ថានភាព​ឈ្នះ ឈ្នះ​ជាមួយ​គ្នា ៕

 អត្ថបទ ទ​ទក