នគរ​បាល​បង្ហាញ​មុខ​​​គូ​សង្សារ​ដែល​ធ្វើ​សកម្ម​ភាព​រិត​.ក​លោក​យាយ​ម្នាក់នៅ​កោះ​ដាច់​​ប៉ង​ប្លន់​មិន​បាន​សម្រេច

រាជ​ធានី​ភ្នំ​ពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២៣ វិច្ឆិកា នេះ នគរ​បាល​បាន​បង្ហាញ​មុខ​បុរស និង​ស្ត្រី​ជា​សង្សារ​គ្នា​ដែល​បាន​ធ្វើ​សកម្ម​ភាព​រិត​.ក​សម្លាប់​លោក​យាយ​​ម្នាក់​នៅ​សង្កាត់​កោះ​ដាច់​ប៉ុន​ប៉ង​ប្លន់​ មិន​បាន​សម្រេច​។

ជន​សង្ស័យ​ឈ្មោះ​សេង សំអយ ភេទ​ស្រី ហៅ​អិប អាយុ​២២​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​ក្បាល​កោះ​ សង្កាត់​កោះ​ដាច់​ ខណ្ឌ​ជ្រោយ​ចង្វារ​ មុខ​របរ​ជាង​អ៊ុត​សក់​ និង​សង្សារ​ឈ្មោះ​ស៊ីម រដ្ឋ​ ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​ផ្សារ​កណ្តាល រាជ​ធានី​ភ្នំពេញ​ ។

ជន​សង្ស័យ​ត្រូ​វ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​ម៉ោង​៧ និង​៣០​នាទី​យប់ ថ្ងៃ​ទី​២១​ វិច្ឆិកា បន្ទាប់ពី​ធ្វើ​សកម្ម​ភាព​រិត​.ក​ដោយ​ខ្សែ​នី​ឡុង​ប៉ង​ប្លន់​លោក​យាយ​ម្នាក់​​រស់​នៅ​ក្បែរ​ខាង​ឈ្មោះ​បេ សួង អាយុ​៩០​ឆ្នាំ មិន​បាន​សម្រេច​ដោយ​សារ​លោក​យាយ​ស្រែក​ឆោ​ឡោ​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ជិត​ខាង​ដេញ​ស្ទាក់​ចាប់បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​។

ប្រភព​បាន​ឱ្យ​ដឹង​ថា មុន​កើត​ហេតុ​ស្ត្រី​សង្ស័យ​បាន​ទូរ​ស័ព្ទ​ហៅ​សង្សារ​ឱ្យ​មក​ឌុប​ពី​កន្លែង​អ៊ុត​សក់​នៅ​ផ្សារ​ស៊ីលិបធ្វើ​ដំណើរ​ទៅ​ផ្ទះ​នៅ​សង្កាត់​កោះ​ដាច់​។ ពេល​ទៅ​ដល់​ផ្ទះ​ស្ត្រី​សង្ស័យ​បាន​ឱ្យ​សង្សារ​នៅ​ចាំ​ក្នុង​វត្ត​ ហើយ​នាង​ក៏​ធ្វើ​ដំណើរ​ទៅ​ផ្ទះ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ​ពី​វត្ត​ក៏ធ្វើ​​សកម្ម​ភាព​យក​ខ្សែ​នី​ឡុង​ទៅ​រិត​.ក​លោក​យាយ​រង​គ្រោះ​ តែ​ពេល​នោះ​លោក​យាយបាន​ស្រែក​ឆោ​ឡោ​​ធ្វើ​ឱ្យ​ផ្អើល​ដល់​ចៅ និង​អ្នក​ជិត​ខាង​ចេញ​មក​ស្ទាក់​ចាប់​បាន​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ភ្លាមៗតែ​ម្តង​៕