ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​សន្លប់​ម្នាក់

រាជ​ធានីភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជោកជាំ​បើករថយន្ត​ទាំង​ដេក​លក់​​​ទៅ​បុក​ក្បាល​ពុះ​ចែកផ្លូវ​ពេញទំហឹង​បណ្តាល​ឲ្យ​បែកក្បាល​រង​របួសធ្ងន់​ ចំណែក​អ្នក​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស​ទេ​បាន​រត់គេច​ខ្លួន​បាត់​​២នាក់។

​​ហេតុការណ៍​នេះ​បានកើតឡើង​កាលពី​វេលា​ម៉ោង​4​ និង​10​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​23 ​វិច្ឆិកា នៅ​ខាងជើង​មន្ទីរពេទ្យ​ព្រះ​កុស​មៈ​ប្រមាណ​ជា​១០០​ម៉ែត្រ តាម​ផ្លូវ​156​កែង​ផ្លូវ​271 សង្កាត់​ទឹកល្អក់​1 ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បានឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​ម៉ាក CRV ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 2G  6900 ជិះ​គ្នា​៤​នាក់ ​ប្រុស​ទាំងអស់ សុទ្ធតែ​ស្រវឹង​ជោកជាំ បើកបរ​តាម​ផ្លូវ​លេខ​១៥៦ ទិស​ដៅ​ពី​កើត​ទៅ​លិច គោលបំណង​បត់​ឆ្វេង ដោយសារ​តែ​អ្នកបើកបរ​ស្រវឹង​ខ្លាំង​ពេក​ងងុយដេក​មិន​បាន​បត់​ទេ​បាន​បើក​ត្រង់​ទៅ​បុក​ក្បាល​នាគ​ពុះ​ចែកផ្លូវ​ពេញទំហឹង​បាក់​អស់​អស់​1​កង់ រីឯ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​ទាំងស្រុង ចំណែក​អ្នកបើកបរ​បោក​ក្បាល​នឹង​រថយន្ត​បែកក្បាល​របួសធ្ងន់ តែ​អ្នក​រួម​ដំណើរ​ជាមួយ​មិន​មាន​រង​របួស​ទេ​បាន​នាំ​គ្នារត់គេច​ខ្លួន​បាត់​២​នាក់ នៅ​សល់​តែ​បុរស​ម្នាក់​ដែល​រួម​ដំណើរ​ជាមួយ​គ្នា​ស្រវឹង​ដូច​គ្នា​ជូន​អ្នករង​របួស​ដឹក​តាម​រ៉ឺ​ម៉ក​ម៉ូតូ​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ក្បែរ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​ខ្ទេច​មួយ​កំណាត់​ខាង​មុខ​ត្រូវ​សមត្ថកិច្ច​ស្ទួ​ច​យក​ទៅ​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ក្រុងភ្នំពេញ​ដើម្បី​សង​សំណង​ថ្លៃ​ខូចខាត​ក្បាល​នាគ​ពុះ​ចែកផ្លូវ​៕