ឌុ​ច លីដា មិនទាន់​រៀបការ ព្រោះតែ​សិល្បៈ​

Sanofi

ស្រប​ពេលដែល​ស្រី​ស្អាត ឌុ​ច លីដា កំពុងមាន​ទីផ្សារ​ខ្លាំង ស្រាប់​តែមាន​លេចឮ​ពត៌មាន​ថា ឌុ​ច លីដា ត្រូវ​ប្រុស​អ្នកមាន​ម្នាក់ តាម​ស្អិត​រហូត​ធ្វើ​ឲ្យ​នាង​ផ្លាស់ប្តូរ​លេខ​ទូរស័ព្ទ​ញឹកញាប់​បំផុត ។ កន្លងមក មាន​គេ​ធ្លាប់​ឃើញ​នាង​បណ្តើរគ្នា​ជាមួយ​បុរស​អ្នកមាន​ទ្រព្យ​ម្នាក់​រហូត​ត្រូវបាន​គេ​និយាយ​តៗ​គ្នា​ថា បុរស​ម្នាក់​នោះ​គឺជា​គូស្នេហ៍​របស់​នាង ដែល​បាន​ទាក់ទង​គ្នា​អស់​រយៈពេល​ជា​យូរ​ឆ្នាំ​មកហើយ​។

ប៉ុន្តែ​ពួកគេ​នៅ​ពុំទាន់​ដឹក​ដៃ​គ្នា​ចូល​រោងការ​ទៀត ទោះជា​យ៉ាងណា ឌុ​ច លីដា បានបញ្ជាក់​ប្រាប់ថា នាង​មិន​ស្គាល់​ឧកញ៉ា​ណា​ម្នាក់​ទេ សម្រាប់​គូស្រករ ដែល​នាង​នឹងត្រូវ​ជ្រើសរើស​ជា​គូ​អនាគត​នោះ គ្រាន់តែ​ជា​បុរស​សាមញ្ញ​ម្នាក់ ពេលនេះ​នាង​កំពុង​ជ្រើសរើស​មើលថា តើ​បុរស​រូប​ណា ដែល​អាច​ឲ្យ​នាង​ផ្ញើ​វាសនា​បាន តែ​ពេលនេះ នាង​មិនទាន់​សម្រេចចិត្ត​រៀបការ​នៅឡើយ​ទេ ពីព្រោះ​នាង​នៅ​ស្រឡាញ់​សិល្បៈ​។ ឌុ​ច លីដា បាន​សារភាពថា នាង​ពិត​ជាមាន​អ្នក​សុំ​ស្រឡាញ់ និង តាម​នាង​ស្អិត​ច្រើន​មែន មិន​ថា អ្នក​ក្នុង​ឬ​ក្រៅ​សិល្បៈ​នោះទេ​គឺមាន​ជា​ហូរហែ តែ​នាង​មិនទាន់​យល់ព្រម​ទទួល​យកក្តី​ស្រលាញ់​ពី​បុរស​ណា​ម្នាក់​នៅឡើយ​ទេ​។

ដោយសារ​នាង​គិតថា ជីវិត​មានគូស្រករ​គឺអាច​ធ្វើ​ឲ្យ​ការងារ​សិល្បៈ​របស់​នាង​មានការ​ធ្លាក់ចុះ ដូច្នេះហើយ​ទើប​នាង​ចង់​ចំណាយ​ពេលវេលា​នៅក្នុង​ពិភព​សិល្បៈ​ឲ្យ​បាន​ច្រើន ។ ភាគច្រើន នាង​បានត្រឹមតែ​រាប់អាន​ជាមួយ​អ្នក​ទាំងនោះ ត្រឹមតែ​ជា​មិត្តភក្តិ ប៉ុន្តែ​បើ​គិតថា អាច​រស់នៅ​ជាមួយគ្នា​បាន នាង​នឹង​សម្រេចចិត្ត​រៀបការ​ភ្លាម ។ ឌុ​ច លីដា បាន​ឆ្លើយ​បដិសេធថា នាង​មិនបាន​ស្គាល់​លោក​ឧកញ៉ា ដែល​តាម​នាង​ស្អិត​នោះទេ ហើយ​នាង​ក៏​មិន​ចង់​ពាក់ព័ន្ធ​ជាមួយ​បុរស​ណា ដែលមាន​ភរិយា​រួចហើយ​ដែរ​។ ថ្វីដ្បិតតែ ឌុ​ច លីដា ឆ្លើយ​ដូច្នេះ​ក្តី តែ​ក្នុង​ពិភព​សិល្បៈ​សុទ្ធតែ​បានដឹងថា គូស្នេហ៍​របស់ ឌុ​ច លីដា គឺជា​អ្នកមាន​ទ្រព្យ​ម្នាក់ ដែល​បាន​ស្រឡាញ់គ្នា​ជា​យូរ​ឆ្នាំ​មកហើយ គ្រាន់តែ​នាង​ព្យាយាម​លាក់បាំង​មិន​ចង់​ឲ្យ​គេ​ដឹង ឮ​តែប៉ុណ្ណោះ​។

ដូច​ដឹង​ស្រាប់​ហើយ​ថា តារា​ស្រី ដែលមាន​ឈ្មោះ​បោះ​សំឡេង បើ​ប្រកាសប្រាប់​គេ​ថា ខ្លួន​មាន​គូស្នេហ៍​រួច​នោះ អាច​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ របស់​ពួកគេ ។ ឌុ​ច លីដា បានបញ្ជាក់​បន្ថែមទៀត​ថា មូលហេតុ​ដែល​នាង​មិនទាន់​សម្រេចចិត្ត​រៀបការ ដោយសារ​នាង​នៅ​ស្រឡាញ់​សិល្បៈ​។ ហើយ​នាង​កំពុងមាន​ហាងឆេង​ល្អ ត្រូវបាន​គេ​ហៅ​ថត​រឿង​ជា​បន្តបន្ទាប់​ស្ទើរតែ​រក​ពេលវេលា​សម្រាក​គ្មាន បើ​សម្រេចចិត្ត​រៀបការ​នៅក្នុង​ពេលនេះ អាចធ្វើ​ឲ្យ​ប៉ះពាល់​ប្រជាប្រិយភាព​ក៏ដូចជា ការងារ​សិល្បៈ​របស់​នាង ។​អ្វីដែល​សំខាន់​នោះ​គឺ​នាង​មិនទាន់​រកឃើញ​មនុស្ស​ដែល​ត្រូវ​រៀបការ​ជាមួយ​មិនទាន់​ឃើញ ភាគច្រើន​មានតែ​អ្នក​ស្រលាញ់​នាង បែប​លេងសើច យកជាការ​មិនបាន ទើប​នាង​មាន​អារម្មណ៍​ខ្លាច និង​មិនទាន់​ចង់​រៀបការ ។

ឌុ​ច លីដា គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍ ដែល​ចូលចិត្ត​លេងខ្លួន​សាមញ្ញ​បំផុត សូម្បីតែ​សម្ភារៈ ដែល​នាង​ប្រើប្រាស់ នាង​មិន​គិតថា របស់​ទាំងនោះ​ថ្លៃ​ឬ​ថោក​នោះទេ សំខាន់​ឲ្យ​តែ​នាង​ស្រឡាញ់​ពេញ ចិត្ត ចំពោះ​រថយន្ត​ក៏​ដូច្នោះ​ដែរ ចាប់តាំងពី​ចូលប្រលូក​ក្នុង​វិស័យ​សិល្បៈ នាង​មិនសូវ​ផ្លាស់ប្តូរ​រថយន្ត សេរី​ទំនើបៗ ដូចជា​តារា​ល្បី​ដទៃទៀត​នោះទេ ។ ដោយឡែក​ថ្មី​នេះ ក្រោយពី​ទទួលបាន​ការងារ​ថ្មី​ជា​បន្តបន្ទាប់ ស្រាប់​តែមាន​ព័ត៌មាន​ថា ឌុ​ច លីដា គ្រោង​នឹង​ផ្លាស់ប្តូរ​រថយន្ត​សេរី​ទំនើប​មួយ​ជិះ​ឲ្យ​ឡូយឆាយ​ដូចជា​មិត្តភក្តិ​មួយចំនួន​ដែរ ។​

ប៉ុន្តែ​នៅពេល​ជួប​ជាមួយ ឌុ​ច លីដា បែរជា​និយាយថា រឿង​ជិះ​រថយន្ត​ទំនើប​ឬ​មិន​ទំនើប​មិនមែនជា​រឿង​សំខាន់ សម្រាប់​នាង​នោះទេ អ្វីដែល​សំខាន់​នោះ​គឺ​ការ​ខំប្រឹងប្រែង​រកប្រាក់​ឲ្យ​បាន​ច្រើន និង មានផ្ទះ​ស្អាត​រស់នៅ ជីវភាព​គ្រួសារ​ធូរធារ ទោះ​រថយន្ត​ដែល​នាង​ជិះ​មិន​ទំនើប​ដូច​គេ តែ​ក៏​ចាត់ទុកថា​គ្រាន់បើ​ដែរ​។ ពីព្រោះ​ប្រាក់កាស ដែល​នាង​មាន សុទ្ធតែជា​កម្លាំង​ញើស​ឈាម​របស់​នាង​ផ្ទាល់ ដោយ​នាង​មិនបាន​ពឹងពាក់​នរណាម្នាក់​ឲ្យ​ជួយ​នាង​ឡើយ ។

​ ​ឌុ​ច លីដា កាន់​តែមាន​ហាងឆេង​ល្អ​ត្រូវបាន​គេ​ហៅ​ថត​រឿង​ជា​បន្តបន្ទាប់ រហូត​មាន​ព័ត៌មាន​ថា ឌុ​ច លីដា បាន​បង្កើន​តម្លៃ​ខ្លួន​ខ្ពស់​មួយ​ជា​ពីរ ធ្វើ​ឲ្យ​បណ្តា​ក្រុមហ៊ុន​និង​ម្ចាស់​ផលិតកម្ម​មួយ ចំនួន​មានការ​ទាក់​ទើរ​ក្នុង​ការហៅ​នាង​ថត ។ ឌុ​ច លីដា បានបញ្ជាក់​ប្រាប់ថា នាង​មិនបាន​តម្លើងថ្លៃ ខ្លួន​ខ្ពស់ ខុសពី​ធម្មតា​នោះទេ សម្រាប់​ផលិតផល ក្រៅប្រទេស​នាង​ទទួល​ថត​ក្នុងតម្លៃ​ស្តង់ដា​មួយ ទៅតាម​ក្រុមហ៊ុន​។ ដោយឡែក​ការថត​ឲ្យ​អង្គការ​ឬ​ថត​ផលិតផល​ក្នុងស្រុក​យក​តម្លៃ​ទាប​បំផុត​ពីព្រោះ​នាង​ចង់​លើក​ស្ទូ​យ​ផលិតផល​ក្នុងស្រុក មានពេលខ្លះ​នាង​ថត​មិន​យកប្រាក់​ទៀតផង ។

ឌុ​ច លីដា គឺជា​ស្រី​ស្អាត​សម្បូរ​ស្នេហ៍ ព្រមទាំង​ចូលចិត្ត​ថតរូប​សិច​ស៊ី​បង្ហាញ​ទស្សនិកជន ឌុ​ច លីដា ថែមទាំង​និយាយទៀតថា បើ​មាន​ពេលទំនេរ​នាង​គ្រោង​នឹង​ថតរូប​ភាព​សិច​ស៊ី​មួយចំនួនទៀត ដើម្បី​ទុក​មើល ជាក់ស្តែង​រូបភាព​សិច​ស៊ី ដែល​នាង​បាន​ថត​នាពេល​កន្លងមក ភាគច្រើន​សុទ្ធតែជា​រូបភាព ដែល​នាង​ថត​ទុក​មើល មិនមែន​រូបភាព​ដែល​នាង​ថត​ផ្សាយ​ផលិតផល​អ្វីមួយ​នោះទេ ។ ម៉ា រី​សា

 

Related