អ្នកនាំពាក្យ​៖ ជ័យជម្នះ​ចុងក្រោយ​លោក​ថេ​ន​សេន គឺ​ការ​ផ្ទេរតំណែង​ដោយ​សន្តិវិធី​

​អវត្តមាន​នៃ​ជំនួប​រវាង​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា លោក ថេ​ន សេន ជាមួយនឹង​មេបក្ស​ប្រឆាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី ដែល​ទើបតែ​ទទួលបាន​ជ័យជម្នះ​ភ្លូកទឹកភ្លូកដី​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា កន្លងទៅ ធ្វើ​ឲ្យ​មានការ​រិះគន់​ច្រើន ថា​លោក ថេ​ន សេន មិន​មានបំណង​ផ្ទេរតំណែង​។ យ៉ាងណា​ក៏ ដោយ​ចម្ងល់​នេះ ត្រូវបាន​អ្នកនាំពាក្យ​ប្រធានាធិបតី ច្រានចោល និង អះអាងថា លោក ថេ​ន សេន មាន​បំណងល្អ​ក្នុងការ ធ្វើ​គំរូ​សម្រាប់​លទ្ធិ​ប្រធានាធិបតី​វ័យក្មេង​មី​យ៉ាន់​ម៉ា​តាមរយៈ​ការផ្ទេរ​តំណែង ដោយ​សន្តិវិធី​។​

​កាលពី​ចុងក្រោយ​សប្តាហ៍​កន្លងទៅ លោក Ye Htut អ្នកនាំពាក្យ​ប្រធានាធិបតី​មី​យ៉ាន់​ម៉ា បានចេញ​មុខ ការពារ​ចំពោះ​មតិ​រិះគន់​មួយចំនួន​នៃ​អវត្តមាន​នៃ​ការពិភាក្សា​រវាង​លោក​ថេ​ន សេន និង លោកស្រី អ៊ុង​សាន ស៊ូ​ជី​។ អ្នកនាំពាក្យ​រូបនេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា លោក​ប្រធានាធិបតី ថេ​ន សេន នឹង​កំណត់​កេរ្តិ៍ឈ្មោះ​ដ៏​ល្អ​មួយ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ​វ័យក្មេង​មី​យ៉ាន់​ម៉ា​ដោយ​ការផ្ទេរ​តំណែង​ដោយ​សន្តិវិធី​ហើយ នេះ​គឺជា​ជ័យជម្នះ​ចុងក្រោយ​នៃ​រដ្ឋបាល​គ្រប់គ្រង​របស់លោក​។

​លោក Ye Htut បាន​ថ្លែង​ទៅកាន់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ថា រដ្ឋាភិបាល​មី​យ៉ាន់​មា់ កំពុង​ព្យាយាម​កសាង​កេរ្តិ៍ដំណែល​លទ្ធិប្រជាធិបតេយ្យ​មួយ​ដ៏​ល្អ​ដែល​មិន​ធ្លាប់មាន​ពីមុន​នៅក្នុង​ប្រវត្តិសាស្ត្រ​តាំងពី​មី​យ៉ាន់​ម៉ា​ទទួលបាន​ឯករាជ្យ​។ ហើយ​ជាក់ស្តែង​នោះ រដ្ឋាភិបាល បាន​បង្កើត​ឲ្យ​មានការ​បោះឆ្នោត​ដោយ​រលូន និង ផ្ទេរអំណាច​ដោយ​សន្តិភាព​សម្រាប់​រដ្ឋាភិបាល​ថ្មី​។ អ្នកនាំពាក្យ​រូបនេះ បាន​សង្កត់​ទៀតថា រដ្ឋាភិបាល នឹងធ្វើ​កិច្ចការ​មួយ​សម្រាប់​ការកែទម្រង់​ចុងក្រោយ ហើយ វា នឹង​ក្លាយជា ជម្នះ​ចុងក្រោយ​របស់​រដ្ឋាភិបាល​លោក​ថេ​ន សេន​។​

​តាមពិតទៅ លោក​ប្រធានាធិបតី ថេ​ន សេន បាន​រង​ការរិះគន់​ខ្លាំង ក្រោយពី​លោក បាន​យល់ព្រម​តាម​សំណើ​របស់​លោកស្រី​ស៊ូ​ជី ក្នុងការ​ចរចា​ពី​ការផ្ទេរអំណាច​ក្រោយពី​ការបោះឆ្នោត តែ​លោក មិនទាន់​បញ្ជាក់​ពី​កាលបរិច្ឆេទ​ច្បាស់លាស់ ខណៈ​បន្ត​រក្សា​ភាព​ស្ងៀមស្ងាត់​។ អ្វីដែល​ប្រជាជន​ភ័យ ខ្លាច នោះ​លោក ថេ​ន សេន នឹង​ពន្យា​ពេល​ផ្ទេរអំណាច និង​ការផ្ទេរអំណាច​មិនអាច​ប្រព្រឹត្ត​ទៅដោយ​រលូន​។​

​យ៉ាងណាក៏ដោយ លោក Ye Htut បាន​ច្រានចោល​រាល់​ការរិះគន់​ទាំងអស់ ដោយ​លោក បញ្ជា​ក់មក វិញ​ថា លោក​ប្រធានាធិបតី ថេ​ន សេន បាន​បង្គាប់​ឲ្យ​មន្ត្រី​រដ្ឋាភិបាល​ត្រៀម​ក្នុង​ការប្តូរ​ក្បាលម៉ាស៊ីន និង ផ្ទេរអំណាច​ដោយ​សន្តិវិធី​ផងដែរ​។ លោក បាន​បន្ថែមទៀត សម្រាប់​ជំនួប​រវាង​លោក​ថេ​ន សេន និង លោកស្រី​ស៊ូ​ជី នឹងធ្វើ​ឡើង​នៅពេល​មួយ​សមស្រប​ខាងមុខនេះ​។​

​អ្វី​គូរ​កត់សម្គាល់​នោះ លោក Ye Htut បាន​ព្យាយាម​លើកឡើង​ពី​សមិទ្ធផល​ដ៏​ធំ​របស់លោក ថេ​ន សេន ដែល​គ្រប់គ្នា​ប្រហែលជា​មិន​ជឿ​។ នោះ​គឺ លោក ថេ​ន សេន គឺជា​ផ្តួចផ្តើម​ឲ្យ​មានការ​កែទម្រង់​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា និង​កសាង​សន្តិភាព​តាំងពី​ឆ្នាំ​២០១០​មកម្ល៉េះ​។ ចាប់ពី​ឆ្នាំ​២០១០ មី​យ៉ាន់​ម៉ា បាន​ផ្លាស់ប្តូរ​ពី​របប​យោធា​ទៅកាន់​របប​លទ្ធិប្រជាធិបតេយ្យ និង បាន​ចុះ​កិច្ចព្រមព្រៀង​សន្តិភាព ជាមួយ​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ជាច្រើន​ក្រោម​ការដឹកនាំ​ដោយ​រដ្ឋាភិបាល​ពាក់កណ្តាល​ស៊ីវិល លោក ថេ​ន សេន​។

​សូមបញ្ជាក់​ផងដែរ គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ​លោកស្រី​អ៊ុង​សាន ស៊ូ​ជី បានទទួល​អាសនៈ​ក្នុ​សភា​សរុប​លើសពី​សំឡេង​ដាច់ខាត​ដើ​ម្ប​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​បាន​។ ការបង្កើត​រដ្ឋា​ភិ បាល​ថ្មី ឬ​ជ្រើសរើស​ប្រធានាធិបតី​ថ្មី នឹងត្រូវ​ធ្វើឡើង​នៅ​ខែ​មិនា​ឆ្នាំ​២០១៦​ខាងមុខ​។ បើ​លោក ថេ​ន សេន ពិតជា​ផ្ទេរតំណែង​ទៅ​លោកស្រី​ស៊ូ​ជី ដោយ​សន្តិវិធី​មែន នោះ​លោក ថេ​ន សេន នឹង​ក្លាយជា​និមិត្តរូប​នៃ​ការកែទម្រង់​លទ្ធិប្រជាធិបតេយ្យ​មី​យ៉ាន់​ម៉ា និង​ពិភពលោក​ផងដែរ​៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​