ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២ លីក​កំពូល​វៀតណាម​នៅ​​ចិន​ល្ងាច​នេះ

ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២ លីក​កំពូល​វៀតណាម​នៅ​​ចិន​ល្ងាច​នេះ

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​កំពុង​ត្រៀម​​ស្វែង​រក​ជ័យ​ជម្នះ​ទី៣ របស់​ខ្លួន​នៅ​វេលា​ម៉ោង៣ ល្ងាច​នេះ​ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​មិត្តភាព​ 2015 Yunnan, Asean International Football Open Tournament បន្ទាប់​ពី​យក​ឈ្នះ​ក្រុម​លីក​លំដាប់​ទី៣ របស់​ប្រទេស​ចិន និង​ក្រុម Lao Champa របស់​ប្រទេស​ឡាវ។

 

ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២ លីក​កំពូល​វៀតណាម​នៅ​​ចិន​ល្ងាច​នេះ
ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទទួល​ជ័យ​ជម្នះ ២​ប្រកួត​ហើយ ដោយ​​យក​ឈ្នះ​ក្រុម Baotou Nanjiao FC របស់​ប្រទេស​ចិន ៣-១ កាល​ពី​ថ្ងៃ​ទី២០ និង​បន្ត​លត់​ក្រុម Lao Champa របស់​ប្រទេស​វៀតណាម ២១-០ កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ គិត​មក​ត្រឹម​ពេល​នេះ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង ប្រាក់ មុន្នីឧត្តម រក​បាន ១១​គ្រាប់​ម្នាក់​ឯង។

 

ចំពោះ​គូ​ប្រកួត​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ល្ងាច​នេះ គឺ​ក្រុម​ខ្លាំង Hanio T&T ដែល​ឈរ​លេខ​២ ក្នុង​តារាង​លីក​កំពូល​របស់​ប្រទេស​វៀតណាម​ឆ្នាំ​២០១៥។ ក្រុម Hanio T&T និង​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​សុទ្ធតែ​ប្រកួត​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ដូច​គ្នា មុន​បន្ត​ប្រកួត​នៅ​ថ្ងៃ​នេះ​ទៀត ដោយ​មិន​បាន​សម្រាក​ឡើយ។ ​

 

ជម្រើស​ជាតិ​កម្ពុជា​ប៉ះ​ក្រុម​លេខ​២ លីក​កំពូល​វៀតណាម​នៅ​​ចិន​ល្ងាច​នេះក្រុម Hanio T&T

 

ពាន​រង្វាន់ 2015 Yunnan, Asean International Football Open Tournament មាន​ក្រុម​បាល់​ទាត់​ចំនួន៩ ចូល​រួម។ ប្រទេស​មីយ៉ាន់ម៉ា, បង់ក្លាដេស និង​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​បញ្ជូន​ក្រុម​ជម្រើស​ជាតិ​ទៅ​ចូល​រួម។ ចំណែក​ប្រទេស​ចិន, ឡាវ និង​ប្រទេស​វៀតណាម បញ្ជូន​ក្រុម​​តំណាង​​ទៅ​ចូល​រួម។ ឡាវ​តំណាង​ដោយ​ក្រុម Lao Champa ឯ​វៀតណាម​តំណាង​ដោយ​ក្រុម Hà Nội T&T និង​ប្រទេស​ចិន​មាន ៤​ក្រុម​ចូល​រួម។

 

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ទៅ​ចូល​រួម​កម្មវិធី​នេះ ដោយ​គ្មាន​វត្តមាន​កីឡាករ​មក​ពី​ក្លិប​កំពូល​ទាំង៤ គឺ​បឹងកេត​អង្គរ, ភ្នំពេញ​ក្រោន, ណាហ្គាវើល, និង ខេមបូឌានថាយហ្គឺរ ដោយសារ​ជាប់​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ និង​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ​៣ ​នៅ​លីក​កំពូល​កម្ពុជា។ ​កម្មវិធី​ប្រកួត​នេះ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី២០ និង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី៣០ ខែ​វិច្ឆិកា៕

 

​​អត្ថបទ៖ គង់ វិសាល