កាន់​តែ​កៀក​អុំ​ទូក អំបុក​លក់​ដាច់​​កាន់តែសាហាវ​បាន​រាប់​ពាន់​កំប៉ុង

កាន់​តែ​កៀក​អុំ​ទូក អំបុក​លក់​ដាច់​​កាន់តែសាហាវ​បាន​រាប់​ពាន់​កំប៉ុង

ក្នុង​ឱកាស​បុណ្យ​អុំទូក បណ្ដែត​ប្រទីប អកអំបុក សំពះ​ព្រះ​ខែ ប្រជាជន​ខ្មែរ​តែង​និយម​ទិញ​អំបុក​ដើម្បី​សែន​ព្រេន។ ដូច្នេះ សម្រាប់​ការ​លក់​អំបុក​ឆ្នាំ​នេះ​យ៉ាង​ណា​ដែរ?

 

 

កាន់​តែ​កៀក​អុំ​ទូក អំបុក​លក់​ដាច់​​កាន់តែសាហាវ​បាន​រាប់​ពាន់​កំប៉ុង
ជួប​ជាមួយ​អ្នក​លក់​អំបុក​នៅ​ផ្សារ​ច្បារ​អំពៅ អ្នកស្រី អ៊ាម បាន​ប្រាប់​ថា ការ​លក់​ដូរ​គឺ​ដាច់​ធម្មតា ដែល​ជា​មធ្យម​បាន​ពី១០០-២០០​កំប៉ុង។ អ្នក​លក់​អាយុ​ខ្ទង់​៤០​ប្លាយ​បន្ត​ថា រាល់​ឆ្នាំ​បើ​​ចំ​ថ្ងៃ​អក​អំបុក​តែ​ម្ដង គឺ​លក់​ដាច់​ណាស់ រហូត​ដល់​រាប់​ពាន់​កំប៉ុង ដែល​ជួន​កាល៥០០០កំប៉ុង​ក៏​មាន។ តែ​សម្រាប់​ឆ្នាំ​នេះ អ្នក​ស្រី​ថា មិន​ទាន់​អាច​ប៉ាន់​ស្មាន​បាន​ទេ ព្រោះ​ថ្ងៃ​អុំ​ទូក អក​អំបុក សំពះ​ព្រះ​ខែ​មិន​ទាន់​មក​ដល់។ យ៉ាង​ណា អ្នក​លក់​រូប​នេះ​ជឿ​ថា​អាច​លក់​​​បាន​ដូច​រាល់​ឆ្នាំ បើ​ទោះ​ពិធីអុំទូក​​ត្រូវ​ផ្អាក​​ក៏​ដោយ។
“អុំ​ទូក​អត់​មាន​មែន តែ​ប្រជាជន​ខ្មែរ​នៅ​តែ​ទិញ​យក​ទៅ​សែន​នៅ​ផ្ទះ ព្រោះ​ជា​បុណ្យ​ប្រពៃណី​ខ្មែរ ម្ល៉ោះ​ហើយ​ខ្មែរ​មិន​ចោល​នោះ​ឡើយ”។ អ្នក​លក់​អំបុក​បញ្ជាក់។ ជា​ទូ​ទៅ​អ្នកស្រី​យក​​​អំបុក​មក​លក់​តែ​ពេល​ជិត​រដូវ​អុំ​ទូក​មុន​មួយ​អាទិត្យ​ប៉ុណ្ណោះ ថ្ងៃ​ធម្មតា​គឺ​មិន​យក​មក​លក់​ឡើយ។ ក្នុង​មួយ​កំប៉ុង​លក់​តម្លៃ១៣០០រៀល តែ​ពីរ​កំប៉ុង​តម្លៃ​២៥០០រៀល។

 
ងាក​មក អ្នក​លក់​ម្នាក់​ទៀត​ឈ្មោះ ដា និយាយ​ថា អំបុក​អ្នក​ស្រី​យក​មក​ពី​ខាង​ស្វាយ​រៀង ដោយ​មួយ​កំប៉ុងតម្លៃ ១៥០០រៀល។ អ្នក​លក់​រូប​នេះ បន្ថែម​ថា ៖”កាន់​តែ​កៀក​អុំ​ទូក លក់​កាន់​តែ​ដាច់ ។ ឆ្នាំមុនៗ លក់ដាច់បានដល់ទៅជាង២០០០កំប៉ុង។ ដោយឡែកឆ្នាំនេះ ការ​លក់​អាច​បាន​ប្រហែល​គ្នា ព្រោះមានគេមកទិញច្រើន ខ្មែរ​យើង​នៅ​តែ​ទិញ​សែន គ្រាន់​ខ្លះ​ទិញ​តិច ខ្លះ​ច្រើន ខ្លះ​ទិញ​វាល់​ដាក់​កញ្ជើ​ក៏​មាន​ដែរ។ ម្ល៉ោះ​ហើយ ការលក់ប្រហែលជាមិនសូវខុសគ្នាប៉ុន្មានទេបើធៀបនឹងឆ្នាំមុនៗ”។

 

 

ប្រជាជន​ខ្មែរ តែង​យក​អំបុក​មក​ហូប​ជាមួយ​ចេក ទឹក​ដូង ឬ​ស្ករស​ជា​ដើម ដើម្បី​មាន​រសជាតិ​កាន់​តែ​ឆ្ងាញ់។ ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​១៥​កើត ខែ​កត្តិក ​ថ្ងៃ​ពេញ​បូណ៌មី មាន​ព្រះ​ច័ន្ទ​ពេញ​វង់ គឺ​ជា​ថ្ងៃ​ដែល​ប្រជា​ពល​រដ្ឋ​ខ្មែរ​​ទូទាំង​ប្រទេស​បាន​នាំ​គ្នា​ប្រារព្ធ​​ពិធី​អក​អំបុក និង​សំពះ​ព្រះ​ខែ ស្រប​ជា​មួយ​​នឹង​ការ​ប្រណាំង​ទូក​ដែល​​ប្រារព្ធ​ធ្វើ​​តាម​ប្រពៃណី​ពី​បុរាណ​កាល៕

 

 

សូមអាន   ហេតុ​ផល​ដែល​ទូក​ង​តែង​មាន​ឈ្មោះ​វែង​​​ណែងណង​​ជួន​​​គ្នា

 
អត្ថបទ៖ លឹម សុ​នា