កូន​ទៅ​រៀន​ស្ពាយ​កាបូប​ធ្ងន់ៗ​ពេក​មាន​បញ្ហា​អី​ដែរ​អត់​?

កូន​ទៅ​រៀន​ស្ពាយ​កាបូប​ធ្ងន់ៗ​ពេក​មាន​បញ្ហា​អី​ដែរ​អត់​?

​ក្មេងៗ​នាពេល​បច្ចុប្បន្ន​នេះ​មិន​ត្រឹមតែ​មាន​កិច្ចការ​សាលា​ច្រើន​ទេ តែ​ក៏​ត្រូវ​ស្ពាយ​កាបូប​ដែល​មាន​សម្ភារៈ​សិក្សា​ច្រើនៗ និង​ធ្ងន់ៗ​តាម​ខ្លួន​ទៅ​សាលារៀន​ដែរ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ យើង​មិន​បានដឹងថា ការ​ស្ពាយ​កាបូប​ធ្ងន់ៗ​បែប​នេះ​មាន​ផលប៉ះពាល់​អ្វី​ដល់​សុខភាព​របស់​ពួកគេ​ឡើយ​។
 

​បញ្ហា​ដែល​អាច​កើតមាន​
យោង​ទៅតាម​អ្នកជំនាញ​ខាង​សុខភាព​បានឱ្យដឹងថា សិស្សសាលា​ប្រមាណ​ច្រើនជាង ៦០​ភាគរយ​ដែល​ស្ពាយ​កាបូប​ធ្ងន់ៗ​ទៅ​សាលា​គឺ​មាន​បញ្ហា​ឆ្អឹង​កង​ខ្នង និង​សាច់ដុំ ឈឺ​ក និង​មាន​ជំហរ​រាងកាយ​បែប​ខ្ជិលច្រអូស​។ ដូច្នេះហើយ​ត្រូវតែ​មាន​ការផ្លាស់ប្តូរ ឬ​ដោះស្រាយ​បញ្ហា​នេះ​ភ្លាមៗ​ព្រោះថា ឆ្អឹង​របស់​ក្មេង​នឹង​ទន់​នៅ​ពេល​ពួកគេ​អាយុ ១៨​ឆ្នាំ ហើយ​ឆ្អឹង​កង​ខ្នង​មិន​រឹង​មាំ​ដែរ​ក្នុងការ​ស្ពាយ​របស់​ធ្ងន់ៗ​នៅ​លើ​ស្មា​។

ទម្លាប់​នៃ​ការ​ស្ពាយ​កាបូប​ទៅ​សាលា​នៅលើ​ស្មា​តែ​ម្ខាង​គឺជា​រឿង​មិន​ត្រឹមត្រូវ​ទេ ហើយ​គួរតែ​ចៀសវាង​វា​ផង​ព្រោះ​វា​អាច​ដាក់​សម្ពាធ​លើ​សាច់ដុំ​ស្មា​តែ​ម្ខាង ឆ្អឹង​កង​ខ្នង​អាច​នឹង​វៀច ដាក់​សម្ពាធ​កាន់តែខ្លាំង​នៅ​កណ្តាល​ខ្នង រឹង​សាច់ដុំ និង​ឈឺ​ខ្នង​។ ក្រៅពីនេះ ការ​ស្ពាយ​កាបូប​ធ្ងន់ៗ​គឺ​ដាក់​សម្ពាធ​នៅលើ​សាច់ដុំ​ក ដែល​ជាហេតុ​នាំ​ឱ្យ​ឈឺក្បាល ឈឺ​ស្មា ឈឺ​ចង្កេះ ក និង​ដៃ​ផងដែរ​។

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លីៗ​ដែល​អាច​ការពារ​កូន​អ្នក​ពី​ផលវិបាក​នៃ​ការ​ស្ពាយ​កាបូប​ធ្ងន់ៗ​បាន​៖

  • ​ឪពុក​ម្តាយ​គ្រប់រូប​គួរតែ​លើកទឹកចិត្ត​ឱ្យ​កូន​របស់​ខ្លួន​ស្ពាយ​កាបូប​លើ​ស្មា​ទាំងសងខាង​
  • ​ចំពោះ​របប​អាហារ​របស់​ក្មេង​គួរតែ​សម្បូរ​ទៅ​ដោយ​ជាតិ​ប្រូតេអ៊ីន វីតាមីន D និង​កាលស្យូម​។ ពួកគេ​ក៏​គួរតែ​ចូលរួម​លេង​ល្បែក​នៅ​សាលា​ឱ្យបាន​ច្រើន​ដើម្បី​អាច​ពង្រឹង​ភាពរឹងមាំ​របស់​សាច់ដុំ និង​ថាមពល​ផង​។
  • ​ក្មេងៗ​គួរតែ​ចៀសវាង​ការ​ស្ពាយ​កាបូប​ទាប​ត្រឹម​សន្លាក់​ត្រគៀក ព្រោះ​វា​នឹងដាក់​សម្ពាធ​កាន់តែខ្លាំង​លើ​ចង្កេះ​ពួកគេ​។ ចំពោះ​កាបូប​ដែល​ត្រូវ​ស្ពាយ​នោះ​គួរតែ​ស្រាល​ដែល​អាច​ផ្លាស់ប្តូរ​កន្លែង​ដាក់​សម្ពាធ​លើ​ស្មា​បាន​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី23  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។