លោក Van Gaal ប្រកាសពីការចាប់អាម្មណ៍ក្នុងការនាំយក Ronaldo ត្រឡប់មកវិញ

លោក Louis van Gaal អ្នក​ចាត់​ការ​ទូទៅ​របស់​ក្លិប Manchester United បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា លោក​​ចាប់​អារម្មណ៍​ក្នុង​ការ​នាំ​យក​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo វិល​ទៅ​កាន់​កីឡ​ដ្ឋាន Old Trafford វិញ ពោល​គឺ​រយៈ​ពេល​៦​ឆ្នាំ ក្រោយ​ពី​​​តា​រា​ឆ្នើម​រូប​នេះ​បាន​​ចាក​ចេញ​ទៅ​ចូល​រួម​ជា​មួយ​នឹង​ក្លិប Real Madrid​។ លោក Van Gaal ដែល​ត្រូវ​បាន​ដក​ស្រង់​សម្តី​​ដោយ​​កា​សែត​ជា​ច្រើន​​​របស់​ចក្រ​ភព​អង់​គ្លេស​​កាល​ពី​ថ្ងៃ​អាទិត្យ​​នោះ បាន​ឲ្យ​ដឹង​ថា៖ «យើង​​​កំពុង​តែ​សម្លឹង​​មើល​រាល់​កីឡាករ​ទាំ​ងអស់ មិន​មែន​ត្រឹម​តែ​ Ronaldo ឡើយ​។ ប៉ុន្តែ កីឡាករ​ទាំង​នេះ​ពិត​ជា​មិន​អាច​​ទិញ​បាន​ឡើយ​​»​។ គ្រូ​បង្វឹក​រូប​នេះ​បាន​ប្រាប់​បន្ត​ថា៖ «ជា​មួយ​នឹង​​ការ​នាំ​យក Ronaldo យើង​ត្រូវ​​រង់​ចាំ​​មើល​សិន និង​សង្ឃឹម​​ថា អាច​ទិញ​បាន​។ មិន​មាន​គ្រូ​បង្វឹក​ណា​ក្នុង​ពិភព​លោក​ដែល​មិន​ចូល​ចិត្ត​​រូប​​គេ​ឡើយ​។
1
រូប​​គេ​លេង​នៅ​​តំបន់​ស្លាប ហើយ​រូប​គេ​មាន​​ល្បឿន​លឿន និង​ស៊ុត​បាល់​បញ្ចូល​ទី​បាន​ច្រើន​គ្រាប់​»​។ Ronaldo បាន​ធ្វើ​ឲ្យ Real Madrid ចំណាយ​ប្រាក់​កាល​នោះ​ចំនួន​៨០​លាន​ផោន (ស្មើ​នឹង​១២១,៥៣​លាន​ដុល្លារ​អាមេ​រិក) នៅ​ពេល​ដែល​រូប​គេ​បាន​ចាក​ចេញ​ពី​អង់​គ្លេស​កាល​ពី​ឆ្នាំ​២០០៩ ប៉ុន្តែ រូប​គេ​​នឹង​ឈាន​ចូល​វ័យ​៣១​ឆ្នាំ​នៅ​ខែ​កុម្ភៈ និង​​មិន​បាន​បង្ហាញ​ពី​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​ឡើយ​ក្នុង​ពេល​ក្រុម​ខ្លួន​រង​​បរា​ជ័យ ៤-០ កាល​ពី​ថ្ងៃ​សៅរ៍​ក្រោម​ស្នា​ដៃ​ក្រុម Barcelona​។ ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​ព័រ​​ទុយ​ហ្គាល់​រូប​នេះ ​គឺ​ជា​ម្ចាស់​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ​របស់​ពិភព​លោក​៣​សម័យ​កាល និង​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​របស់ Real Madrid គ្រប់​ពេល​ទាំង​អស់​។ នៅ​ក្នុង​ប្រទេស​អេ​ស្ប៉ាញ រូប​គេ​​បាន​ឈ្នះ​ពាន​​លីក​មួយ​លើក​ ក៏​ដូច​ជា​ពាន Champions League ១​លើក​កាល​ពី​ឆ្នាំ​២០១៤​។ អំឡុង​ពេល​រូប​គេ​ស្ថិត​​ក្រោម​ការ​ដឹក​នាំ​របស់​លោក Alex Ferguson នៅ​កីឡ​ដ្ឋាន Old Trafford រូប​គេ​បាន​ជួយ​ឲ្យ Man United ឈ្នះ​ពាន Premier League ៣​លើក ក៏​ដូច​ជា​​ពាន​​ក្រ​ខ័ណ្ឌ Champions League កាល​ពី​ឆ្នាំ​២០០៨​៕

ប្រភព​ព័ត៌​មាន៖ Channel News Asia