ជំហរ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​អហិង្សា ភាពថ្លៃថ្នូរ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ភាពរុងរឿង​

កាលពី​ថ្ងៃ​សៅរ៍​ចុង​សប្តាហ៍​កន្លងទៅនេះ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ថ្លែង​ពី​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន តាមរយៈ​វីដេអូ​ឃ្លី​ប​រយៈពេល​ប្រមាណ​៤​នាទី​ថា ទោះ​ជាមាន​ព្រឹត្តិការណ៍​ថ្មីៗ​មួយចំនួន និង​ស្ថានការណ៍​នយោបាយ​មានការ​ប្រែប្រួល​យ៉ាងណាក៏ដោយ គឺ​ជំហរ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ​ចង់​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដដែល ហើយ​ការផ្លាស់ប្តូរ​គឺធ្វើឡើង​តាមរយៈ​ការបោះឆ្នោត​ដោយ​សន្តិវិធី​។ លោក​ប្រធាន សម រង្ស៊ី មានប្រសាសន៍ថា​«​ជំហរ​របស់​យើង​គឺ​អហិង្សា ភាពថ្លៃថ្នូរ ដើម្បី​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ភាបរុងរឿង​។ គណបក្ស​សង្គ្រោះ​ជាតិ​មាន​អនុប្រធាន គឺ​លោក កឹម សុខា ខ្ញុំ​សម រង្ស៊ី និង​សហការី​កំពុងតែ​ជួបជុំគ្នា​នៅ​ប្រទេស​ហ្វីលីពីន ដើម្បី​កំណត់​យុទ្ធសាស្ត្រ​របស់​គ​ណ​បក្ស​ឲ្យ​ស្របទៅនឹង​ស្ថានការណ៍​នយោបាយ​»​។​

​លោក សម រង្ស៊ី បាន​អំពាវនាវ​ដល់​ជនរួមជាតិ ប្រជារាស្ត្រ​ខ្មែរ​ដែល​ស្រឡាញ់​យុត្តិធម៌​ឲ្យ​រួបរួមគ្នា និង​ធ្វើដំណើរ​ជាមួយគ្នា​ក្នុងការ​បំពេញបេសកកម្ម​ដើម្បី​សង្គ្រោះ​ជាតិ​នៅពេល​ខាងមុខ​។ សេចក្តីអំពាវនាវ​រប​ស់លោក សម រង្ស៊ី បានធ្វើ​ឡើងខណៈ​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា​កំពុង​កើន​កម្តៅ បន្ទាប់ពី​តុលាការ​ចេញ​ដីកា​ឲ្យ​តាម​ចាប់ខ្លួន​លោក សម រង្ស៊ី និង​ដីកា​បង្គាប់​ឲ្យ​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​។ ក្រុម​អ្នកសង្កេតការណ៍​ជាតិ​និង​អន្តរជាតិ​វាយតម្លៃថា ដីកាចាប់ខ្លួន​និង​ដីកា​បង្គាប់​ឲ្យ​លោក សម រង្ស៊ី ចូលខ្លួន​បំភ្លឺ គឺជា​ការគំរាមកំហែង​ផ្នែក​នយោបាយ​ទៅលើ​គណបក្សជំទាស់​យ៉ាងច្បាស់​ក្រឡែត​។

កាលពី​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០១៥ លោក សម រង្ស៊ី បាន​សរសេរ​នៅលើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​អំពី​មូលហេតុ​ដែល​លោក​ពន្យារពេល​ក្នុង​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា ៣​ចំណុច​សំខាន់ៗ​។ ចំណុច​ទី​១-​គឺ​នៅ​រសៀល​ថ្ងៃទី​១៦ ខែវិច្ឆិកា ដែលជា​ថ្ងៃ​លោក​ត្រូវ​វិលត្រឡប់​មកពី​ប្រទេស​កូរ៉េខាងត្បូង​នោះ ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា ក្នុងនោះ​មាន​តំណាងរាស្ត្រ​និង​សមាជិក​ព្រឹទ្ធសភា​ផង បាន​ជួបជុំគ្នា​ហើយ​សម្រេច​ជា​ឯកច្ឆន្ទ​ស្នើ​ឲ្យ​លោក​លើក​ពេល​វិល​ត្រឡប់មក​កម្ពុ​ជាមួយ​រយៈ​សិន ដោយសារតែ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​អំពើហិង្សា​ដែល​អាច​កើតឡើង​ពេល​លោក​មកដល់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​…​។

ចំណុច​ទី​២-​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដដែល​មាន​តំណាង​ជាន់ខ្ពស់​នៃ​ប្រទេស​ធំៗ​ពីរ​ជា​មិត្ត​បានស្នើ​ឲ្យ​លោក​ពន្យារពេល​ការវិលត្រឡប់​មួយរយៈ​សិន​ដែរ ពីព្រោះ​គេ​កំពុងតែ​ខិតខំ​ជួយ​រក​ដំណោះស្រាយ​ចំពោះ​វិបត្តិ​នយោបាយ​នៅ​ប្រទេស​កម្ពុជា​ដែលមាន​សភាព​កាន់តែ​តានតឹង ហើយ​បើ​លោក​វិលត្រឡប់​នៅ​យប់​ថ្ងៃទី​១៦ ខែវិច្ឆិកា នោះ​សភាពការណ៍​កាន់តែ​ស្មុគស្មាញ​ថែមទៀត​។ ទី​៣-​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​ដែលមាន​តែ​សមាជិក​មកពី​គណបក្ស​ប្រជាជន​កម្ពុជា​ចូលរួមបាន​សម្រេច​បណ្តេញ​រូបលោក​ចេញពី​រដ្ឋសភា នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ដដែល​នោះ ដែលជា​ហេតុ​ធ្វើ​ឲ្យ​លោក​បាត់បង់​នូវ​អភ័យឯកសិទ្ធិសភា​។ លោក​ប្រធាន សម រង្ស៊ី មានប្រសាសន៍ថា ហេតុការណ៍​ចុងក្រោយ​នេះ​នាំមក​នូវ​អតុល្យភាព​កាន់តែខ្លាំង​ក្នុងការ​តទល់​គ្នា​រវាង​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ ហើយ​ជា​អំពើ​អយុត្តិធម៌​មួយទៀត​ចំពោះ​លោក ដែល​ធ្ចើ​ឲ្យ​លោក​បាត់បង់​ទាំងស្រុង​នូវ​លទ្ធភាព​ការពារ​ខ្លួន​តាមច្បាប់​។ មូលហេតុ​ទាំងនេះហើយ​ដែល​រូបលោក​សម្រេច​ពន្យារពេល​ក្នុង​ការវិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​៕

Pic15