ប្រចណ្ឌ​ស្រី​ស្នេហ៍​ចាក់សោ​បង្ខាំង​នាង​ក្នុង​បន្ទប់

ប្រចណ្ឌ​ស្រី​ស្នេហ៍​ចាក់សោ​បង្ខាំង​នាង​ក្នុង​បន្ទប់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍​ម្នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌឫស្សីកែវ និង​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ថ្ងៃ​ទី​២១ វិច្ឆិកា ពី​បទ​ប្រើ​ហិង្សា​បង្ក​របួស​ស្នាមទៅ​លើ​ស្រី​ស្នេហ៍ និង​ចាក់សោ​បង្ខាំង​នាង​នៅ​ក្នុង​បន្ទប់​ជួល មួយ​កន្លែង ព្រោះតែ​ស្រឡាញ់​ពេក ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​ឈ្មោះ ហ៊​ន សុ​គុណ អាយុ​២៨​ឆ្នាំ ជា​បុគ្គលិក​ក្រុមហ៊ុន​ទេសចរណ៍ DL ស្នាក់​នៅផ្ទះ​ជួល​នៅ​កន្លែង​កើតហេតុ​ផ្ទះ​លេខ​៣៧៨ ផ្លូវ K៥  ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ។ ចំណែក​ស្ត្រី​ដែល​រង​ការ​ធ្វើបាប និង​ចាក់សោ​បង្ខាំង​ក្នុង​បន្ទប់ ឈ្មោះ ជឹ​ម ល​ក្ខិ​ណា  អាយុ​២១​ឆ្នាំ ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៣ បាន​រង​របួស​ស្នាម ហើម​និង​ជាំមុខ ។

តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​ទួល​សង្កែ បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​បុរស​រូប​នេះ​ប្រើ​ហិង្សា និង​ចាក់សោ​បង្ខាំង​សង្សារ គឺ​ដោយសារ​តែ​ការ​ប្រចណ្ឌ​យ៉ាង​ងប់ងុល ។

តាម​ព័ត៌មាន​ឱ្យ​ដឹង​ថា ជនសង្ស័យ និង​ស្ត្រី​រូប​នោះ បាន​ស្រឡាញ់​គ្នា រយៈពេល​ប្រមាណ​ជាង​១​ឆ្នាំ​មក​ហើយ និង​បាន​នាំ​គ្នា​ទៅ​ជួល​បន្ទប់​លេខ​១២ ផ្ទះ​លេខ​៣៧៨ ផ្លូវ K៥ ក្រុម​ទី​៨ ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ស្នាក់​នៅ ។ នៅ​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២១ វិច្ឆិកា ដោយសារ​តែ​ប្រចណ្ឌ ចោទ​ថាស​ង្សា​របស់​ខ្លួន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ប្រុស​ថ្មី ទើប​បង្ក​ជា​ទំនាស់​ឈាន​ដល់​ការ​ប្រើ​ហិង្សា បង្ក​របួស​ស្នាម​និង​ចាក់សោ​បង្ខាំង​ទុក​ទៅ​ក្នុងផ្ទះ រួច​គេចខ្លួន​បាត់ ។

នៅ​ព្រឹក​នោះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​បាន​ចុះ​ទៅ​បើក​សោ រំដោះ​ស្ត្រី​ជា​សង្សារ​មក​សាកសួរ ។ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​៤​និង​៥០​នាទី​ល្ងាច បុរស​ជា​សង្សារ​ត្រឡប់​មក​ដល់​បន្ទប់​ជួល​វិញ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។ ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌឫស្សីកែវ​ដើម្បី​ចាត់ការ​តាម​ច្បាប់​៕