សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីជួបប្រជុំដាច់ ដោយឡែកជាមួយ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពេលប្រជុំ កំពូលអាស៊ានលើកទី២៧

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទីចន្ទ ទី ២៣ ខែ វិច្ឆិកា នេះបាន សរសេរ នៅក្នុងបណ្ដាញ សង្គមហ្វេសប៊ុករបស់សម្ដេចថា ក្នុងអំឡុងពេល ដែលសម្ដេចអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ នៅប្រទេស ម៉ាឡេស៊ី សម្ដេចបានប្រជុំពិសេស ដាច់ដោយ ឡែកជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន Shinzō Abe ដើម្បីពង្រឹងមិត្តភាព សហប្រតិបត្តិការទ្វេភាគី និងពិភាក្សាផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកផងដែរ។

សម្ដេចបានបន្ថែមថា “នៅក្នុងកំឡុងពេលដែល សម្តេចតេជោ ហ៊ុន សែន អញ្ជើញ ចូលរួមប្រជុំកំពូល អាស៊ានលើកទី ២៧ នៅប្រទេសម៉ាលេស៊ី ពីកាលពីថ្ងៃទី ២១ វិច្ឆិកា ២០១៥ កន្លងទៅនេះ សម្តេច តេជោ បានជួបប្រជុំពិសេសដាច់ដោយ ឡែកជាមួយលោកនាយករដ្ឋមន្រ្តីជប៉ុន ស៊ិនហួរ អាបេ ដើម្បីពង្រឹងមិត្តភាព សហប្រតិបត្តិការទ្វេភាគី និងពិភាក្សាផ្លាស់ ប្តូរយោបល់គ្នាទៅវិញ ទៅមកដើម្បី ពង្រឹងការងារសន្តិភាព ពាណិជ្ជកម្មនៅក្នុងប្រទេសក្នុងតំបន់ទាំងអស់”។

 ប្រភពដដែលបន្តថា ជំនួបពិសេសរវាងប្រមុខដឹកនាំ នៃប្រទេសទាំងពីរ គឺបាននាំមកនូវមិត្តភាព និងទំនាក់ទំនងកាន់តែ ល្អប្រសើរឡើងរវាងប្រទេសនិងប្រជាជាតិទាំងពីរ។

 គួរបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន បានដឹកនាំ គណៈប្រតិភូជាន់ខ្ពស់កម្ពុជា បានវិលត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយ សុវត្ថិភាពនៅយប់ថ្ងៃទីអាទិត្យ ទី ២២ វិច្ឆិកាបន្ទាប់ពីបានទៅចូលរួមប្រជុំកំពូលអាស៊ានលើកទី ២៧ នៅប្រទេសម៉ាលេស៊ីពីកាលពីថ្ងៃទី ២០-២២ វិច្ឆិកា ២០១៥៕

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ពីជួបប្រជុំដាច់ ដោយឡែកជាមួយ នាយករដ្ឋមន្រ្តីជប៉ុន ក្នុងពេលប្រជុំ កំពូលអាស៊ានលើកទី២៧