កីឡាករ-កីឡាការិនីពិការកម្ពុជា ចេញ ដំណើរទៅសិង្ហបុរី ចុងខែវិច្ឆិកានេះ

ភ្នំពេញ៖ កីឡាករ-កីឡាការិនីពិការកម្ពុជា ទាំង៣០រូប រួមជាមួយគ្រូបង្វឹក និងក្រុមការងារនឹងចេញដំណើរទៅ កាន់ប្រទេសសិង្ហបុរី ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ SEA Para Games លើកទី៨ នាថ្ងៃទី៣០ ខែវិច្ឆិកា ខាងមុខនេះ ដោយដឹកនាំកីឡាករ-កីឡាការិនីជន ពិការពីដោយលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ។

ថ្លែងក្នុងសន្និសីទសារព័ត៌មានលោក យី វាសនា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីពិការ របស់លោកបានបង្កើតនូវពាក្យស្លោក៣ សម្រាប់ក្រុមរបស់ខ្លួនគឺ “ជយោ ព្រះរាជាណាចក្រកម្ពុជា” “ជយោ សម្ដេចតេជោ” និងទី៣ “ជយោ ឈ្នះ ឈ្នះ” លោកបានកំណត់យកចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ជាថ្ងៃបើសម្ភោធន៍ពាក្យស្លោកនេះតែម្ដង ។

លោកបានបន្តថា ការចេញទៅប្រកួតលើកនេះ សម្ដេចតេជោ ជាអ្នកជួយឧបត្ថម្ភគ្រប់បែបយ៉ាង ក្នុងឋានៈលោកជាប្រធាន គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានោះ ។ SEA Para Games លើកទី៨នេះ កម្ពុជាបញ្ជូនចំនួន៤ប្រភេទកីឡាទៅ ចូលរួមប្រកួតដែលរួមមាន ប្រភេទកីឡាអត្តពលកម្មមាន រត់ប្រណាំង ចោលដុំដែក និងប្រណាំងរទេះ មានចំនួន១៩នាក់ ។

ប្រភេទហែលទឹកចំនួន៩នាក់ ដែលលេងជាច្រើនវិញ្ញាសា ។ ប្រភេទកីឡាប៊ូលលីង ចំនួន ១នាក់ និងប្រភេទកីឡាបាញ់ កាំភ្លើងមានចំនួន ១នាក់ដែរ ។

គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា បង្កើតឡើងផងដែរនៅថ្ងៃទី២៤ ខែតុលាឆ្នាំ១៩៩៧ ហើយភ្លាមៗនោះបានការ ទទួលស្គាល់ពីសហព័ន្ធអន្តរជាតិ ។ គិតតាំងពីពេលបង្កើតមកទល់ពេលនេះ កីឡាជនពិការរកបានមេដាយពីការ ប្រកួតជាលក្ខណៈអន្តរជាតិចំនួន១២០គ្រឿង ដែលក្នុងនោះមានមេដាយមាស២០គ្រឿងទៅហើយ ៕